ចោទិយកថា
ជំពូក 14
ឯងរាល់គ្នាជាកូនផងព្រះយេហូវ៉ាជាព្រះនៃឯង មិនត្រូវឲ្យឯងអារសាច់ ឬកោរចិញ្ចើម ដោយព្រោះខ្មោចស្លាប់ឡើយ
2 ដ្បិតឯងជាសាសន៍បរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយព្រះយេហូវ៉ាទ្រង់បានរើសឯងពីអស់ទាំងសាសន៍ដែលនៅផែនដី ទុកជាសាសន៍របស់ផងទ្រង់។
3 មិនត្រូវឲ្យឯងបរិភោគរបស់អ្វីដែលគួរខ្ពើមឡើយ
4 នេះជាសត្វទាំងប៉ុន្មានដែលបរិភោគបាន គឺគោ ចៀម ពពែ
5 ឈ្លូស ប្រើស ក្តាន់ រមាំង ទ្រាយ ទន្សោង ហើយពពែភ្នំ
6 ហើយគ្រប់ទាំងសត្វដែលមានក្រចកឆែក គឺក្រចកឆែកដាច់ជា២ ហើយដែលទំពាអៀងផង ក្នុងអស់ទាំងពួកសត្វនោះនឹងបរិភោគបាន
7 ប៉ុន្តែ ក្នុងបណ្តាសត្វដែលទំពាអៀង ឬដែលមានក្រចកឆែកនោះ មិនត្រូវឲ្យបរិភោគសត្វទាំងនេះឡើយ គឺសត្វអូដ្ឋ ទន្សាយគល់ ទន្សាយថ្ម ពីព្រោះសត្វទាំងនោះទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វមិនស្អាតទាំងអស់ដល់ឯងរាល់គ្នា
8 ហើយជ្រូកដែរ ពីព្រោះមានក្រចកឆែក តែមិនទំពាអៀងទេ នោះមិនស្អាតដល់ឯងរាល់គ្នា មិនត្រូវឲ្យបរិភោគសាច់វាឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង។
9 ឯបណ្តាសត្វទាំងប៉ុន្មានដែលនៅក្នុងទឹក នោះឯងនឹងបរិភោគសត្វទាំងនេះបាន គឺសត្វណាដែលមានព្រុយ ហើយមានស្រកាផង
10 តែមិនត្រូវឲ្យបរិភោគសត្វណាដែលគ្មានព្រុយ និងស្រកាទេ ដ្បិតជាសត្វមិនស្អាតទាំងអស់ដល់ឯងរាល់គ្នា។
11 ឯបណ្តាសត្វហើរដែលស្អាត នោះឯងរាល់គ្នានឹងបរិភោគបានគ្រប់យ៉ាង
12 តែសត្វហើរទាំងនេះ នោះមិនត្រូវបរិភោគឡើយ គឺខ្លែង ស្ទាំង ប្រមង់
13 ល្អូត អាត និងត្មាតតាមពូជវា
14 គ្រប់ទាំងក្អែកតាមពូជវា
15 អូសទ្រិច ខ្លែងស្រាក រំពេ និងអកតាមពូជវា
16 មៀម គូក ទីទុយ
17 ទុង ក្រៀល ស្មោញ
18 កុក និងក្រសារ តាមពូជវា កំប៉ោយ ហើយជ្រឹង
19 និងអស់ទាំងសត្វដែលវារ ហើយហើរផង នោះជាសត្វមិនស្អាតដល់ឯង មិនត្រូវបរិភោគឡើយ
20 តែគ្រប់ទាំងសត្វហើរ ដែលស្អាត នោះនឹងបរិភោគបាន។
21 មិនត្រូវឲ្យឯងរាល់គ្នាបរិភោគសត្វណា ដែលស្លាប់ដោយខ្លួនឯងឡើយ ដ្បិតឯងជាសាសន៍បរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះនៃឯង និងឲ្យសត្វនោះដល់អ្នកដទៃដែលស្នាក់នៅក្នុងផ្ទះឯង ឲ្យគេបរិភោគបាន ឬនឹងលក់ឲ្យដល់សាសន៍ដទៃវិញក៏បាន។ មិនត្រូវឲ្យឯងស្ងោរកូនពពែ ក្នុងទឹកដោះរបស់មេវាឡើយ។
22 ត្រូវឲ្យឯងហូតយក១ភាគក្នុង១០ ពីផលដែលកើតពីស្រែចម្ការឯង រាល់តែឆ្នាំ ជាកុំខាន
23 រួចត្រូវបរិភោគតង្វាយ១ភាគក្នុង១០ ដែលឯងហូតពីទឹកទំពាំងបាយជូរ ពីប្រេង ហើយពីកូនសត្វដែលកើតដំបូង ក្នុងហ្វូងគោ ហ្វូងចៀមឯងទាំងប៉ុន្មាន នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់កន្លែងដែលទ្រង់នឹងរើសសម្រាប់នឹងតាំងព្រះនាមទ្រង់ ដើម្បីឲ្យឯងទម្លាប់ឲ្យមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ជាដរាប
24 តែបើសិនជាផ្លូវនោះឆ្ងាយ ដល់ម៉្លេះបានជាឯងនឹងនាំយករបស់ទាំងនោះទៅឲ្យដល់មិនបាន ដោយព្រោះកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង បានរើសសម្រាប់នឹងដាក់ព្រះនាមទ្រង់ នៅឆ្ងាយពីឯង ក្នុងវេលាដែលព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានពរហើយ
25 នោះត្រូវលក់របស់ទាំងនោះយកជាប្រាក់វិញចុះ រួចវេចប្រាក់កាន់ជាប់នៅដៃ នាំយកទៅឯកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯងបានរើស
26 ហើយនិងចំណាយប្រាក់នោះ ទិញអ្វីៗតាមប្រាថ្នាបាន ទោះជាគោ ឬចៀម ឬស្រាទំពាំងបាយជូរ ឬគ្រឿងផឹកណា ឬរបស់អ្វីក៏ដោយ ដែលឯងគាប់ចិត្ត រួចនឹងបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង នៅទីនោះ ហើយត្រូវអរសប្បាយឡើង ព្រមទាំងពួកគ្រួឯងជាមួយនឹងឯងផង
27 ឯពួកលេវីដែលនៅក្នុងទីក្រុងរបស់ឯង នោះមិនត្រូវលះចោលគេឡើយ ដ្បិតគេគ្មានចំណែក គ្មានមរដកជាមួយនឹងឯងទេ។
28 ដល់វេលាផុតរាល់តែ៣ឆ្នាំទៅ នោះត្រូវឲ្យយកតង្វាយ១ភាគក្នុង១០ ពីរបស់ដែលបានហូតពីផលកើតក្នុងឆ្នាំនោះឯង ចេញមកដាក់ទុកនៅត្រង់ទ្វារក្រុងឯងវិញ
29 ដូច្នេះ ពួកលេវីដែលគ្មានចំណែក គ្មានមរដក ជាមួយនឹងឯង និងពួកអ្នកដទៃ ព្រមទាំងកូនកំព្រា និងស្រីមេម៉ាយដែលនៅក្នុងទីក្រុងឯង គេនឹងមកបរិភោគចម្អែត ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានពរដល់ឯង ក្នុងគ្រប់ទាំងការដែលដៃឯងធ្វើ។