ថែស្សាឡូនីចទី២
ជំពូក 1
 សំបុត្រប៉ុល ស៊ីលវ៉ាន និងធីម៉ូថេ យើងខ្ញុំផ្ញើមកពួកជំនុំ នៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ 
2  សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ 
3  បងប្អូនអើយ យើងខ្ញុំត្រូវតែអរព្រះគុណដល់ព្រះជានិច្ច ពីដំណើរអ្នករាល់គ្នា ដូចជាគួរគប្បីដែរ ពីព្រោះសេចក្ដីជំនឿរបស់អ្នករាល់គ្នា កំពុងតែចម្រើនកាន់តែច្រើនឡើង ហើយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ ដល់គ្នាទៅវិញទៅមក រឹតតែខ្លាំងឡើងដែរ 
4  ដល់ម៉្លេះបានជាយើងខ្ញុំអួតពីអ្នករាល់គ្នា នៅក្នុងអស់ទាំងពួកជំនុំនៃព្រះ ពីដំណើរសេចក្ដីខ្ជាប់ខ្ជួន និងសេចក្ដីជំនឿរបស់អ្នករាល់គ្នា ដែលមានក្នុងសេចក្ដីបៀតបៀន និងសេចក្ដីទុក្ខលំបាកទាំងប៉ុន្មាន ដែលអ្នករាល់គ្នារងទ្រាំ 
5  នោះជាភស្តុតាងពីសេចក្ដីជំនុំជម្រះដ៏សុចរិតរបស់ព្រះ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានរាប់ជាគួរនឹងនគរព្រះ ដែលអ្នករាល់គ្នាកំពុងតែរងទុក្ខ ដោយព្រោះនគរនោះឯង 
6  ដ្បិតនេះជាសេចក្ដីសុចរិតនៅចំពោះព្រះ គឺនឹងសងសេចក្ដីទុក្ខលំបាក ដល់ពួកអ្នកដែលធ្វើទុក្ខដល់អ្នករាល់គ្នា 
7  ហើយឲ្យអ្នករាល់គ្នា ដែលត្រូវគេធ្វើទុក្ខនោះ បានសម្រាកជាមួយនឹងយើងខ្ញុំវិញ ក្នុងកាលដែលព្រះអម្ចាស់យេស៊ូវ ទ្រង់លេចមកពីស្ថានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់ 
8  នៅក្នុងអណ្តាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនិងពួកអ្នកដែលមិនស្តាប់តាមដំណឹងល្អ ពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង 
9  គេនឹងរងទុក្ខទោស ជាសេចក្ដីហិនវិនាសអស់កល្បជានិច្ច ឃ្លាតពីព្រះភ័ក្ត្រនៃព្រះអម្ចាស់ ហើយពីសិរីល្អនៃព្រះចេស្តាទ្រង់ 
10  ក្នុងកាលដែលទ្រង់យាងមក ដើម្បីឲ្យបានតម្កើងឡើងក្នុងពួកបរិសុទ្ធរបស់ទ្រង់ ហើយនៅថ្ងៃនោះ ឲ្យបានគេមើលទ្រង់ដោយអស្ចារ្យ ក្នុងពួកអ្នកដែលជឿ ដ្បិតអ្នករាល់គ្នាបានជឿពាក្យបន្ទាល់របស់យើងខ្ញុំហើយ 
11  ដូច្នេះ យើងខ្ញុំអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើងខ្ញុំ បានរាប់អ្នករាល់គ្នាជាគួរនឹងការ ដែលទ្រង់ហៅមកធ្វើ ហើយឲ្យទ្រង់បានបំពេញគ្រប់អស់ទាំងសេចក្ដីបំណងខាងឯការល្អ និងការដែលធ្វើដោយជំនឿ ដោយព្រះចេស្តា 
12  ដើម្បីឲ្យព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានតម្កើងឡើងក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាក្នុងទ្រង់ផង តាមព្រះគុណរបស់ព្រះនៃយើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។