ម៉ាថាយ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28


ជំពូក 11

កាល​ព្រះ‌យេស៊ូវ​បាន​ផ្តាំ​ពួក​សិស្ស​ទាំង​១២​នាក់​រួច​ហើយ នោះ​ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ដើម្បី​នឹង​ទៅ​បង្រៀន ហើយ​សម្ដែង​ក្នុង​អស់​ទាំង​ក្រុង​របស់​គេ។
2 រីឯ​យ៉ូហាន​ដែល​ជាប់​នៅ​ក្នុង​គុក គាត់​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌គ្រីស្ទ​ទ្រង់​ធ្វើ ហើយ​ក៏​ចាត់​សិស្ស​គាត់​២​នាក់ ឲ្យ​ទៅ​ទូល​សួរ​ទ្រង់​ថា
3 តើ​ទ្រង់​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក​នោះ ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ចាំ​១​អង្គ​ទៅ​ទៀត
4 ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ចូរ​ទៅ​ប្រាប់​យ៉ូហាន​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​អ្នក​កំពុង​តែ​ឮ ហើយ​ឃើញ​ចុះ
5 គឺ​ថា​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​បាន​ដើរ​រួច មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​បាន​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្រ បាន​ឮ​ដំណឹង​ល្អ​ផង
6 មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ។
7 កំពុង​ដែល​អ្នក​ទាំង​២​នោះ​ចេញ​ទៅ​ហើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ផ្តើម​មាន​ព្រះ‌បន្ទូល​នឹង​ហ្វូង​មនុស្ស ពី​យ៉ូហាន​ថា តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន បាន​ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ខ្យល់​ឬ​អី
8 តើ​បាន​ទៅ​មើល​អ្វី បាន​ទៅ​មើល​មនុស្ស​ពាក់​អាវ​ទន់‌ភ្លន់​ឬ​អី មើល អស់​អ្នក​ដែល​ពាក់​អាវ​ទន់‌ភ្លន់ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ
9 ចុះ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី មើល​ហោរា​ឬ​អី មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ក៏​លើស​ជាង​ហោរា​ផង
10 ដ្បិត​គឺ​ពី​អ្នក​នេះ​ហើយ ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មើល អញ​ចាត់​ទូត​អញ ឲ្យ​ទៅ​មុន​ឯង ទូត​នោះ​នឹង​រៀប‌ចំ​ផ្លូវ​នៅ​មុខ​ឯង»
11 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថាន‌សួគ៌ នោះ​ធំ​ជាង​គាត់​ហើយ
12 តាំង​តែ​ពី​គ្រា​យ៉ូហាន-បាទីស្ទ ដរាប​ដល់​គ្រា​ឥឡូវ​នេះ នោះ​មាន​គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថាន‌សួគ៌ ហើយ​គឺ​ជា​ពួក​ខំ​ប្រឹង​ពិត​ដែល​ចាប់​បាន​ផង
13 ពី​ព្រោះ​អស់​ទាំង​ហោរា និង​ក្រឹត្យ‌វិន័យ​បាន​ទាយ ដរាប​មក​ដល់​គ្រា​លោក​យ៉ូហាន
14 ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ព្រម​ទទួល​ពាក្យ​នេះ នោះ​គឺ​លោក​នេះ​ហើយ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក
15 អ្នក​ណា​ដែល​មាន​ត្រចៀក​សម្រាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ
16 តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធៀប​ដំណ​មនុស្ស​នេះ​ជា​អ្វី គឺ​ធៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា
17 យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង តែ​ឯង​មិន​បាន​យំ​ទេ
18 ដ្បិត​យ៉ូហាន​បាន​មក​មិន​ស៊ី​មិន​ផឹក​សោះ តែ​គេ​ថា គាត់​មាន​អារក្ស​ចូល
19 ឯ​កូន​មនុស្ស បាន​មក​ទាំង​ស៊ី​ទាំង​ផឹក​ផង គង់​តែ​គេ​ថា មើល​នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្ត​សំឡាញ់​របស់​ពួក​យក​ពន្ធ និង​មនុស្ស​មាន​បាប ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត។
20 នោះ​ទ្រង់​ចាប់​តាំង​បន្ទោស​ដល់​អស់​ទាំង​ក្រុង ជា​កន្លែង​ដែល​ទ្រង់​បាន​ធ្វើ​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន ពី​ព្រោះ​គេ​មិន​បាន​ប្រែ​ចិត្ត​សោះ គឺ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា
21 វេទនា​ដល់​ឯង ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង បេតសៃដា​អើយ ពី​ព្រោះ​ឯ​ការ​ឫទ្ធិ‌បារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស និង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត​ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដោយ​ផែះ​ផង
22 ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជម្រះ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ឯង​រាល់​គ្នា
23 ហើយ​ឯ​ឯង កាពើ‌ណិម​អើយ ដែល​ឯង​បាន​តម្កើង​ឡើង​ស្មើ​នឹង​ស្ថាន‌សួគ៌​ហើយ ឯង​នឹង​ត្រូវ​ទម្លាក់​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ ពី​ព្រោះ​ឯ​ការ​ឫទ្ធិ‌បារមី ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​ក្រុង​សូដុម​វិញ នោះ​ក្រុង​គេ​នឹង​បាន​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
24 ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជម្រះ នោះ​ក្រុង​សូដុម​នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ឯង។
25 នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ព្រះ‌វបិតា​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី​អើយ ទូល‌បង្គំ​សរសើរ​ដល់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​និង​ពួក​ឈ្លាស‌វៃ តែ​បាន​សម្ដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ
26 ហ្នឹង​ហើយ ព្រះ‌វរ‌បិតា​អើយ ដ្បិត​ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​ដូច្នោះ
27 គ្រប់​សេចក្ដី​ទាំង​អស់​បាន​ប្រគល់​មក​ខ្ញុំ​ពី​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ ហើយ​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌រាជ‌បុត្រា​ទេ មាន​តែ​ព្រះ‌វរ‌បិតា​តែ​១ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌វរ‌បិតា​ដែរ មាន​តែ​ព្រះ‌រាជ‌បុត្រា ហើយ​និង​អ្នក​ណា​ដែល​ព្រះ‌រាជ‌បុត្រា​សព្វ​ព្រះ‌ហឫទ័យ​ចង់​បើក​ឲ្យ​ស្គាល់​ទ្រង់​ផង​ប៉ុណ្ណោះ។
28 អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក
29 ចូរ​ទទួល​នឹម ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង
30 ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល។