ម៉ាថាយ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28


ជំពូក 18

នៅ​វេលា​នោះ​ឯង ពួក​សិស្ស​មក​ឯ​ព្រះ‌យេស៊ូវ​ទូល​សួរ​ថា តើ​អ្នក​ណា​ធំ​ជាង​គេ​ក្នុង​នគរ​ស្ថាន‌សួគ៌
2 តែ​ទ្រង់​ហៅ​កូន​ក្មេង​តូច​១​មក ដាក់​នៅ​កណ្តាល​ពួក​គេ
3 រួច​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន‌សួគ៌​ពុំ​បាន​ឡើយ
4 ដូច្នេះ អ្នក​ណា​ដែល​បន្ទាប​ខ្លួន ឲ្យ​បាន​ដូច​កូន​តូច​នេះ អ្នក​នោះ​ឯង​ឈ្មោះ​ថា ធំ​ជាង​គេ​ក្នុង​នគរ​ស្ថាន‌សួគ៌​ហើយ
5 អ្នក​ណា​ដែល​ទទួល​កូន​តូច​ណា​មួយ​ដូច​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា ទទួល​ខ្ញុំ​ដែរ
6 ប៉ុន្តែ បើ​អ្នក​ណា​ធ្វើ​ឲ្យ​កូន​តូច​ណា​មួយ​នេះ ដែល​ជឿ​ដល់​ខ្ញុំ រវាត​ចិត្ត​ចេញ នោះ​ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​ចង​ក​អ្នក​នោះ ហើយ​ពន្លង់​ទៅ​ក្នុង​សមុទ្រ​ទី​ជ្រៅ​វិញ ធ្វើ​យ៉ាង​នោះ​នឹង​មាន​ប្រយោជន៍​ដល់​អ្នក​នោះ​ជា​ជាង
7 វេទនា​ដល់​លោកីយ៍ ដោយ​ព្រោះ​អស់​ទាំង​ហេតុ​ដែល​នាំ​ឲ្យ​រវាត​ចិត្ត ដ្បិត​សេចក្ដី​នោះ​ត្រូវ​តែ​មាន តែ​វេទនា​ដល់​មនុស្ស​ណា​ដែល​បង្កើត​ហេតុ​ឲ្យ​រវាត​ចិត្ត​នោះ
8 បើ​សិន​ជា​ដៃ ឬ​ជើង​អ្នក នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​ជើង​វិញ ជា​ជាង​មាន​ដៃ​ជើង​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​នៅ​អស់​កល្ប‌ជានិច្ច
9 ហើយ​បើ​ភ្នែក​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត ចូរ​ខ្វែះ​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត មាន​ភ្នែក​តែ​១​វិញ ជា​ជាង​មាន​ភ្នែក​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​នរក
10 ចូរ​ប្រយ័ត កុំ​ឲ្យ​មើល‌ងាយ​ចំពោះ​កូន​តូច​ណា​មួយ​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា​របស់​វា ដែល​នៅ​ស្ថាន‌សួគ៌​តែង​តែ​ឃើញ​ព្រះ‌‌ភ័ក្ត្រ​ព្រះ‌វរ‌បិតា​ខ្ញុំ​ជានិច្ច ដែល​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌
11 ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​ជួយ​សង្គ្រោះ​អ្នក​ណា​ដែល​បាត់‌បង់។
12 បើ​មនុស្ស​ណា​មាន​ចៀម​១​រយ ហើយ​មាន​១​វង្វេង​បាត់ តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្តេច តើ​មិន​ទុក​ចៀម​៩៩​នៅ​លើ​ភ្នំ នឹង​ទៅ​រក​ចៀម​១ ដែល​វង្វេង​បាត់​នោះ​ទេ​ឬ​អី
13 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​រក​ឃើញ នោះ​មាន​សេចក្ដី​អំណរ​ចំពោះ​ចៀម​នោះ ជា​ជាង​ចៀម​៩៩​ដែល​មិន​បាន​វង្វេង​ទៅ​ទៀត
14 ដូច្នេះ ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​កូន​តូច​ណា​មួយ​នេះ ត្រូវ​វិនាស​ដូច្នោះ​ដែរ។
15 បើ​បង ឬ​ប្អូន​ធ្វើ​បាប​នឹង​អ្នក នោះ​ឲ្យ​ទៅ​បន្ទោស​គាត់ ក្នុង​កាល​ដែល​មាន​តែ​អ្នក​ហើយ​និង​គាត់ បើ​គាត់​ស្តាប់​អ្នក នោះ​អ្នក​នឹង​បាន​បង​ឬ​ប្អូន​នោះ​មក​វិញ
16 តែ​បើ​គាត់​មិន​ព្រម​ស្តាប់​ទេ នោះ​ត្រូវ​យក​មនុស្ស​ម្នាក់ ឬ​២​នាក់​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ជាក់​គ្រប់​ទាំង​ពាក្យ ដោយ‌សារ​ស្មរ​បន្ទាល់​២ ឬ​៣​នាក់
17 បើ​គាត់​មិន​ព្រម​ស្តាប់​អ្នក​ទាំង​នោះ​ទេ នោះ​ត្រូវ​តែ​ប្រាប់​ដល់​ពួក​ជំនុំ ហើយ​បើ​មិន​ព្រម​ស្តាប់​ពួក​ជំនុំ​ទៀត នោះ​ត្រូវ​តែ​រាប់​គាត់​ទុក​ជា​អ្នក​ក្រៅ​សាសន៍ ឬ​ជា​អ្នក​យក​ពន្ធ​វិញ
