ថែស្សាឡូនីច​ទី​១

1 2 3 4 5


ជំពូក 1

សំបុត្រ​ប៉ុល ស៊ីលវ៉ាន និង​ធីម៉ូថេ យើង​ខ្ញុំ​ផ្ញើ​មក​ពួក​ជំនុំ​នៅ​ក្រុង​ថែស្សា‌ឡូនីច ដែល​នៅ​ក្នុង​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា និង​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។
2 យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ហើយ​កាល​ណា​យើង​ខ្ញុំ​អធិស្ឋាន នោះ​ក៏​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា
3 ដោយ​នឹក​ចាំ​ជា​ដរាប ពី​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ដោយ​សេចក្ដី​ជំនឿ និង​ពី​ការ​នឿយ​ហត់ ដែល​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​មាំ‌មួន ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ផង
4 ឱ​បង​ប្អូន ដែល​ព្រះ‌ទ្រង់​ស្រឡាញ់​អើយ យើង​ខ្ញុំ​ដឹង​ថា ទ្រង់​បាន​រើស​តាំង​អ្នក​រាល់​គ្នា​ហើយ
5 ដ្បិត​ដំណឹង​ល្អ​របស់​យើង​ខ្ញុំ មិន​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​តែ​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ព្រះ‌ចេស្តា និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ ហើយ​ដោយ​សេចក្ដី​ជំនឿ​ដ៏​មោះ‌មុត​ជា​ខ្លាំង​ថែម​ទៀត​ផង ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ហើយ ពី​ដំណើរ​យើង​ខ្ញុំ ដែល​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា សម្រាប់​នឹង​ជួយ​ដល់​អ្នក​រាល់​គ្នា
6 អ្នក​រាល់​គ្នា​ក៏​បាន​ត្រាប់​តាម​យើង​ខ្ញុំ ហើយ​និង​ព្រះ‌អម្ចាស់ ដោយ​បាន​ទទួល​ព្រះ‌បន្ទូល ដោយ​សេចក្ដី​អំណរ​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក្នុង​កាល​ដែល​កំពុង​តែ​កើត​ទុក្ខ​លំបាក​ជា​ខ្លាំង​ផង
7 ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​គំរូ ដល់​អស់​អ្នក​ដែល​ជឿ​នៅ​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ
8 ដ្បិត​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​ផ្សាយ​ចេញ​ពី​អ្នក​រាល់​គ្នា មិន​មែន​តែ​ក្នុង​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ គឺ​រហូត​ដល់​គ្រប់​ទាំង​កន្លែង ដែល​ឮ​និយាយ​ពី​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ចំពោះ​ព្រះ​ថែម​ទៀត​ផង បាន​ជា​មិន​ចាំ​បាច់​ឲ្យ​យើង​ខ្ញុំ​និយាយ​អ្វី​ទៀត​ទេ
9 ដ្បិត​គេ​ថ្លែង​ប្រាប់​ពី​យើង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​យើង​ជា​យ៉ាង​ណា ទាំង​បែរ​ចេញ​ពី​រូប​ព្រះ មក​ឯ​ព្រះ​ដ៏​ពិត ឲ្យ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​នោះ​វិញ
10 ហើយ​ឲ្យ​បាន​ចាំ​ព្រះ‌រាជ‌បុត្រា​ព្រះ ទ្រង់​យាង​មក​ពី​ស្ថាន‌សួគ៌ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ជា​ព្រះ‌យេស៊ូវ ដែល​ទ្រង់​ប្រោស​ឲ្យ​យើង​រួច​ពី​សេចក្ដី​ខ្ញាល់​ទៅ​មុខ។