ចោទិយកថា
ជំពូក 1
នេះជាសេចក្ដីទាំងប៉ុន្មាន ដែលម៉ូសេបានពោលដល់ពួកអ៊ីស្រាអែលទាំងអស់ ត្រង់កន្លែងឆ្លងទន្លេយ័រដាន់ ក្នុងទីរហោស្ថាន នាស្រុកវាល ទល់មុខនឹងស៊ូភ នៅជាកណ្តាលប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត និងឌីសាហាប់
2 រីឯពីភ្នំហោរែប តាមផ្លូវភ្នំសៀរ ទៅដល់កាដេស-បារនា នោះទាំងអស់មានចំនួនដើរផ្លូវអស់១១ថ្ងៃ
3 ហើយនៅថ្ងៃទី១ ក្នុងខែមាឃ ឆ្នាំទី៤០ នោះម៉ូសេរំឭកដល់ពួកកូនចៅអ៊ីស្រាអែល តាមគ្រប់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានបង្គាប់មកគេ ដោយសារលោក
4 គឺពេលក្រោយដែលបានវាយស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសានដែលនៅក្នុងអាសថារ៉ូត ត្រង់ទីក្រុងអេទ្រី
5 ត្រើយខាងកើតទន្លេយ័រដាន់ ក្នុងស្រុកម៉ូអាប់ហើយ នោះម៉ូសេចាប់តាំងសម្ដែងពន្យល់ ពីបណ្តាក្រឹត្យវិន័យនេះ ដោយពាក្យថា
6 ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់មានព្រះបន្ទូលមកយើង នៅត្រង់ភ្នំហោរែបថា ឯងរាល់គ្នាបាននៅភ្នំនេះល្មមប៉ុណ្ណេះហើយ
7 ដូច្នេះ ចូរនាំគ្នាចេញទៅចុះ ហើយធ្វើដំណើរទៅឯស្រុកភ្នំរបស់សាសន៍អាម៉ូរី និងអស់ទាំងកន្លែងជិតខាងស្រុកនោះទៅ គឺជាស្រុកវាល ស្រុកភ្នំ ស្រុកទំនាប ស្រុកត្បូង ស្រុកក្បែរសមុទ្រ និងស្រុករបស់សាសន៍កាណាន ហើយនៅភ្នំល្បាណូន រហូតទៅដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត
8 មើល អញបានប្រគល់ស្រុកនោះឲ្យឯងរាល់គ្នាហើយ ដូច្នេះ ឲ្យចូលទៅ ទទួលយកស្រុកដែលព្រះយេហូវ៉ាបានស្បថថា នឹងឲ្យដល់ពួកអយ្យកោឯងរាល់គ្នាចុះ គឺថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ហើយនិងពូជតំណលោកតទៅ។
9 នៅវេលានោះ អញបាននិយាយនឹងឯងរាល់គ្នាថា អញពុំអាចនឹងបីទ្រឯងរាល់គ្នាតែម្នាក់ឯងបានទេ
10 ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានចម្រើនឯងជាច្រើនឡើង ហើយមើល សព្វថ្ងៃនេះ ឯងមានគ្នាយ៉ាងសន្ធឹកដូចជាផ្កាយនៅលើមេឃ
11 សូមឲ្យព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោឯង ចម្រើនឲ្យបានគ្នាជាច្រើនលើសជាងឥឡូវនេះ ជា១ពាន់ដងទៅទៀតចុះ ហើយប្រទានពរ ដូចជាទ្រង់បានមានព្រះបន្ទូលនឹងឯងរាល់គ្នាដែរ
