របាក្សត្រ ទី ១
ជំពូក 21
គ្រានោះ សាតាំងក៏ឈរឡើង ទាស់នឹងពួកអ៊ីស្រាអែល បណ្តាលឲ្យដាវីឌរាប់ចំនួនបណ្តារាស្ត្រទាំងឡាយ
2 ដាវីឌទ្រង់មានព្រះបន្ទូលទៅយ៉ូអាប់ និងពួកជាប្រធានលើបណ្តាជនថា ចូរទៅរាប់ចំនួនសាសន៍អ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ក្រុងដាន់ទៅ រួចមកប្រាប់យើងឲ្យបានដឹងចំនួនផង
3 យ៉ូអាប់តបថា សូមឲ្យព្រះយេហូវ៉ាចម្រើនពួកជនរបស់ទ្រង់ ឲ្យបាន១ជា១០០ភាគឡើង តែបពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំ តើគេមិនមែនសុទ្ធតែជាអ្នកបម្រើរបស់ទ្រង់ព្រះករុណាទេឬអី ចុះហេតុអ្វីបានជាទ្រង់ព្រះករុណាបង្គាប់ឲ្យធ្វើការនេះ ទ្រង់ចង់បណ្តាលឲ្យអ៊ីស្រាអែលមានទោសធ្វើអី
4 ប៉ុន្តែ ព្រះបន្ទូលនៃស្តេចបានឈ្នះវិញ បានជាយ៉ូអាប់លោកបង្គំលាចេញទៅ ដើរគ្រប់ក្នុងស្រុកអ៊ីស្រាអែល រួចត្រឡប់មកឯក្រុងយេរូសាឡឹមវិញ
5 នោះយ៉ូអាប់ក៏បង្ហាញចំនួននៃជនទាំងឡាយ ដែលបានរាប់នោះថ្វាយដាវីឌ គឺពួកអ៊ីស្រាអែលទាំងអស់ ដែលចេះកាន់ដាវ នោះមាន១លាន១សែននាក់ ហើយពួកយូដាដែលចេះកាន់ដាវ នោះមាន៤សែន៧ម៉ឺននាក់
6 តែពួកលេវី និងពួកបេនយ៉ាមីន លោកមិនបានរាប់ក្នុងពួកគេទេ ដ្បិតព្រះបន្ទូលនៃស្តេចជាទីទំនាស់ចិត្ត ដល់យ៉ូអាប់
7 ហើយព្រះក៏មិនសព្វព្រះហឫទ័យនឹងការនោះដែរ ហេតុដូច្នោះ ទ្រង់ក៏ប្រហារសាសន៍អ៊ីស្រាអែល
8 ឯដាវីឌទ្រង់ទូលដល់ព្រះថា ទូលបង្គំបានធ្វើបាបមានទំងន់ណាស់ ដោយធ្វើការនេះ តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះការអាក្រក់របស់ទូលបង្គំផង ដ្បិតទូលបង្គំបានប្រព្រឹត្តដោយបែបចម្កួតណាស់។
9 ខណៈនោះ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់កាឌ់ ជាអ្នកមើលឆុតរបស់ដាវីឌ
10 ឲ្យចូលទៅប្រាប់ដាវីឌថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញដាក់សេចក្ដីទាំង៣នេះឲ្យឯង ចូររើសយក១ចុះ ឲ្យអញបានធ្វើយ៉ាងនោះដល់ឯង
11 កាឌ់ក៏ចូលទៅទូលនឹងដាវីឌថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូររើសយក១ចុះ
12 ទោះបើជាសេចក្ដីអំណត់អស់៣ឆ្នាំ ឬឲ្យពួកខ្មាំងសត្រូវបំផ្លាញ ក្នុងរវាង៣ខែ កំពុងដែលដាវរបស់ពួកខ្មាំងតាមឯងទាន់ ឬជាដាវនៃព្រះយេហូវ៉ា នៅរវាង៣ថ្ងៃវិញ គឺជាជំងឺអាសន្នរោគកើតឡើងក្នុងស្រុក និងទេវតានៃព្រះយេហូវ៉ាបំផ្លាញទួទៅអស់ទាំងដែនស្រុកអ៊ីស្រាអែល ដូច្នេះ សូមពិចារណាឥឡូវនេះចុះ តើចង់ឲ្យទូលបង្គំឆ្លើយដល់ព្រះដែលចាត់ឲ្យទូលបង្គំមកជាយ៉ាងណា
13 ដាវីឌទ្រង់មានព្រះបន្ទូលទៅកាឌ់ថា យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងធ្លាក់ទៅក្នុងព្រះហស្តនៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ទ្រង់ធំណាស់ កុំឲ្យយើងធ្លាក់ទៅក្នុងកណ្តាប់ដៃនៃមនុស្សឡើយ
14 ដូច្នេះ ព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យមានជំងឺអាសន្នរោគកើតឡើង ក្នុងពួកអ៊ីស្រាអែល ហើយពួកអ៊ីស្រាអែលក៏ដួលស្លាប់អស់៧ម៉ឺននាក់
