ថែស្សាឡូនីច​ទី​១

1 2 3 4 5


ជំពូក 4

មួយ​សោត​ទៀត បង​ប្អូន​អើយ យើង​ខ្ញុំ​អង្វរ ហើយ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌អម្ចាស់​យេស៊ូវ​ថា ចូរ​ដើរ​តាម​ដែល​គួរ​គប្បី ដើម្បី​ឲ្យ​បាន​គាប់​ដល់​ព្រះ‌ហឫទ័យ​ព្រះ​កាន់​តែ​ខ្លាំង​ឡើង ដូច​ជា​បាន​ទទួល​បង្គាប់​ពី​យើង​ខ្ញុំ​រួច​ហើយ
2 ដ្បិត​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​បញ្ញត្ត​ដែល​យើង​ខ្ញុំ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌អម្ចាស់​យេស៊ូវ​ហើយ
3 ដ្បិត​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​អ្នក​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ចៀស​ពី​សេចក្ដី​កំផិត​ចេញ
4 ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នីមួយៗ​ចេះ​រក្សា​អត្ត‌ភាព​ខ្លួន ដោយ​សេចក្ដី​បរិសុទ្ធ និង​សេចក្ដី​ប្រសើរ
5 មិន​មែន​ដោយ​សេចក្ដី​រំជួល​ក្នុង​តណ្ហា ដូច​ជា​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ
6 កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង​ប្អូន​ណា​មួយ​ក្នុង​ការ​នោះ​ឲ្យ​សោះ ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សង‌សឹក​ក្នុង​ការ​ទាំង​នោះ ដូច​ជា​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ផង
7 ដ្បិត​ព្រះ​មិន​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​ទេ គឺ​មក​ក្នុង​សេចក្ដី​បរិសុទ្ធ​វិញ
8 ដូច្នេះ អ្នក​ណា​ដែល​មិន​ព្រម​ទទួល នោះ​មិន​មែន​បោះ​បង់​ចោល​មនុស្ស ឈ្មោះ​ថា​បោះ​បង់​ចោល​ព្រះ​វិញ ដែល​ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នៃ​ទ្រង់​មក​យើង។
9 រីឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ទេ ពី​ព្រោះ​ព្រះ‌ទ្រង់​បង្រៀន ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ
10 អ្នក​រាល់​គ្នា​ក៏​ស្រឡាញ់​ដល់​អស់​ទាំង​ពួក​បង​ប្អូន នៅ​គ្រប់​ក្នុង​ស្រុក​ម៉ាសេដូន​ដែរ តែ​បង​ប្អូន​អើយ យើង​ខ្ញុំ​សូម​ទូន្មាន ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​នោះ កាន់​តែ​ខ្លាំង​ឡើង​ចុះ
11 ហើយ​ខំ​ប្រឹង​ឲ្យ​អស់​ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់‌ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយ​ដៃ​ខ្លួន​ឯង​ផង ដូច​ជា​យើង​ខ្ញុំ​បាន​បង្គាប់​ហើយ
12 ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​គួរ​គប្បី ដល់​មនុស្ស​ខាង​ក្រៅ ឥត​ត្រូវ​ការ​អ្វី​ឡើយ។
13 បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ដឹង ពី​ពួក​អ្នក​ដែល​ដេក​លក់ ទៅ​ហើយ​ទេ ក្រែង​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ ដូច​ជា​អ្នក​ឯ​ទៀត ដែល​គ្មាន​សង្ឃឹម
14 ដ្បិត​បើ​យើង​ជឿ​ថា ព្រះ‌យេស៊ូវ​បាន​សុគត ព្រម​ទាំង​រស់​ឡើង​វិញ​ហើយ នោះ​ត្រូវ​ជឿ​ថា ព្រះ‌ទ្រង់​នឹង​នាំ​អស់​អ្នក​ដែល​ដេក​លក់​ទៅ​ក្នុង​ព្រះ‌យេស៊ូវ ឲ្យ​បាន​មក​ជា​មួយ​នឹង​ទ្រង់​ដែរ
15 ដ្បិត​យើង​ខ្ញុំ​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ដូច្នេះ​ថា យើង​ដែល​រស់​នៅ​ជាប់ ដរាប​ដល់​ព្រះ‌អម្ចាស់​យាង​មក នោះ​យើង​មិន​ទៅ​មុន​ពួក​អ្នក ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ
16 ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះ‌ឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះ‌គ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់
17 រួច​យើង​រាល់​គ្នា​ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួប‌ជុំ​នឹង​ព្រះ‌អម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះ‌អម្ចាស់​ជា​ដរាប​ទៅ
18 ដូច្នេះ ចូរ​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ដំណើរ​នេះ​ចុះ។