12 តែធ្វើដូចម្តេចឲ្យអញតែម្នាក់ឯងទ្រាំទ្រនឹងឯងរាល់គ្នា ដែលជាបន្ទុក ហើយជាសេចក្ដីលំបាកដល់អញដូច្នេះ និងសេចក្ដីឈ្លោះប្រកែករបស់ឯងរាល់គ្នាទៅបាន
13 ចូរឲ្យឯងរាល់គ្នារើសយកមនុស្សដែលមានប្រាជ្ញា មានយោបល់ ហើយមានឈ្មោះក្នុងពូជអំបូរឯងរាល់គ្នាមក នោះអញនឹងតាំងគេឲ្យធ្វើជាមេលើឯងរាល់គ្នា
14 រួចឯងរាល់គ្នាបានឆ្លើយមកអញថា សេចក្ដីដែលលោកមានប្រសាសន៍មក នោះស្រួលហើយ
15 ដូច្នេះ អញក៏បានយកពួកមេលើពូជអំបូរឯងរាល់គ្នាទាំងប៉ុន្មាន ដែលជាមនុស្សមានប្រាជ្ញា ហើយមានឈ្មោះតាំងគេឡើងលើឯងរាល់គ្នា គឺជាមេលើ១ពាន់នាក់ ជាមេលើ១រយនាក់ ជាមេលើ៥០នាក់ ហើយជាមេលើ១០នាក់ ព្រមទាំងនាយកផង តាមពូជអំបូររបស់ឯងរាល់គ្នា
16 នៅវេលានោះ អញក៏បានផ្តាំនឹងពួកកូនចៅក្រមនៃឯងរាល់គ្នាថា ចូរប្រុងស្តាប់រឿងក្តីរបស់ពួកបងប្អូនអ្នករាល់គ្នាចុះ ហើយជំនុំជម្រះដល់បង និងប្អូន និងអ្នកដែលស្នាក់នៅជាមួយនឹងគេដោយយុត្តិធម៌
17 មិនត្រូវឲ្យអ្នករាល់គ្នាល្អៀងទៅខាងណាក្នុងការកាត់ក្តីឡើយ ត្រូវស្តាប់អ្នកតូចដូចជាអ្នកធំដែរ មិនត្រូវខ្លាចមុខមនុស្សណាឲ្យសោះ ដ្បិតការវិនិច្ឆ័យនោះស្រេចនៅព្រះវិញ ឯរឿងណាដែលពិបាកពេកដល់អ្នករាល់គ្នា នោះត្រូវនាំមកឯខ្ញុំវិញ ខ្ញុំនឹងជំនុំជម្រះឲ្យ
18 នៅវេលានោះ អញក៏បានបង្គាប់ពីគ្រប់ទាំងសេចក្ដីដែលឯងរាល់គ្នាត្រូវប្រព្រឹត្តតាមដែរ។
19 រួចយើងរាល់គ្នាក៏ធ្វើដំណើរចេញពីភ្នំហោរែប ដើរកាត់អស់ទាំងទីរហោស្ថានសម្បើម គួរស្ញែងខ្លាចនោះដែលឯងរាល់គ្នាបានឃើញ តាមផ្លូវទៅឯស្រុកភ្នំរបស់សាសន៍អាម៉ូរី តាមដែលព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាបានបង្គាប់មក រហូតទៅដល់កាដេស-បារនា
20 នោះអញបានប្រាប់ថា ឯងរាល់គ្នាបានមកដល់ស្រុកភ្នំរបស់សាសន៍អាម៉ូរី ដែលព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានប្រទានមកយើងហើយ
21 មើល ព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានប្រគល់ស្រុកនោះដល់ឯង ដូច្នេះ ចូរឡើងទៅទទួលយកចុះ ដូចជាព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោឯងបានមានព្រះបន្ទូលប្រាប់មក កុំឲ្យខ្លាចឡើយ ក៏កុំឲ្យរសាយចិត្តឲ្យសោះ។