18 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​ស្ថាន‌សួគ៌​ដែរ ហើយ​បើ​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​ក៏​នឹង​ត្រូវ​ស្រាយ នៅ​ស្ថាន‌សួគ៌​ដែរ
19 មួយ​ទៀត ខ្ញុំ​ប្រាប់​ថា បើ​សិន​ជា​មាន​២​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ព្រម​ព្រៀង​គ្នា​នៅ​ផែនដី ពី​ដំណើរ​អ្វី​ដែល​គេ​ចង់​សូម​ក៏​ដោយ នោះ​នឹង​បាន​សម្រេច​ដល់​គេ អំពី​ព្រះ‌វរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌
20 ដ្បិត​កន្លែង​ណា​ដែល​មាន​២ ឬ៣​នាក់ ប្រជុំ​ជា​មួយ​គ្នា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្តាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ។
21 ខណៈ​នោះ ពេត្រុស​ក៏​មក​ឯ​ទ្រង់​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​បង ឬ​ប្អូន​ធ្វើ​បាប​នឹង​ខ្ញុំ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​អត់​ទោស​ឲ្យ​គេ​ដល់​ប៉ុន្មាន​ដង តើ​ដល់​៧​ដង​ឬ​អី
22 ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ខ្ញុំ​មិន​ថា ឲ្យ​អ្នក​អត់​ទោស​ត្រឹម​តែ​៧​ដង​ទេ គឺ​ដល់​៧​ចិត‌សិប​ដង​ទៅ​ទៀត
23 ដូច្នេះ នគរ​ស្ថាន‌សួគ៌​ត្រូវ​ប្រៀប​ដូច​ជា​ស្តេច​១​អង្គ ដែល​ចង់​គិត​បញ្ជី​នឹង​ពួក​បាវ​ព្រាវ
24 កាល​ទ្រង់​ចាប់​តាំង​គិត នោះ​គេ​នាំ​កូន​បំណុល​ម្នាក់​មក ដែល​ជំពាក់​ប្រាក់​២​កោដិ
25 តែ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​នឹង​សង បាន​ជា​ចៅ‌ហ្វាយ​បង្គាប់​ឲ្យ​លក់​ខ្លួន​វា ព្រម​ទាំង​ប្រពន្ធ​កូន និង​របស់​ទាំង​អស់ ដើម្បី​នឹង​សង​បំណុល​នោះ
26 ហេតុ​ដូច្នេះ បាវ​នោះ​បាន​ទម្លាក់​ខ្លួន ក្រាប​ចុះ​ថ្វាយ‌បង្គំ​ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​មេត្តា​បង្អង់​ឲ្យ​ទូល‌បង្គំ​សិន ទូល‌បង្គំ​នឹង​សង​ថ្វាយ​ទ្រង់​គ្រប់​ចំនួន
27 ឯ​ចៅ‌ហ្វាយ​របស់​បាវ​នោះ មាន​ព្រះហឫ‌ទ័យ​ក្តួល​អាណិត ក៏​លែង​វា​ឲ្យ​ទៅ ព្រម​ទាំង​លែង​ទារ​បំណុល​ផង
28 តែ​កាល​បាវ​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ជួប​ប្រទះ​នឹង​គូ‌កន​ម្នាក់ ដែល​ជំពាក់​ខ្លួន​២០​រៀល នោះ​វា​ចាប់​ច្របាច់​ក​អ្នក​នោះ ដោយ​ពាក្យ​ថា ចូរ​សង​ប្រាក់​ដែល​ជំពាក់​អញ​នោះ​មក
29 អ្នក​នោះ​ក៏​ទម្លាក់​ខ្លួន ក្រាប​ចុះ​នៅ​ទៀប​ជើង សូម​អង្វរ​ថា សូម​មេត្តា​បង្អង់​ឲ្យ​ខ្ញុំ​សិន ខ្ញុំ​នឹង​សង​ជូន​អ្នក
30 តែ​វា​មិន​ព្រម​ទេ ត្រឡប់​ជា​បាន​ចាប់​អ្នក​នោះ នាំ​ទៅ​ដាក់​គុក​វិញ ទាល់​តែ​បាន​សង​បំណុល​រួច
31 កាល​ពួក​គូ‌កន​គេ​បាន​ឃើញ​ការ​នោះ គេ​មាន​ចិត្ត​ឈឺ‌ឆ្អាល​ណាស់ ក៏​នាំ​គ្នា​ទៅ​ទូល​ដល់​ចៅ‌ហ្វាយ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មក
32 ចៅ‌ហ្វាយ​ក៏​ឲ្យ​គេ​ហៅ​បាវ​នោះ​មក រួច​មាន​ព្រះ‌បន្ទូល​ថា នែ អា​បម្រើ​អាក្រក់ អញ​បាន​លែង​ទារ​បំណុល​ឯង​ទាំង​អស់​ហើយ​តើ ពី​ព្រោះ​ឯង​បាន​អង្វរ​ដល់​អញ
33 ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូ‌កន​ឯង ដូច​ជា​អញ​បាន​អាណិត​មេត្តា​ដល់​ឯង​ដែរ​ទេ​ឬ​អី
34 ចៅ‌ហ្វាយ​ក៏​មាន​សេចក្ដី​ក្រោធ ហើយ​បញ្ជូន​វា​ទៅ​ឯ​មេភូ​ឃុំ ទាល់​តែ​បាន​សង​បំណុល​នោះ​គ្រប់​ចំនួន
35 យ៉ាង​នោះ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ការ​រំលង​របស់​បង​ប្អូន ដោយ​ស្ម័គ្រ​ពី​ចិត្ត​ទេ នោះ​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ។