ទីតុស
ជំពូក 3
ចូររំឭកគេ ឲ្យចុះចូលនឹងពួកនាម៉ឺន ហើយនិងពួកមានអំណាចទាំងអស់ ព្រមទាំងស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ
2 មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសម្ដែងសេចក្ដីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង
3 ដ្បិតពីដើម យើងរាល់គ្នាក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស ហើយវង្វេងដែរ ទាំងបម្រើសេចក្ដីប៉ងប្រាថ្នា និងសេចក្ដីសម្រើបផ្សេងៗ ទាំងរស់នៅដោយសេចក្ដីគំរក់ និងសេចក្ដីឈ្នានីស យើងក៏គួរខ្ពើម ហើយបានស្អប់គ្នាទៅវិញទៅមកដែរ
4 តែកាលសេចក្ដីសប្បុរស របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង និងសេចក្ដីស្រឡាញ់ របស់ទ្រង់ដល់មនុស្ស បានលេចមកឲ្យឃើញ
5 នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្ដីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសម្អាតនៃសេចក្ដីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ នៃព្រះវិញ្ញាណបរិសុទ្ធ
6 ដែលទ្រង់បានចាក់មកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង
7 ដើម្បីកាលណាយើងបានរាប់ជាសុចរិត ដោយសារព្រះគុណទ្រង់ នោះឲ្យយើងបានត្រឡប់ជាអ្នកគ្រងមរដក តាមសេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច
8 ពាក្យនេះគួរជឿ ហើយខ្ញុំចង់បញ្ជាក់អ្នក ពីសេចក្ដីទាំងនេះឲ្យច្បាស់ ដើម្បីឲ្យពួកអ្នកដែលបានជឿដល់ព្រះ បានខំប្រឹងនឹងធ្វើការល្អអស់ពីចិត្ត នោះទើបល្អ ហើយមានប្រយោជន៍ដល់មនុស្ស
9 ប៉ុន្តែ ចូរចៀសវាងពីសេចក្ដីដេញដោលយ៉ាងល្ងីល្ងើ និងពីរឿងពង្សាវតារ ហើយពីសេចក្ដីឈ្លោះប្រកែក និងសេចក្ដីជជែកពីក្រឹត្យវិន័យចេញទៅ ដ្បិតសេចក្ដីទាំងនោះសុទ្ធតែឥតប្រយោជន៍ ហើយឥតអំពើទាំងអស់
10 ឯមនុស្សណាដែលបង្កើតបក្សពួក នោះត្រូវកាត់គេចោលចេញ ក្នុងពេលក្រោយដែលទូន្មានប្រដៅគេម្តងពីរហើយ
11 ដោយដឹងថា មនុស្សយ៉ាងនោះខូចអស់ហើយ ក៏ចេះតែធ្វើបាប ព្រមទាំងកាត់ទោសខ្លួនគេផង។
12 កាលណាខ្ញុំចាត់អ្នកអើតេម៉ាស ឬអ្នកទីឃីកុសមកឯអ្នក នោះត្រូវខំប្រឹងទៅឯខ្ញុំនៅក្រុងនីកូប៉ូលផង ដ្បិតខ្ញុំបានសម្រេចនឹងនៅទីនោះ ក្នុងរដូវរងានេះ
13 ចូរខំជួយដំណើរឲ្យលោកសេន៉ាស ជាស្មាក្តី និងអ្នកអ័ប៉ុឡូស ឲ្យបានទៅខាងមុខ ដើម្បីមិនឲ្យខ្វះខាតអ្វីឡើយ
14 ហើយត្រូវឲ្យពួកយើងហាត់ធ្វើការល្អឲ្យអស់ពីចិត្ត សម្រាប់បំពេញកិច្ចដែលខ្វះខាត ដើម្បីកុំឲ្យគេនៅតែឥតផលប្រយោជន៍នោះឡើយ។
15 ពួកអ្នកដែលនៅជាមួយនឹងខ្ញុំ គេសូមជម្រាបសួរមកអ្នក សូមឲ្យអ្នកជម្រាបសួរ ដល់ពួកអ្នកដែលស្រឡាញ់យើងខ្ញុំ ក្នុងសេចក្ដីជំនឿផង សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