ថែស្សាឡូនីច​ទី​២

1 2 3


ជំពូក 3

មួយ​សោត​ទៀត បង​ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​ផ្សាយ​ចេញ​ទៅ ហើយ​បាន​តម្កើង​ឡើង ដូច​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ
2 ហើយ​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ពី​មនុស្ស​វៀច និង​ពី​មនុស្ស​អាក្រក់​ចេញ ដ្បិត​មិន​មែន​មនុស្ស​ទាំង​អស់ ដែល​មាន​សេចក្ដី​ជំនឿ​ទេ
3 តែ​ព្រះ‌អម្ចាស់​ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ឡើង ហើយ​ការ‌ពារ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​ផង
4 យើង​ខ្ញុំ​ក៏​ទុក​ចិត្ត​នឹង​ព្រះ‌អម្ចាស់ ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​កំពុង​តែ​ប្រព្រឹត្ត ហើយ​និង​ប្រព្រឹត្ត​ត​ទៅ​ទៀត តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​ផ្តាំ​ទុក​ដែរ
5 សូម​ឲ្យ​ព្រះ‌អម្ចាស់​តម្រង់​ចិត្ត​អ្នក​រាល់​គ្នា ទៅ​ក្នុង​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ និង​សេចក្ដី​ខ្ជាប់‌ខ្ជួន​របស់​ព្រះ‌គ្រីស្ទ​ចុះ។
6 ឥឡូវ​នេះ បង​ប្អូន​អើយ យើង​ខ្ញុំ​សូម​ផ្តាំ​មក​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​ថយ​ចេញ​ឲ្យ​ផុត​ពី​គ្រប់​ទាំង​បង​ប្អូន​ណា ដែល​ប្រព្រឹត្ត​ខុស​របៀប ហើយ​មិន​ស្តាប់​តាម​បញ្ញត្ត​ដែល​បាន​ទទួល​ពី​យើង​ខ្ញុំ
7 ដ្បិត​ខ្លួន​អ្នក​រាល់​គ្នា​ដឹង​ហើយ ដែល​គួរ​ត្រាប់​តាម​យើង​ខ្ញុំ​ជា​យ៉ាង​ណា ពី​ព្រោះ​យើង​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ឥត​របៀប ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ
8 ក៏​មិន​បាន​ទទួល​ទាន​បាយ​របស់​អ្នក​ណា​ទទេ​ដែរ យើង​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ​ហត់ ហើយ​ធ្ងន់​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​នឹង​យើង​ខ្ញុំ​ឡើយ
9 មិន​មែន​ថា យើង​ខ្ញុំ​គ្មាន​អំណាច​នោះ​ទេ គឺ​យើង​ខ្ញុំ​ចង់​ធ្វើ​ជា​គំរូ ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​យើង​ខ្ញុំ​វិញ​ទេ​តើ
10 កាល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា នោះ​ក៏​បាន​ផ្តាំ​ថា បើ​អ្នក​ណា​មិន​ចង់​ធ្វើ​ការ មិន​ត្រូវ​ទាំង​ឲ្យ​អ្នក​នោះ​បរិភោគ​ផង
11 ដ្បិត​យើង​ខ្ញុំ​ឮ​ថា មាន​អ្នក​ខ្លះ​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ប្រព្រឹត្ត​ឥត​របៀប ឥត​មាន​ធ្វើ​ការ​អ្វី​សោះ គឺ​គេ​រវល់​តែ​ចំពោះ​ការ​ឥត​ប្រយោជន៍​វិញ
12 ដូច្នេះ យើង​ខ្ញុំ​ផ្តាំ​មក​មនុស្ស​យ៉ាង​នោះ ហើយ​ទូន្មាន​គេ ដោយ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ឲ្យ​គេ​បរិភោគ​បាយ​របស់​ខ្លួន​គេ​ចុះ ទាំង​ធ្វើ​ការ​ដោយ​ស្រគត់‌ស្រគំ​ផង
13 បង​ប្អូន​អើយ កុំ​ឲ្យ​រសាយ​ចិត្ត​ខាង​ឯ​ការ​ល្អ​ឡើយ
14 បើ​អ្នក​ណា​មិន​ស្តាប់​តាម​ពាក្យ​របស់​យើង​ខ្ញុំ ក្នុង​សំបុត្រ​នេះ​ទេ នោះ​ចូរ​សម្គាល់​អ្នក​នោះ​ទុក ហើយ​កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​គេ​ឲ្យ​សោះ ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស
15 តែ​កុំ​ឲ្យ​រាប់​គេ​ទុក​ដូច​ជា​ខ្មាំង​សត្រូវ​ឡើយ ចូរ​ទូន្មាន​គេ ដូច​ជា​បង​ប្អូន​វិញ។
16 សូម​ឲ្យ​ព្រះ‌អម្ចាស់ ដែល​ទ្រង់​ផ្តល់​សេចក្ដី​សុខ​សាន្ត ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សុខ​សាន្ត​គ្រប់​យ៉ាង​ជានិច្ច សូម​ឲ្យ​ព្រះ‌អម្ចាស់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់
17 ប៉ុល​ខ្ញុំ​សរសេរ​ពាក្យ​ជម្រាប​សួរ​នេះ ដោយ​ដៃ​ខ្លួន​ខ្ញុំ នេះ​គឺ​ជា​ទី​សម្គាល់​ក្នុង​គ្រប់​សំបុត្រ​របស់​ខ្ញុំ គឺ​បែប​យ៉ាង​នេះ​ហើយ ដែល​ខ្ញុំ​សរសេរ​មក
18 សូម​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់ បាន​ប្រកប​ដោយ​ព្រះ‌គុណ របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