15 ព្រះទ្រង់ក៏ចាត់ទេវតា១ទៅបំផ្លាញក្រុងយេរូសាឡឹម តែកាលទេវតានោះហៀបនឹងបំផ្លាញទៅ នោះព្រះយេហូវ៉ាទ្រង់ទតឃើញ ក៏មានព្រះហឫទ័យរំជួល ថយចេញពីការអាក្រក់នោះ ហើយមានព្រះបន្ទូលទៅទេវតាដែលបំផ្លាញថា ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ ខណៈនោះ ទេវតានៃព្រះយេហូវ៉ាកំពុងតែឈរ នៅជិតលានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស
16 ដាវីឌទ្រង់ងើបព្រះនេត្រឡើង ឃើញទេវតានៃព្រះយេហូវ៉ាកំពុងឈរ នៅកណ្តាលមេឃ និងផែនដី មានដាវហូតជាស្រេចនៅដៃ លូកទៅលើក្រុងយេរូសាឡឹម នោះដាវីឌ និងពួកចាស់ទុំដែលស្លៀកសំពត់ធ្មៃក៏ផ្តួលខ្លួនក្រាបចុះផ្កាប់មុខ
17 ហើយដាវីឌទ្រង់ទូលដល់ព្រះថា គឺទូលបង្គំទេតើ ដែលបង្គាប់ឲ្យរាប់ចំនួនជនទាំងឡាយ គឺទូលបង្គំដែលបានធ្វើបាប ហើយប្រព្រឹត្តដោយការល្មើស តែពួកចៀមទាំងនេះវិញ តើគេបានធ្វើខុសអ្វី ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រះហស្តទ្រង់បានទាស់នឹងទូលបង្គំ ហើយនិងពួកវង្សរបស់ទូលបង្គំចុះ សូមកុំឲ្យទាស់នឹងរាស្ត្ររបស់ទ្រង់ ឲ្យគេត្រូវវេទនាឡើយ។
18 នោះទេវតានៃព្រះយេហូវ៉ាបង្គាប់ដល់កាឌ់ ឲ្យទៅទូលដាវីឌ ឲ្យទ្រង់ឡើងទៅស្អាងអាសនៈ១ ថ្វាយព្រះយេហូវ៉ា ត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស
19 ដូច្នេះ ដាវីឌក៏ឡើងទៅ តាមពាក្យដែលកាឌ់បានទូលដោយនូវព្រះនាមព្រះយេហូវ៉ា
20 កាលអ័រ៉ៅណាកំពុងតែបញ្ជាន់ស្រូវ នោះស្រាប់តែបែរមកឃើញទេវតា ឯកូនគាត់ទាំង៤នាក់ដែលនៅជាមួយ ក៏ពួនខ្លួន
21 ហើយកំពុងដែលដាវីឌយាងមកឯអ័រ៉ៅណា នោះគាត់ក៏ក្រឡេកទៅឃើញ រួចចេញពីទីលានមក ក្រាបផ្កាប់មុខចុះដល់ដីនៅចំពោះដាវីឌ
22 ឯដាវីឌ ទ្រង់មានព្រះបន្ទូលនឹងគាត់ថា សូមឲ្យដីទីលាននេះមកយើងចុះ ដើម្បីនឹងស្អាងអាសនៈ១ថ្វាយព្រះយេហូវ៉ា ចូរលក់ឲ្យយើងពេញថ្លៃចុះ ប្រយោជន៍ដើម្បីឲ្យសេចក្ដីវេទនានេះ បានបាត់ចេញពីបណ្តាជនទៅ
23 អ័រ៉ៅណាគាត់ទូលតបថា បពិត្រព្រះករុណា សូមទ្រង់ទទួលយកចុះ ហើយសូមឲ្យព្រះអម្ចាស់ទ្រង់ធ្វើតាមតែបំណងព្រះហឫទ័យទ្រង់ចុះ មើល ទូលបង្គំក៏ថ្វាយគោ សម្រាប់តង្វាយដុត ប្រដាប់បញ្ជាន់ស្រូវ សម្រាប់ជាឧស និងស្រូវនេះ សម្រាប់ជាតង្វាយម្សៅផង ទូលបង្គំថ្វាយទាំងអស់
24 តែស្តេចដាវីឌទ្រង់មានព្រះបន្ទូលនឹងអ័រ៉ៅណាថា កុំឡើយ គឺយើងចង់ទិញដោយពេញថ្លៃវិញ យើងមិនព្រមយករបស់ឯង ទៅថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយតង្វាយដុតណា ដោយឥតបង់ថ្លៃទិញនោះឡើយ
25 ដូច្នេះ ដាវីឌក៏ថ្លឹងមាសតម្លៃ៦០០រៀល ឲ្យដល់អ័រ៉ៅណា ប្តូរនឹងទីលាន
26 រួចទ្រង់ស្អាងអាសនៈ១ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏ថ្វាយតង្វាយដុត និងតង្វាយមេត្រី ហើយអំពាវនាវដល់ព្រះយេហូវ៉ា ព្រះទ្រង់ក៏តបពីស្ថានសួគ៌មក ដោយភ្លើងនៅលើអាសនៈតង្វាយដុត
27 ព្រះយេហូវ៉ាទ្រង់បង្គាប់ទៅ ហើយទេវតាក៏ស៊កដាវទៅក្នុងស្រោមវិញ។
28 នៅវេលានោះ កាលដាវីឌឃើញថា ព្រះយេហូវ៉ាបានមានព្រះបន្ទូលតបមកទ្រង់ នៅត្រង់ទីលានរបស់អ័រ៉ៅណាជាសាសន៍យេប៊ូសដូច្នេះ នោះទ្រង់ក៏ថ្វាយយញ្ញបូជានៅទីនោះ
29 ដ្បិតរោងឧបោសថនៃព្រះយេហូវ៉ា ដែលលោកម៉ូសេបានធ្វើនៅទីរហោស្ថាន ហើយអាសនៈតង្វាយដុតនោះនៅលើទីខ្ពស់ត្រង់ក្រុងគីបៀនវិញ
30 ដាវីឌយាងទៅឯមុខអាសនៈនោះ ដើម្បីទូលសួរដល់ព្រះមិនបាន ដោយភ័យខ្លាច ដល់ដាវរបស់ទេវតានៃព្រះយេហូវ៉ា។