22 នោះឯងគ្រប់គ្នាបានចូលមកឯអញ និយាយថា សូមឲ្យយើងរាល់គ្នាចាត់មនុស្សឲ្យទៅមុន ដើម្បីនឹងដើរសង្កេតមើលស្រុកនោះឲ្យយើង ហើយត្រឡប់មកប្រាប់ពីផ្លូវដែលយើងត្រូវឡើងទៅ ហើយពីអស់ទាំងទីក្រុងដែលយើងត្រូវមកដល់
23 សេចក្ដីនោះក៏បានគាប់ចិត្តអញណាស់ដែរ ដូច្នេះ អញបានរើសយកមនុស្ស១២នាក់ក្នុងពួកឯងរាល់គ្នា គឺម្នាក់ៗពីពូជអំបូរមួយៗ
24 អ្នកទាំងនោះក៏ចេញទៅ ហើយគេឡើងទៅក្នុងស្រុកភ្នំ រហូតដល់ជ្រោះអែសកុល ទាំងសង្កេតមើល
25 គេក៏នាំយកផលផ្លែពីស្រុកនោះ កាន់នៅដៃត្រឡប់មកវិញ ព្រមទាំងប្រាប់ដំណឹងដល់យើងថា ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់ប្រទានមកយើង នោះជាស្រុកល្អណាស់
26 ប៉ុន្តែ ឯងរាល់គ្នាមិនព្រមឡើងទៅទេ គឺបានទាស់ទទឹងនឹងបង្គាប់របស់ព្រះយេហូវ៉ាជាព្រះនៃឯងវិញ
27 ហើយបានរទូរទាំ នៅក្នុងត្រសាលឯងរាល់គ្នាថា ព្រះយេហូវ៉ាទ្រង់ស្អប់យើងរាល់គ្នាហើយ បានជាទ្រង់នាំយើងចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍អាម៉ូរី ឲ្យបំផ្លាញយើងទៅ
28 តើយើងនឹងឡើងទៅឯណា ដ្បិតបងប្អូនយើងទាំងនេះបានរំលាយចិត្តយើង ដោយពាក្យថា សាសន៍នោះគេមានមាឌធំខ្ពស់ជាងយើងរាល់គ្នាណាស់ ឯទីក្រុងរបស់គេក៏ធំណាស់ ហើយមានកំផែងខ្ពស់ដល់មេឃផង ១ទៀត យើងបានឃើញពួកកូនចៅអ័ណាក់នៅស្រុកនោះដែរ
29 នោះអញបានប្រាប់ដល់ឯងរាល់គ្នាថា កុំឲ្យភ័យស្លុត ឬខ្លាចគេឡើយ
30 ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ដែលទ្រង់យាងនាំមុខឯង ទ្រង់នឹងច្បាំងជំនួសឯង តាមគ្រប់ទាំងការដែលទ្រង់បានប្រោសដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងបានឃើញជាក់
31 ហើយនៅក្នុងទីរហោស្ថានផង នោះឯងរាល់គ្នាក៏បានឃើញថា ព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានបីទ្រឯង តាមផ្លូវដែលឯងបានដើររហូតមកដល់ទីនេះ ដូចជាមនុស្សបីកូនរបស់ខ្លួន
32 តែទោះបើយ៉ាងនោះក៏ដោយ គង់តែឯងនៅតែមិនទុកចិត្តនឹងព្រះយេហូវ៉ាជាព្រះនៃឯងទៀត
33 ដែលទ្រង់បាននាំមុខឯងតាមផ្លូវដើម្បីនឹងរកទីកន្លែងឲ្យឯងដំឡើងត្រសាល គឺដោយភ្លើងនៅពេលយប់ សម្រាប់បង្ហាញផ្លូវដែលឯងត្រូវដើរ ហើយដោយពពកនៅពេលថ្ងៃដែរ។
34 ព្រះយេហូវ៉ាទ្រង់ឮសូរសំឡេងនៃសេចក្ដីដែលឯងរាល់គ្នាថានោះ រួចទ្រង់ក៏មានសេចក្ដីក្រោធ ហើយស្បថថា
35 ក្នុងពួកមនុស្សតំណអាក្រក់នេះនឹងគ្មានអ្នកណាមួយឃើញស្រុកល្អ ដែលអញបានស្បថនឹងឲ្យដល់ពួកអយ្យកោឯងឡើយ
36 ឃើញបានតែកាលែប ជាកូនយេភូនេប៉ុណ្ណោះ ហើយអញនឹងឲ្យស្រុកដែលគាត់បានដើរជាន់នោះ ដល់គាត់ និងពួកកូនចៅគាត់ ដ្បិតគាត់បានប្រព្រឹត្តតាមព្រះយេហូវ៉ាគ្រប់Chapter
37 ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់នឹងអញដែរ ដោយព្រោះឯងរាល់គ្នា ទ្រង់មានព្រះបន្ទូលថា ក៏មិនត្រូវឲ្យឯងចូលទៅក្នុងស្រុកនោះដែរ
38 ឯយ៉ូស្វេជាកូននុន ដែលឈរនៅមុខឯង នោះនឹងចូលទៅវិញដូច្នេះ ចូរកំឡាចិត្តគាត់ឡើង ដ្បិតគាត់នឹងធ្វើឲ្យសាសន៍អ៊ីស្រាអែលបានស្រុកនោះជាមរដក
39 ហើយកូនតូចៗរបស់ឯងរាល់គ្នា ដែលឯងបានថា នឹងទៅជារំពាគេ ព្រមទាំងកូនចៅឯងរាល់គ្នា ដែលសព្វថ្ងៃនេះមិនទាន់ដឹងខុសត្រូវនៅឡើយ នោះនឹងបានចូលទៅវិញ អញនឹងឲ្យស្រុកនោះដល់គេ ហើយគេនឹងបានស្រុកនោះជាកេរអាករ
40 តែឥឡូវនេះ ចូរឲ្យឯងរាល់គ្នាធ្វើដំណើរត្រឡប់ទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហមវិញទៅ។
41 នោះឯងរាល់គ្នាបានឆ្លើយមកអញថា យើងខ្ញុំបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ ដូច្នេះ យើងនឹងឡើងទៅច្បាំង តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់មក រួចឯងរាល់គ្នាបានក្រវាត់គ្រឿងសស្ត្រាវុធគ្រប់ៗគ្នា រៀបចំនឹងឡើងទៅឯស្រុកភ្នំនោះដោយក្លៀវក្លា
42 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញថា ចូរហាមកុំឲ្យគេឡើងទៅច្បាំងឡើយ ដ្បិតអញមិននៅជាមួយនឹងឯងរាល់គ្នាទេ ក្រែងឯងត្រូវពួកខ្មាំងសត្រូវវាយឈ្នះ
43 ដូច្នេះ អញក៏ប្រាប់ដល់ឯងរាល់គ្នា តែឯងមិនបានស្តាប់តាមសោះ គឺបានទាស់ទទឹងនឹងបង្គាប់នៃព្រះយេហូវ៉ាវិញ ក៏ឡើងទៅក្នុងស្រុកភ្នំនោះ ដោយមានចិត្តអួតអាង
44 រួចសាសន៍អាម៉ូរីដែលនៅភ្នំនោះ ក៏ចេញមកទាស់នឹងឯង ដេញតាមឯងដូចជាឃ្មុំ ព្រមទាំងវាយផ្តួលនៅត្រង់ស្រុកសៀរ រហូតទៅដល់ភ្នំហោម៉ា
45 នោះឯងរាល់គ្នាបានត្រឡប់មកយំ នៅចំពោះព្រះយេហូវ៉ាវិញ តែព្រះយេហូវ៉ាទ្រង់មិនបានស្តាប់សំឡេងឯងទេ ក៏មិនបានផ្ទៀងព្រះកាណ៌ទ្រង់មកផង
46 ដូច្នេះ ឯងរាល់គ្នាបានអាស្រ័យនៅត្រង់កាដេសជាយូរថ្ងៃ តាមចំនួនថ្ងៃដែលត្រូវនៅទីនោះ។