របាក្សត្រ ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29


ជំពូក 10

រីឯ​ពួក​ភីលីស្ទីន គេ​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ពួក​ខាង​អ៊ីស្រា‌អែល​ក៏​បាក់​ទ័ព​រត់​ពី​មុខ​ពួក​ភីលីស្ទីន​ចេញ គេ​ដួល​ស្លាប់​នៅ​លើ​ភ្នំ​គីលបោ
2 ពួក​ភីលីស្ទីន​ក៏​ដេញ​តាម​សូល និង​ពួក​បុត្រា​ទ្រង់​យ៉ាង​ប្រកិត បាន​ធ្វើ​គុត​យ៉ូណា‌ថាន អ័ប៊ី‌ន៉ាដាប់ និង​ម៉ាលគី-ស៊ូអា ជា​បុត្រា​សូល​ទៅ
3 ចម្បាំង​នោះ​បាន​ប្រែ​ជា​សាហាវ​ណាស់​ដល់​សូល ពួក​ពល​ធ្នូ​ក៏​តាម​ទ្រង់​ទាន់ ហើយ​ទ្រង់​មាន​សេចក្ដី​វេទនា​ដោយ​ព្រោះ​គេ
4 ដូច្នេះ សូល​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​ទ្រង់​ថា ចូរ​ហូត​ដាវ​ឯង​មក​ចាក់​ទម្លុះ​អញ​ទៅ ក្រែង​ពួក​មិន​កាត់​ស្បែក​នេះ គេ​មក​មើល‌ងាយ​អញ តែ​អ្នក​នោះ​មិន​ហ៊ាន​ទេ ដ្បិត​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង ដូច្នេះ សូល​ក៏​ហូត​យក​ដាវ​របស់​ទ្រង់ ផ្តួល​អង្គ​ទៅ​លើ
5 រួច​កាល​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​ទ្រង់​បាន​ឃើញ​ថា សូល​សុគត​ហើយ​ដូច្នោះ នោះ​គាត់​ក៏​ផ្តួល​ខ្លួន​ទៅ​លើ​ដាវ​របស់​ខ្លួន ស្លាប់​ទៅ​ដែរ
6 គឺ​យ៉ាង​នោះ ដែល​សូល និង​បុត្រា​ទ្រង់​ទាំង​៣ ព្រម​ទាំង​ពួក​វង្ស​ទ្រង់​ទាំង​អស់ បាន​ស្លាប់​ទៅ​ជា​មួយ​គ្នា។
7 កាល​ពួក​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ច្រក​ភ្នំ​បាន​ឃើញ​ថា ពួក​ពល​បែក​រត់​ទៅ ហើយ​ថា សូល និង​ពួក​បុត្រា​ទ្រង់​បាន​សុគត​ហើយ នោះ​គេ​លះ​ចោល​ទី​ក្រុង​របស់​គេ រត់​ទៅ​ដែរ រួច​ពួក​ភីលីស្ទីន​បាន​មក​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ
8 ដល់​ថ្ងៃ​ស្អែក កាល​ពួក​ភីលីស្ទីន​បាន​ទៅ​ដោះ​អស់​ទាំង​របស់​ពី​ខ្មោច​ទាំង​នោះ ក៏​ឃើញ​សព​សូល និង​បុត្រា​ទ្រង់​ទាំង​៣ ដែល​បាន​ដួល​សុគត នៅ​លើ​ភ្នំ​គីលបោ
9 រួច​គេ​ដោះ​គ្រឿង​ពី​ទ្រង់ ព្រម​ទាំង​កាត់​យក​ព្រះ‌សិរ និង​គ្រឿង​សស្ត្រា‌វុធ​ទ្រង់ ចាត់​គេ​ឲ្យ​នាំ​ដំណឹង​ទៅ​ឯ​ស្រុក​ភីលីស្ទីន ប្រាប់​ដល់​ទាំង​រូប​ព្រះ​គេ និង​ពួក​បណ្តា‌ជន​ផង
10 គេ​ដាក់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ នៅ​ក្នុង​វិហារ​របស់​គេ ហើយ​បោះ​ព្រះ‌សិរ​ទ្រង់​ភ្ជាប់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ដាកុន
11 កាល​ពួក​ក្រុង​យ៉ាបេស-កាឡាត​បាន​ឮ​ពី​គ្រប់​ទាំង​ការ​ដែល​ពួក​ភីលីស្ទីន​បាន​ធ្វើ​ដល់​សូល
12 នោះ​ពួក​មនុស្ស​ក្លាហាន​ទាំង​ប៉ុន្មាន ក៏​ក្រោក​ឡើង​ទៅ​យក​ព្រះ‌សព​របស់​សូល និង​ពួក​បុត្រា​ទ្រង់ នាំ​ត្រឡប់​ទៅ​ឯ​ក្រុង​យ៉ាបេស​វិញ រួច​បញ្ចុះ​អដ្ឋិ​ទ្រង់​ក្រោម​ដើម​ម៉ៃសាក់ នៅ​ត្រង់​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អស់​៧​ថ្ងៃ។
13 ដូច្នេះ សូល​បាន​សុគត ដោយ​ព្រោះ​អំពើ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា ដោយ​មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​សួរ​ទំនាយ​នឹង​ស្រី​ជា​គ្រូ​ខាប
14 ឥត​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ហេតុ​នោះ​បាន​ជា​ព្រះ​ធ្វើ​ឲ្យ​ទ្រង់​សុគត ព្រម​ទាំង​បង្វែរ​រាជ្យ​ទៅ​ឲ្យ​ដាវីឌ ជា​បុត្រ​អ៊ីសាយ​វិញ។