របាក្សត្រ ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29


ជំពូក 28

គ្រា​នោះ ដាវីឌ​ទ្រង់​ប្រមូល​ពួក​អ្នក ដែល​ជា​ប្រធាន​ក្នុង​សាសន៍​អ៊ីស្រា‌អែល ពួក​ចៅ‌ហ្វាយ​នៃ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ពួក​នាយ​ដែល​ត្រួត​លើ​ពួក​អ្នក​ផ្គត់‌ផ្គង់​ស្បៀង​ថ្វាយ​ស្តេច​តាម​វេន ពួក​មេ​ទ័ព​ធំ​តូច ពួក​អ្នក​ដែល​ត្រួត​លើ​ព្រះ‌រាជ​ទ្រព្យ​របស់​ស្តេច និង​ពួក​បុត្រា​ទ្រង់​ទាំង​ប៉ុន្មាន និង​ពួក​ឧកញ៉ា គឺ​ជា​ពួក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ទាំង​អស់​មក​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម
2 រួច​ស្តេច​ដាវីឌ​ទ្រង់​ក្រោក​ឈរ​ឡើង​មាន ព្រះ‌បន្ទូល​ថា ឱ​បង​ប្អូន ជា​រាស្ត្រ​របស់​យើង​អើយ ចូរ​ស្តាប់​ចុះ ឯ​យើង​បាន​មាន​បំណង​ចង់​ស្អាង​ព្រះ‌វិហារ សម្រាប់​ឲ្យ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​បាន​សម្រាក​នៅ ហើយ​ទុក​ជា​ទី​កំណល់​កល់​ព្រះ​បាទ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា យើង​ក៏​បាន​ត្រៀម​ទុក​សម្រាប់​ការ​ស្អាង​នោះ​ដែរ
3 តែ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង​ថា ឯង​មិន​ត្រូវ​ស្អាង​ព្រះ‌វិហារ សម្រាប់​ឈ្មោះ​អញ​ឡើយ ដ្បិត​ឯង​ជា​មនុស្ស​ធ្លាប់​ធ្វើ​ចម្បាំង​មក ហើយ​បាន​កម្ចាយ​ឈាម​ផង
4 ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​រើស​យើង​ចេញ​ពី​ពួក​វង្ស​របស់​បិតា​យើង​ទាំង​ប៉ុន្មាន ឲ្យ​បាន​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ជា​ដរាប​ទៅ ដ្បិត​ទ្រង់​បាន​រើស​ពួក​យូដា​ទុក​ជា​មេ ហើយ​ក្នុង​ពួក​វង្ស​យូដា នោះ​ទ្រង់​បាន​រើស​យក​វង្ស​របស់​បិតា​យើង ហើយ​ក្នុង​ពួក​បុត្រ​របស់​បិតា​យើង នោះ​ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យើង ដើម្បី​លើក​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់
5 ហើយ​ក្នុង​ពួក​បុត្រ​យើង​ទាំង​ប៉ុន្មាន (ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស ឲ្យ​យើង​បាន​បុត្រ​ជា​ច្រើន) នោះ​ទ្រង់​បាន​រើស​សាឡូ‌ម៉ូន ជា​បុត្រ​យើង ឲ្យ​បាន​គង់​លើ​បល្ល័ង្ក‌រាជ្យ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល
6 ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​យើង​ថា សាឡូ‌ម៉ូន ជា​កូន​ឯង នឹង​ស្អាង​ព្រះ‌វិហារ ព្រម​ទាំង​ទី​លាន​ឲ្យ​អញ ដ្បិត​អញ​បាន​រើស​វា ឲ្យ​បាន​ធ្វើ​ជា​កូន​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​វា
7 អញ​នឹង​តាំង​រាជ្យ​វា ឲ្យ​នៅ​ជាប់​ជានិច្ច​ទៅ គឺ​បើ​វា​កាន់​ខ្ជាប់​តាម​ក្រឹត្យ‌ក្រម និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ ដូច​ជា​សព្វ​ថ្ងៃ​នេះ
8 ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​ចំពោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អម្បាល‌ម៉ាន ជា​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ចំពោះ​ព្រះ​នៃ​យើង​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្វែង​រក ហើយ​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​បាន​ស្រុក​ល្អ​នេះ ទុក​ជា​កេរ‌អាករ​នៃ​អ្នក​រាល់​គ្នា ហើយ​ទុក​ជា​មរដក​ដល់​កូន​ចៅ​អ្នក​រាល់​គ្នា​ខាង​ក្រោយ​ត​ទៅ។
9 ហើយ​ឯ​ឯង ឱ​សាឡូ‌ម៉ូន ជា​កូន​អញ​អើយ ចូរ​ឲ្យ​ឯង​បាន​ស្គាល់​ព្រះ​នៃ​ឪពុក​ឯង​ចុះ ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ទ្រង់ ដោយ​អស់​ពី​ចិត្ត ហើយ​ស្ម័គ្រ‌ស្មោះ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ស្ទង់​អស់​ទាំង​ចិត្ត ក៏​យល់​អស់​ទាំង​សេចក្ដី​ដែល​យើង​គិត​ដែរ បើ​ឯង​រក​ទ្រង់ នោះ​នឹង​បាន​ឃើញ​មែន តែ​បើ​ឯង​បោះ‌បង់​ចោល​ទ្រង់​វិញ នោះ​ទ្រង់​ក៏​នឹង​បោះ‌បង់​ចោល​ឯង​ជា​ដរាប​ទៅ
10 ឥឡូវ​នេះ ចូរ​ឯង​ប្រុង​ប្រយ័ត ដ្បិត​ព្រះ‌យេហូវ៉ា​បាន​រើស​ឯង ឲ្យ​បាន​ស្អាង​ព្រះ‌វិហារ ទុក​ជា​ទី​បរិសុទ្ធ ដូច្នេះ ចូរ​ឯង​មាន​កម្លាំង​ឡើង ហើយ​ធ្វើ​សម្រេច​ចុះ។
11 នោះ​ដាវីឌ​ក៏​ប្រគល់​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន ដល់​សាឡូ‌ម៉ូន ជា​បុត្រ​ទ្រង់ គឺ​ជា​គំរូ​នៃ​បាំង‌សាច មន្ទីរ​ទាំង​ប៉ុន្មាន ឃ្លាំង បន្ទប់​ខាង​លើ បន្ទប់​ខាង​ក្នុង និង​កន្លែង​ដាក់​ទី​សន្តោស​ប្រោះ
12 ហើយ​និង​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ដោយ​ព្រះ‌វិញ្ញាណ សម្រាប់​ទី​លាន​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា អស់​ទាំង​បន្ទប់​នៅ​ជុំវិញ ដែល​សម្រាប់​ជា​ឃ្លាំង​របស់​ព្រះ‌វិហារ​នៃ​ព្រះ និង​ឃ្លាំង​នៃ​តង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន
13 ហើយ​សម្រាប់​វេន​ពួក​សង្ឃ និង​ពួក​លេវី ហើយ​សម្រាប់​កិច្ច‌ការ​នៃ​ការ‌ងារ​ទាំង​អស់ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គ្រឿង​ប្រដាប់​ដែល​ប្រើ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ
14 ដាវីឌ​ទ្រង់​ក៏​ប្រគល់​គំរូ​នៃ​ប្រដាប់​ដែល​ត្រូវ​ធ្វើ​ពី​មាស​សម្រាប់​ប្រើ​គ្រប់​យ៉ាង ព្រម​ទាំង​ទំងន់​នៃ​ប្រដាប់​នីមួយៗ​នោះ និង​គំរូ​នៃ​ប្រដាប់ ដែល​ត្រូវ​ធ្វើ​ពី​ប្រាក់​សម្រាប់​ប្រើ​គ្រប់​យ៉ាង ព្រម​ទាំង​ទំងន់​នៃ​ប្រដាប់​នីមួយៗ​នោះ​ដែរ
15 គឺ​កំណត់​ទំងន់​មាស សម្រាប់​ធ្វើ​ជើង​ចង្កៀង​មាស និង​តួ​ចង្កៀង​នោះ គឺ​ជា​ទំងន់​ជើង​ចង្កៀង​នីមួយៗ និង​តួ​ចង្កៀង​នីមួយៗ ហើយ​កំណត់​ទំងន់​ប្រាក់ សម្រាប់​ធ្វើ​ជើង​ចង្កៀង​ប្រាក់ ទាំង​ជើង និង​តួ​ចង្កៀង​នោះ​ផង តាម​របៀប​ប្រើ​ជើង​ចង្កៀង​នីមួយៗ​នោះ
16 ហើយ​មាស​សម្រាប់​ធ្វើ​តុ​នំបុ័ង​តាំង​ទុក និង​ប្រាក់​សម្រាប់​អស់​ទាំង​តុ​ធ្វើ​ពី​ប្រាក់​ដែរ
17 ព្រម​ទាំង​សម ចាន‌គោម និង​ពែង​ដែល​ធ្វើ​ពី​មាស​សុទ្ធ និង​ផ្តិល​មាស តាម​ទំងន់​នីមួយៗ ហើយ​ផ្តិល​ប្រាក់​ទាំង​ប៉ុន្មាន​តាម​ទំងន់
18 និង​មាស​សុទ្ធ​សម្រាប់​អាសនៈ​គ្រឿង​ក្រអូប​តាម​ទំងន់​ផង ទ្រង់​ក៏​ប្រគល់​គំរូ​ដែល​សម្រាប់​ធ្វើ​រទេះ និង​ចេរូប៊ីន ដែល​ត្រដាង​ស្លាប​គ្រប​ពី​លើ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ដែរ
19 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បណ្តា​បែប​យ៉ាង​ទាំង​នេះ​បាន​កត់​ទុក ដោយ​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ឲ្យ​អញ​បាន​យល់​ហើយ គឺ​អស់​ទាំង​របៀប​នៃ​គំរូ​ទាំង​នេះ​ឯង។
20 ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​សាឡូ‌ម៉ូន​ជា​ព្រះ‌រាជ‌បុត្រា​ថា ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ហើយ​ធ្វើ​សម្រេច​ចុះ កុំ​ឲ្យ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​អញ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ជួយ​ឯង​ឡើយ ក៏​មិន​បោះ‌បង់​ចោល​ឯង​ដែរ ដរាប​ដល់​អស់​ទាំង​ការ​ដែល​ធ្វើ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នេះ​បាន​សម្រេច
21 ហើយ​មើល មាន​វេន​ពួក​សង្ឃ និង​ពួក​លេវី សម្រាប់​គ្រប់​ទាំង​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ដែរ ឯ​អស់​អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត ហើយ​មាន​ថ្វី‌ដៃ​ខាង​ឯ​ការ​អ្វី​ក៏​ដោយ គេ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដើម្បី​នឹង​សម្រេច​ការ​នេះ ចំណែក​ពួក​ចៅ‌ហ្វាយ និង​បណ្តា‌ជន​ទាំង​អស់​គ្នា គេ​នឹង​នៅ​ក្នុង​បង្គាប់​ឯង​ដែរ។