ម៉ាថាយ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28


ជំពូក 22

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត​ទៅ​គេ​ថា
2 នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ស្តេច​១​អង្គ ដែល​រៀប​វិវាហ‌មង្គល​ឲ្យ​ព្រះ‌រាជ‌បុត្រា
3 ទ្រង់​ចាត់​ពួក​មហា‌តលិក​ឲ្យ​ទៅ​ហៅ​ពួក​ភ្ញៀវ ដែល​ទ្រង់​បាន​អញ្ជើញ​មក​ក្នុង​មង្គល‌ការ​នោះ ប៉ុន្តែ អ្នក​ទាំង​នោះ​មិន​ព្រម​មក​ទេ
4 ទ្រង់​ក៏​ចាត់​ពួក​មហា‌តលិក​ឯ​ទៀត​ឲ្យ​ទៅ ដោយ​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឯង​ប្រាប់​ពួក​ភ្ញៀវ​ថា ឥឡូវ គ្រឿង​ជប់‌លៀង​បាន​រៀប​ជា​ស្រេច​ហើយ គេ​បាន​សម្លាប់​គោ និង​សត្វ​បំប៉ន​យ៉ាង​ធាត់ៗ ហើយ​ក៏​រៀប‌ចំ​គ្រប់​ទាំង​អស់​រួច​ជា​ស្រេច ចូរ​មក​បរិភោគ​ការ​ចុះ
5 តែ​អ្នក​ទាំង​នោះ​ធ្វេស​ប្រហែស​វិញ ម្នាក់​ក៏​ទៅ​ឯ​ចម្ការ​ខ្លួន ម្នាក់​ទៀត​ទៅ​ឯ​ការ​ជំនួញ
6 អ្នក​ឯ​ទៀត​ក៏​ចាប់​ពួក​មហា‌តលិក​ត្មះ‌តិះដៀល ហើយ​សម្លាប់​ចោល​ទៅ
7 កាល​ស្តេច​បាន​ឮ នោះ​ទ្រង់​មាន​ព្រះហឫ‌ទ័យ​ក្រេវ‌ក្រោធ ក៏​ចាត់​ទ័ព​ឲ្យ​ទៅ​បំផ្លាញ​ពួក​មនុស្ស​ដែល​សម្លាប់​គេ​នោះ ព្រម​ទាំង​ដុត​ទី​ក្រុង​របស់​គេ​ចោល​អស់
8 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​មហា‌តលិក​ថា ការ​បាន​រៀប‌ចំ​ជា​ស្រេច តែ​ពួក​ភ្ញៀវ​មិន​គួរ​នឹង​មក​បរិភោគ​ទេ
9 ដូច្នេះ ចូរ​ទៅ​ឯ​ផ្លូវ​ប្រសព្វ អញ្ជើញ​អស់​អ្នក​ណា​ដែល​ប្រទះ​ឃើញ ឲ្យ​គេ​មក​បរិភោគ​វិញ
10 មហា‌តលិក​ទាំង​នោះ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ប្រមូល​អស់​អ្នក​ណា​ដែល​ប្រទះ​ឃើញ ទាំង​អាក្រក់ ទាំង​ល្អ​មក នោះ​រោង​ការ​មាន​ភ្ញៀវ​ពេញ​ព្រៀប
11 ស្តេច​ក៏​យាង​ចូល​ទៅ​ទត​មើល​ពួក​ភ្ញៀវ ទ្រង់​ឃើញ​មនុស្ស​ម្នាក់​ទៅ​ទី​នោះ ដែល​មិន​បាន​ពាក់​អាវ​ផាយ
12 ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា សំឡាញ់​អើយ ដូច​ម្តេច​បាន​ជា​អ្នក​ចូល​មក​ក្នុង​ទី​នេះ ឥត​ពាក់​អាវ​ផាយ​ដូច្នេះ អ្នក​នោះ​រក​ឆ្លើយ​អ្វី​មិន​បាន​ឡើយ
13 ទើប​ទ្រង់​បង្គាប់​ទៅ​ពួក​មហា‌តលិក​ថា ចូរ​ចង​ជើង​ចង​ដៃ​វា​បោះ​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ
14 ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ។
15 កាល​ពួក​ផារី‌ស៊ី​បាន​ចេញ​ទៅ នោះ​គេ​ពិគ្រោះ​គ្នា​ពី​ដំណើរ​យ៉ាង​ណា​នឹង​ចាប់​ទ្រង់ ដោយ​នូវ​ព្រះ‌បន្ទូល
16 រួច​ក៏​ចាត់​ពួក​សិស្ស​របស់​គេ​ឲ្យ​ទៅ​ឯ​ទ្រង់​ជា​មួយ​នឹង​ពួក​ហេរ៉ូឌ ដោយ​ពាក្យ​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ពិត​ត្រង់ ហើយ​ថា លោក​បង្រៀន​ពី​ផ្លូវ​ព្រះ​ដោយ​សេចក្ដី​ពិត ឥត​មាន​អំពល់​ដល់​អ្នក​ណា​ឡើយ ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ទេ
17 ដូច្នេះ សូម​ប្រាប់​យើង​ខ្ញុំ​ដែល​លោក​គិត​ដូច​ម្តេច តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ
18 តែ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ឧបាយ‌កល​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​តប​ថា មនុស្ស​កំពុត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង​ខ្ញុំ​ដូច្នេះ
19 ចូរ​បង្ហាញ​ប្រាក់​ដែល​បង់​ពន្ធ​មក​ឲ្យ​ខ្ញុំ​មើល​ចុះ គេ​ក៏​យក​ប្រាក់​កាក់​ធំ​មក​ថ្វាយ​ទ្រង់​ទត
20 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា រូប​នេះ និង​ឈ្មោះ​នេះ តើ​ជា​របស់​អ្នក​ណា
21 គេ​ទូល​ឆ្លើយ​ថា របស់​សេសារ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ឯ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ​វិញ
22 កាល​បាន​ឮ​ដូច្នោះ នោះ​គេ​មាន​សេចក្ដី​អស្ចារ្យ រួច​ក៏​ដើរ​ចេញ​ពី​ទ្រង់​បាត់​ទៅ។
