នាងរស់
ជំពូក 4
រីឯបូអូស លោកឡើងទៅអង្គុយនៅត្រង់ទ្វារទីក្រុង លំដាប់នោះសាច់ញាតិជិតដិត ដែលបូអូសបាននិយាយនោះ គាត់ក៏មកដល់ បូអូសហៅថា នែ បងអើយ សូមបែរមកអង្គុយនៅទីនេះសិន ដូច្នេះ គាត់ក៏បែរចូលមកអង្គុយ
2 ឯបូអូសលោកហៅយកពួកចាស់ទុំក្នុងក្រុងនោះចំនួន១០នាក់មកជម្រាបថា សូមអង្គុយនៅទីនេះចុះ គេក៏អង្គុយនៅ
3 រួចលោកនិយាយទៅសាច់ញាតិជិតដិតនោះថា ន៉ាអូមី ដែលបានវិលត្រឡប់មក ពីស្រុកម៉ូអាប់វិញ គាត់ចង់លក់ដី១ក្បាលរបស់អេលីម៉ាលេច ជាបងប្អូនយើង
4 ហើយខ្ញុំបានគិតថា ត្រូវជម្រាបឲ្យបងដឹងដែរ ដូច្នេះ សូមឲ្យបងទិញដីនោះ នៅចំពោះពួកអ្នកដែលអង្គុយនៅទីនេះ ហើយនៅមុខពួកចាស់ទុំនៃសាសន៍យើងចុះ បើបងចង់លោះដីនោះ សូមលោះទៅ តែបើមិនចង់លោះទេ សូមប្រាប់ឲ្យខ្ញុំបានដឹងផង ដ្បិតក្រៅពីបង នោះគ្មានអ្នកណាទៀតមានច្បាប់នឹងលោះបានទេ មានតែខ្ញុំដែលជាអ្នកបន្ទាប់បងប៉ុណ្ណោះ អ្នកនោះឆ្លើយឡើងថា ខ្ញុំព្រមលោះដែរ
5 បូអូសជម្រាបថា នៅថ្ងៃណាដែលបងទិញដីនោះពីន៉ាអូមី នោះត្រូវទិញពីនាងរស់ ជាសាសន៍ម៉ូអាប់ ប្រពន្ធរបស់បងប្អូនយើង ដែលស្លាប់នោះដែរ ដើម្បីនឹងបង្កើតឈ្មោះអ្នកនោះ នៅក្នុងមរដកគាត់ឡើងវិញ
6 អ្នកនោះឆ្លើយឡើងថា ខ្ញុំនឹងលោះសម្រាប់ខ្លួនខ្ញុំមិនបានទេ ក្រែងខ្ញុំបង្ខូចមរដករបស់ខ្ញុំទៅ ដូច្នេះ ចូរអ្នកយកច្បាប់របស់ខ្ញុំ និងលោះចុះ ដ្បិតខ្ញុំលោះមិនបានទេ។
7 រីឯនៅស្រុកអ៊ីស្រាអែល កាលពីដើមចំណែកខាងឯការលោះ ឬប្តូរ ដើម្បីនឹងសម្រេចគ្រប់ទាំងការ នោះត្រូវឲ្យម្នាក់ដោះស្បែកជើង ឲ្យដល់ម្នាក់ទៀត ការយ៉ាងនោះទុកជាទីបន្ទាល់ ឲ្យបានសម្រេចការក្នុងស្រុកអ៊ីស្រាអែល
8 ដូច្នេះ អ្នកដែលមានច្បាប់លោះនោះ ក៏និយាយទៅបូអូសថា ចូរទិញដីនោះសម្រាប់ខ្លួនអ្នកចុះ រួចក៏ដោះស្បែកជើងរបស់ខ្លួនចេញ
9 នោះបូអូសក៏ប្រកាសដល់ពួកចាស់ទុំ និងមនុស្សទាំងនោះថា នៅថ្ងៃនេះ សូមអ្នករាល់គ្នាចាំជាសាក្សីថា ខ្ញុំបានទិញទាំងអស់ដែលជារបស់អេលីម៉ាលេច និងរបស់គីលីយ៉ុន ហើយម៉ាឡូនពីន៉ាអូមីហើយ
10 មួយទៀត ខ្ញុំបានទិញនាងរស់ សាសន៍ម៉ូអាប់ ជាប្រពន្ធរបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំដែរ ដើម្បីនឹងបង្កើតឈ្មោះរបស់ម៉ាឡូននោះ នៅក្នុងមរដកគាត់ឡើងវិញ ប្រយោជន៍កុំឲ្យឈ្មោះគាត់ត្រូវកាត់ចេញពីពួកបងប្អូន និងពីទ្វារទីលំនៅរបស់គាត់ឡើយ អ្នករាល់គ្នាជាទីបន្ទាល់ នៅថ្ងៃនេះឯង
11 ដូច្នេះ ពួកអ្នកដែលនៅត្រង់ទ្វារក្រុង និងពួកចាស់ទុំក៏ឆ្លើយឡើងថា យើងទាំងអស់គ្នាជាទីបន្ទាល់ពិត សូមព្រះយេហូវ៉ាប្រោសឲ្យស្រីដែលចូលមកក្នុងផ្ទះអ្នក បានដូចជានាងរ៉ាជែល និងនាងលេអា ដែលទាំង២នោះបានបង្កើតពួកគ្រួអ៊ីស្រាអែលឡើងដែរ ក៏សូមឲ្យអ្នកបានចម្រើនឡើងក្នុងស្រុកអេប្រាតា ហើយមានល្បីឈ្មោះក្នុងក្រុងបេថ្លេហិមផង
12 សូមឲ្យអ្នកបានបង្កើតគ្រួសារឡើង អំពីពូជដែលព្រះយេហូវ៉ានឹងប្រទានដល់អ្នក ដោយសារស្ត្រីនេះ ឲ្យបានដូចជាគ្រួរបស់ពេរេស ជាកូនដែលនាងតាម៉ារ បានបង្កើតឲ្យយូដាដែរ។
13 ដូច្នេះ បូអូសបានយកបានយកនាងរស់ធ្វើជាប្រពន្ធ ក៏ចូលទៅឯនាង ហើយព្រះយេហូវ៉ាទ្រង់ប្រោសឲ្យនាងមានទំងន់បង្កើតបានកូនប្រុស១
14 នោះពួកស្រីៗ គេនិយាយនឹងន៉ាអូមីថា សូមឲ្យព្រះយេហូវ៉ា ដែលទ្រង់មិនបានទុកអ្នកឲ្យឥតមានសាច់ញាតិជិតដិតនៅថ្ងៃនោះ បានប្រកបដោយព្រះពរ សូមឲ្យលោកបានល្បីទួទៅក្នុងពួកអ៊ីស្រាអែល
15 កូននេះនឹងបានសម្រាប់ជាទីតាំងជីវិតរបស់អ្នកឡើងវិញ ហើយនិងចិញ្ចឹមអ្នក ក្នុងកាលដែលចាស់ផង ដ្បិតកូនប្រសាស្រីដែលស្រឡាញ់អ្នក ហើយក៏វិសេសដល់អ្នក ជាជាងកូនប្រុស៧នាក់ផង នាងបានបង្កើតវាមក
16 ន៉ាអូមីក៏យកកូនតូចមកបីបម ហើយថែរក្សា
17 ឯពួកស្រីជាអ្នកជិតខាង គេក៏ដាក់ឈ្មោះកូននោះថា អូបិឌ ដោយថា មានកូនប្រុស១កើតមកឲ្យន៉ាអូមី នោះហើយជាឪពុកអ៊ីសាយ ដែលជាឪពុកដាវីឌ។
18 នេះហើយជាពង្សាវតាររបស់ពេរេស គឺពេរេសបង្កើតហេស្រុន
19 ហេស្រុនបង្កើតរ៉ាមៗបង្កើតអ័មីន៉ាដាប់
20 អ័មីន៉ាដាប់បង្កើតណាសូនៗបង្កើតសាលម៉ូន
21 សាលម៉ូនបង្កើតបូអូសៗបង្កើតអូបិឌ
22 អូបិឌបង្កើតអ៊ីសាយៗបង្កើតដាវីឌ។:៚