នាង​រស់

1 2 3 4


ជំពូក 3

គ្រា​នោះ ន៉ាអូមី​ជា​ម្តាយ​ក្មេក និយាយ​ទៅ​នាង​ថា កូន​អើយ គួរ​ឲ្យ​អញ​រក​ទី​សម្រាក​ឲ្យ​ឯង​ដែរ ដើម្បី​ឲ្យ​ឯង​បាន​ស្រួល​វិញ
2 ឯ​បូអូស ដែល​ឯង​បាន​នៅ​ជា​មួយ​នឹង​ពួក​ស្រី​របស់​លោក នោះ​ជា​សាច់‌ញាតិ​នឹង​យើង​ហើយ មើល នៅ​យប់​នេះ​ឯង លោក​នឹង​រោយ​ស្រូវ​ឱក​នៅ​ទីលាន
3 ដូច្នេះ ចូរ​ឯង​ងូត​ទឹក រួច​លាប​គ្រឿង​ក្រអូប ហើយ​តែង​ខ្លួន​ចូល​ទៅ​ឯ​ទីលាន​នោះ​ចុះ តែ​កុំ​ឲ្យ​លោក​ស្គាល់​ឯង​ឡើយ ដរាប​ដល់​លោក​បាន​ស៊ី​ផឹក​ហើយ
4 លុះ​ដល់​កាល​ណា​លោក​សំរាន្ត នោះ​ត្រូវ​ឲ្យ​ឯង​កំណត់​ចំណាំ​កន្លែង​របស់​លោក រួច​ចូល​ទៅ​បើក​ផួយ​ពី​ខាង​ចុង​ជើង​លោក​ចូល​ដេក​ទៅ នោះ​លោក​នឹង​ប្រាប់​ឲ្យ​ឯង​ដឹង​ពី​ការ​ដែល​ត្រូវ​ធ្វើ​ដូច​ម្តេច
5 នាង​ក៏​ជម្រាប​គាត់​ថា ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អ្នក​ម្តាយ​មាន​ប្រសាសន៍​មក​នោះ។
6 នាង​ក៏​ចុះ​ទៅ​ឯ​ទីលាន ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ម្តាយ​ក្មេក​បាន​បង្គាប់​មក
7 កាល​បូអូស​បាន​ស៊ី​ផឹក​មាន​ចិត្ត​រីក‌រាយ​ឡើង នោះ​លោក​ក៏​ទៅ​ដេក​នៅ​ចុង​គំនរ​កណ្តាប់​ស្រូវ រួច​នាង​លប​ចូល​ទៅ បើក​ផួយ​ពី​ខាង​ចុង​ជើង​លោក​ដេក​ទៅ
8 លុះ​ដល់​ពេល​កណ្តាល​អធ្រាត្រ នោះ​លោក​ក៏​នឹក​ខ្លាច ហើយ​ភ្ងារ​ប្រែ​ខ្លួន​មក ឃើញ​មាន​ស្ត្រី​ម្នាក់​ដេក​នៅ​ត្រង់​ចុង​ជើង​របស់​ខ្លួន
9 លោក​សួរ​ថា​អ្នក​ណា​នេះ នាង​ឆ្លើយ​ថា ខ្ញុំ​ឈ្មោះ​រស់ ជា​បាវ​ស្រី​របស់​លោក សូម​បណ្តោយ​ផួយ​លោក​មក​ដណ្តប់​ឲ្យ​បាវ​ស្រី​ផង ដ្បិត​លោក​ជា​អ្នក​មាន​ច្បាប់​នឹង​លោះ​បាន
10 លោក​តប​ថា នាង​អើយ សូម​ឲ្យ​នាង​បាន​ប្រកប​ដោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា​ចុះ នាង​បាន​សម្ដែង​ទឹក​ចិត្ត​ដ៏​សប្បុរស នៅ​ជាន់​ក្រោយ​នេះ វិសេស​ជាង​មុន​ណាស់ ដោយ​នាង​មិន​បាន​ទៅ​តាម​កំលោះៗ ទោះ​ក្រ ឬ​មាន​ផង
11 ឥឡូវ​នេះ នាង​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ធ្វើ​សម្រេច​ឲ្យ​នាង​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​នាង​និយាយ​នេះ ដ្បិត​មនុស្ស​ទាំង​អស់​នៅ​ទី​ក្រុង​ខ្ញុំ​នេះ​ដឹង​ហើយ​ថា នាង​ជា​ស្ត្រី​ល្អ​ត្រឹម​ត្រូវ​ណាស់
12 ឯ​ខ្ញុំៗ​មាន​ច្បាប់​នឹង​លោះ​មែន ប៉ុន្តែ មាន​ម្នាក់​ទៀត​ដែល​ជា​សាច់‌ញាតិ​ជិត​ជាង​ខ្ញុំ​ទៅ​ទៀត
13 ដូច្នេះ ចូរ​បង្អង់​នៅ​យប់​នេះ​សិន ចាំ​ដល់​ព្រឹក​ឡើង បើ​គេ​ចង់​សម្រេច​នឹង​នាង តាម​ច្បាប់​ជា​សាច់‌ញាតិ​ជិត‌ដិត​គ្នា នោះ​ចូរ​ឲ្យ​គេ​សម្រេច​ចុះ តែ​បើ​អ្នក​នោះ​មិន​ព្រម​ទេ នោះ​ខ្ញុំ​នឹង​សម្រេច​ជា​សាច់‌ញាតិ​ជិត‌ដិត​នឹង​នាង​វិញ ខ្ញុំ​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ដូច្នេះ​ហើយ ចូរ​ដេក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ។
14 នាង​ក៏​ដេក​នៅ​ត្រង់​ចុង​ជើង​លោក ទាល់​តែ​ព្រឹក រួច​ក្រោក​ឡើង​មុន​ពេល​ដែល​មើល​គ្នា​ស្គាល់ ដ្បិត​លោក​បាន​ហាម​ថា កុំ​ឲ្យ​អ្នក​ណា​ដឹង​ថា មាន​ស្ត្រី​មក​ក្នុង​ទី​លាន​នេះ​ឲ្យ​សោះ
15 រួច​លោក​ប្រាប់​ថា ចូរ​យក​ក្រមា​ដែល​នាង​បង់​នោះ មក​ត្រដាង​កាន់​ទៅ នាង​ក៏​ត្រដាង នោះ​លោក​វាល់​ស្រូវ​ឱក​៦​រង្វាល់ ដាក់​ឲ្យ​នាង​ទូល រួច​នាង​ក៏​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ
16 កាល​បាន​មក​ដល់​ម្តាយ​ក្មេក នោះ​គាត់​សួរ​ថា តើ​ឯង​ឬ​អី កូន​អើយ នាង​ក៏​រៀប‌រាប់​ប្រាប់​ពី​គ្រប់​ទាំង​សេចក្ដី ដែល​លោក​បាន​ប្រព្រឹត្ត​ដល់​នាង
17 ហើយ​នាង​និយាយ​ថា លោក​ឲ្យ​ស្រូវ​ឱក​មក​ខ្ញុំ​៦​រង្វាល់​នេះ ដោយ​ពាក្យ​ថា កុំ​ឲ្យ​នាង​ត្រឡប់​ទៅ​ឯ​ម្តាយ​ក្មេក​វិញ​ដោយ​ដៃ​ទទេ​ឡើយ
18 ដូច្នេះ ន៉ាអូមី​ប្រាប់​ថា កូន​អើយ ចូរ​ឯង​នៅ​ស្ងៀម ចាំ​មើល​ការ​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា ដ្បិត​នៅ​ថ្ងៃ​នេះ​លោក​មិន​ឈប់​ខាន​ទេ ទាល់​តែ​បាន​បង្ហើយ​ការ​នោះ​ជា​ស្រេច។