ចោទិយកថា
ជំពូក 7
កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បាននាំឯងចូលទៅក្នុងស្រុកដែលត្រូវចូលទៅទទួលយកនោះ ហើយទ្រង់បានដេញសាសន៍ជាច្រើន ពីមុខឯងចេញ គឺជាសាសន៍ហេត សាសន៍គើកាស៊ី សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ទាំង៧សាសន៍នោះដែលធំ ហើយពូកែជាងឯង
2 កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បានប្រគល់សាសន៍ទាំងនោះមកឯង ហើយឯងបានឈ្នះគេ នោះត្រូវឲ្យបំផ្លាញគេឲ្យអស់រលីងចេញ មិនត្រូវតាំងសញ្ញានឹងគេ ឬអាណិតមេត្តាដល់គេឡើយ
3 ក៏មិនត្រូវរៀបការជាមួយនឹងគេ ឬឲ្យកូនស្រីឯងទៅកូនប្រុសគេ ហើយយកកូនស្រីគេមកឲ្យកូនប្រុសឯងនោះដែរ
4 ដ្បិតគេនឹងបង្វែរកូនឯងពីអញចេញ ឲ្យទៅគោរពប្រតិបត្តិតាមព្រះដទៃ យ៉ាងនោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ានឹងត្រូវកាត់ឡើងទាស់នឹងឯងរាល់គ្នា ហើយទ្រង់នឹងបំផ្លាញឯងចេញជាឆាប់
5 ត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តនឹងគេយ៉ាងនេះវិញ គឺត្រូវរំលំអាសនៈរបស់គេ បំបាក់បំបែកបង្គោលដែលសម្រាប់គោរព ហើយបំផ្លាញអ្នកតា ព្រមទាំងដុតរូបឆ្លាក់របស់គេនៅក្នុងភ្លើងទៅ
6 ដ្បិតឯងជាសាសន៍បរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានរើសយកឯង ឲ្យបានជារបស់ផងទ្រង់ លើសជាងអស់ទាំងសាសន៍ ដែលនៅផែនដីផង។
7 ព្រះយេហូវ៉ាទ្រង់មិនបានស្រឡាញ់ឯងរាល់គ្នា ឬរើសឯង ដោយព្រោះឯងមានគ្នាច្រើនជាងសាសន៍ឯទៀតនោះទេ ដ្បិតឯងរាល់គ្នាជាសាសន៍តិចជាងសាសន៍ទាំងអស់
8 គឺដោយព្រោះព្រះយេហូវ៉ាទ្រង់ស្រឡាញ់ឯងរាល់គ្នាវិញ ហើយដោយព្រោះទ្រង់ចង់កាន់តាមសេចក្ដីសម្បថដែលទ្រង់បានស្បថ និងពួកអយ្យកោឯង បានជាទ្រង់នាំឯងចេញមក ដោយព្រះហស្តដ៏មានព្រះចេស្តា ហើយបានលោះឯងពីផ្ទះពួកបាវបម្រើ គឺពីកណ្តាប់ដៃនៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទមក
9 ដូច្នេះ ចូរដឹងថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ពិតជាព្រះហើយ គឺជាព្រះស្មោះត្រង់ ដែលទ្រង់កាន់តាមសេចក្ដីសញ្ញា ហើយនិងសេចក្ដីសប្បុរសដរាបដល់ទាំងពាន់តំណ របស់ពួកអ្នកដែលស្រឡាញ់ទ្រង់ហើយកាន់តាមបញ្ញត្តរបស់ទ្រង់
10 ហើយទ្រង់ក៏សងដល់ពួកអ្នកដែលស្អប់ទ្រង់នៅប្រទល់មុខគេ ដើម្បីនឹងបំផ្លាញគេចេញ ទ្រង់មិនបង្អង់ដល់អ្នកណាដែលស្អប់ទ្រង់ឡើយ គឺទ្រង់នឹងសងគេនៅប្រទល់មុខវិញ
11 ដូច្នេះ ត្រូវឲ្យឯងកាន់តាមអស់ទាំងសេចក្ដីបង្គាប់ និងច្បាប់ ហើយនិងបញ្ញត្តទាំងប៉ុន្មាន ដែលអញបង្គាប់ឯងនៅថ្ងៃនេះ ដើម្បីនឹងប្រព្រឹត្តតាមចុះ។
12 បើសិនណាជាឯងរាល់គ្នានឹងស្តាប់តាមអស់ទាំងបញ្ញត្តទាំងនេះ ព្រមទាំងកាន់ខ្ជាប់ ហើយប្រព្រឹត្តតាម នោះព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងកាន់តាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសចំពោះឯង ជាសេចក្ដីដែលទ្រង់បានស្បថនឹងពួកអយ្យកោនៃឯង
13 ទ្រង់នឹងស្រឡាញ់ឯង ព្រមទាំងប្រទានពរ ហើយចម្រើនឲ្យឯងមានគ្នាច្រើនឡើង ទ្រង់ក៏នឹងប្រទានពរដល់ផលដែលកើតពីពោះឯងមក និងផលពីដីឯងផង គឺជាស្រូវ និងទឹកទំពាំងបាយជូរ ហើយនិងប្រេង ព្រមទាំងផលចម្រើនពីហ្វូងគោ និងកូនពីហ្វូងចៀមរបស់ឯង នៅក្នុងស្រុកដែលទ្រង់បានស្បថនឹងពួកអយ្យកោថា ទ្រង់នឹងឲ្យដល់ឯង
14 ឯងនឹងបានពរលើសជាងអស់ទាំងសាសន៍ឯទៀត នៅក្នុងពួកឯងនឹងគ្មានប្រុស ឬស្រី សត្វឈ្មោល ឬញីណា នៅជាអារទេ
15 ព្រះយេហូវ៉ាទ្រង់នឹងដកអស់ទាំងជំងឺពីឯងចេញ ហើយទ្រង់មិនឲ្យឯងកើតមានជំងឺដ៏អាក្រក់ណាមួយរបស់ស្រុកអេស៊ីព្ទ ដែលឯងស្គាល់ហើយនោះទេ គឺនឹងដាក់ជំងឺទាំងនោះទៅលើពួកអ្នកទាំងប៉ុន្មានដែលស្អប់ឯងវិញ
16 ហើយឯងនឹងបានធ្វើឲ្យអស់ទាំងសាសន៍ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រគល់មកឯង បានរោយរៀវទៅ ភ្នែកឯងមិនត្រូវប្រណីដល់គេឡើយ ក៏មិនត្រូវគោរពប្រតិបត្តិដល់ព្រះគេដែរ ដ្បិតនោះនឹងបានជាអន្ទាក់ដល់ឯងវិញ។
17 បើសិនជាឯងនឹកក្នុងចិត្តថា សាសន៍ទាំងនេះគេមានគ្នាច្រើនជាងអញ ធ្វើដូចម្តេចឲ្យអញចាប់យកស្រុករបស់គេបាន
18 នោះកុំឲ្យខ្លាចឡើយ ចូរនឹកតែពីអស់ទាំងការដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានធ្វើដល់ផារ៉ោន ហើយដល់ស្រុកអេស៊ីព្ទទាំងមូលប៉ុណ្ណោះចុះ
19 គឺពីការល្បងលយ៉ាងធំ ដែលភ្នែកឯងបានឃើញ និងទីសម្គាល់ ហើយការអស្ចារ្យទាំងប៉ុន្មាន និងពីព្រះហស្តដ៏មានព្រះចេស្តា ហើយនិងព្រះពាហុលើកសម្រេច ដែលព្រះយេហូវ៉ាជាព្រះនៃឯងបានប្រើ ដើម្បីនឹងនាំឯងចេញមកនោះ គឺយ៉ាងនោះដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងធ្វើដល់គ្រប់អស់ទាំងសាសន៍ដែលឯងខ្លាចនោះដែរ
20 មួយទៀត ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងចាត់ឪម៉ាល់ ទៅកណ្តាលគេ ទាល់តែពួកគេដែលសល់នៅ ហើយពួននឹងឯង បានវិនាសចេញអស់ទៅ
21 មិនត្រូវឲ្យឯងភ័យខ្លាច ដោយព្រោះគេឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង គឺជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ទ្រង់គង់កណ្តាលពួកឯងហើយ
22 ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងបណ្តេញសាសន៍ទាំងនោះ ចេញពីមុខឯងបន្តិចម្តងៗ មិនត្រូវឲ្យឯងរាល់គ្នាបំផ្លាញគេទាំងអស់ ដោយរហ័សពេកឡើយ ក្រែងសត្វព្រៃចម្រើនឡើងដល់ឯងវិញ
23 ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រគល់គេមកឯង ហើយនិងកម្ចាត់កម្ចាយគេ ដោយសេចក្ដីបាក់ភ្លូកយ៉ាងសម្បើម ទាល់តែគេវិនាសបាត់អស់ទៅ
24 ហើយទ្រង់នឹងប្រគល់ពួកស្តេចគេមក ក្នុងកណ្តាប់ដៃឯងដែរ នោះឯងនឹងធ្វើឲ្យឈ្មោះគេរលាយបាត់ពីក្រោមមេឃចេញ នឹងគ្មានអ្នកណាអាចនឹងឈរនៅមុខឯងបានឡើយ ដរាបដល់ឯងបានបំផ្លាញគេអស់រលីងទៅ
25 ត្រូវឲ្យឯងដុតអស់ទាំងរូបព្រះឆ្លាក់របស់គេចេញ មិនត្រូវឲ្យស្តាយប្រាក់ឬមាស ដែលជាប់នៅនឹងរូបនោះឡើយ ក៏មិនត្រូវយកមកសម្រាប់ខ្លួនដែរ ក្រែងលោឯងជាប់អន្ទាក់យ៉ាងនោះ ដ្បិតរបស់ទាំងនោះជាទីស្អប់ខ្ពើមនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង
26 មិនត្រូវឲ្យឯងនាំយករបស់ដែលគួរស្អប់ខ្ពើមមកក្នុងផ្ទះឯងឡើយ ក្រែងឯងត្រឡប់ទៅជាត្រូវវិនាសដូចរបស់ទាំងនោះដែរ ត្រូវឲ្យឯងស្អប់អស់ពីចិត្ត ហើយខ្ពើមរបស់យ៉ាងនោះឲ្យអស់ពីចិត្តដែរ ដ្បិតជារបស់ត្រូវវិនាសទៅ។