23 នៅ​ថ្ងៃ​នោះ​ឯង ពួក​សាឌូស៊ី ដែល​គេ​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ​ទេ គេ​ក៏​មក​ឯ​ទ្រង់ ទូល​សាក‌សួរ​ថា
24 លោក​គ្រូ លោក​ម៉ូសេ​បាន​ផ្តាំ​ថា «បើ​អ្នក​ណា​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​ប្រពន្ធ​របស់​បង ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង​ខ្លួន »
25 រីឯ​នៅ​ក្នុង​ពួក​យើង​ខ្ញុំ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​គ្មាន​កូន​សោះ បាន​ទុក​ប្រពន្ធ​ឲ្យ​ប្អូន
26 ប្អូន​បន្ទាប់​ក៏​ធ្វើ​ដូច​គ្នា រួច​ប្អូន​ទី​៣ ដរាប​ដល់​ប្អូន​ពៅ​បំផុត
27 ក្រោយ​បង្អស់​មក ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ
28 ដូច្នេះ ដល់​គ្រា​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ត្រូវ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា ក្នុង​បណ្តា​បង​ប្អូន​ទាំង​៧​នាក់​នោះ ដ្បិត​សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា
29 នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ភាន់‌ច្រឡំ​ទេ ពី​ព្រោះ​មិន​យល់​គម្ពីរ ឬ​ព្រះ‌ចេស្តា​នៃ​ព្រះ​សោះ
30 ដ្បិត​ដល់​គ្រា​រស់​ឡើង​វិញ នោះ​គេ​មិន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀត​ទេ គឺ​បាន​ដូច​ជា​ទេវតា​នៃ​ព្រះ ដែល​នៅ​ស្ថាន‌សួគ៌​វិញ
31 តែ​ត្រង់​ឯ​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​សេចក្ដី​ដែល​ព្រះ‌ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​អ្នក​រាល់​គ្នា​ទេ​ឬ​អី
32 គឺ​ថា «អញ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប » ព្រះ‌អង្គ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ។
33 ឯ​បណ្តា​មនុស្ស​គេ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ដោយ​ឮ​សេចក្ដី​ដែល​ទ្រង់​បង្រៀន​នោះ។
34 តែ​កាល​ពួក​ផារី‌ស៊ី​បាន​ឮ​ថា ទ្រង់​ធ្វើ​ឲ្យ​ពួក​សាឌូស៊ី​បាត់​មាត់​ដូច្នោះ នោះ​គេ​ក៏​មូល​គ្នា
35 ហើយ​ពួក​គេ​ម្នាក់ ដែល​ជា​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​ក៏​ល្បង​សួរ​ទ្រង់​ថា
36 លោក​គ្រូ ក្នុង​បណ្តា​ក្រឹត្យ‌វិន័យ តើ​បញ្ញត្ត​ណា​ដែល​យ៉ាង​សំខាន់​បំផុត
37 នោះ​ព្រះ‌យេស៊ូវ​ឆ្លើយ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង»
38 នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​១
39 ហើយ​បញ្ញត្ត​ទី​២​ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»
40 បណ្តា​ក្រឹត្យ‌វិន័យ និង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សម្រេច​នៅ​បទ​បញ្ញត្ត​ទាំង​២​ប្រការ​នេះ​ឯង។
41 កំពុង​ដែល​ពួក​ផារី‌ស៊ី​នៅ​មូល​គ្នា​នៅ​ឡើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា
42 អ្នក​រាល់​គ្នា​គិត​ពី​ព្រះ‌គ្រីស្ទ​ដូច​ម្តេច តើ​ទ្រង់​ជា​ព្រះ‌វង្ស​អ្នក​ណា នោះ​គេ​ទូល​ឆ្លើយ​ថា ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ
43 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ទៀត​ថា ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ហ្លួង​ដាវីឌ​មាន​ព្រះ‌បន្ទូល ដោយ​នូវ​ព្រះ‌វិញ្ញាណ ហៅ​ទ្រង់​ជា​ព្រះ‌អម្ចាស់​បាន
44 ដោយ​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង​នៅ​ក្រោម​ជើង​ឯង»
45 ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះ‌គ្រីស្ទ​ថា​ជា​ព្រះ‌អម្ចាស់ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ‌គ្រីស្ទ​ធ្វើ​ជា​ព្រះ‌វង្ស​ទ្រង់​បាន
46 តែ​គ្មាន​អ្នក​ណា​អាច​នឹង​ឆ្លើយ​តប​ទៅ​ទ្រង់​១​ម៉ាត់​បាន​ទេ រួច​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។