ម៉ាកុស

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16


ជំពូក 14

ក្រោយ​២​ថ្ងៃ​មក នោះ​ជា​បុណ្យ​រំលង និង​បុណ្យ​នំបុ័ង​ឥត​ដំបែ ឯ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​រក​ឱកាស​នឹង​ចាប់​ទ្រង់ ដោយ​ឧបាយ‌កល ដើម្បី​នឹង​សម្លាប់​ទ្រង់​ចោល
2 តែ​គេ​ថា កុំ​ឲ្យ​ធ្វើ​ក្នុង​រវាង​បុណ្យ​ឡើយ ក្រែង​បណ្តា‌ជន​កើត​កោលា‌ហល។
3 កំពុង​ដែល​ទ្រង់​គង់​នៅ​តុ ក្នុង​ផ្ទះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់ នៅ​ភូមិ​បេតថានី នោះ​មាន​ស្ត្រី​ម្នាក់​កាន់​ដប​ថ្ម​កែវ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ មាន​តម្លៃ​ណាស់ យក​មក​បំបែក​ដប​នោះ ចាក់​ប្រេង​លើ​ព្រះ‌សិរ​ព្រះ‌យេស៊ូវ
4 មាន​អ្នក​ខ្លះ​នឹក​តូច​ចិត្ត ហើយ​ថា តើ​មាន​ប្រយោជន៍​អ្វី​នឹង​ធ្វើ​បង្ខាត​ប្រេង​នេះ​ដូច្នេះ
5 ដ្បិត​ប្រេង​នេះ​នឹង​លក់​បាន​ជាង​៦០​រៀល ដើម្បី​ចែក​ទាន​ដល់​ពួក​អ្នក​ទ័ល‌ក្រ​វិញ គេ​ក៏​រទូ‌រទាំ​នឹង​នាង
6 ប៉ុន្តែ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ធ្វើ​នាង ហេតុ​អ្វី​បាន​ជា​នាំ​បង្អាក់​ចិត្ត​នាង​ដូច្នេះ នាង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ខ្ញុំ​ណាស់
7 ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​គុណ​នឹង​គេ នោះ​ចេះ​តែ​ធ្វើ​បាន តែ​ចំណែក​ខ្ញុំ មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ
8 នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន គឺ​បាន​មក​មុន​ពេល​កំណត់ និង​លាប​ខ្លួន​ខ្ញុំ ជា​ការ​សម្រាប់​កប់​ខ្មោច​ខ្ញុំ
9 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កន្លែង​ណា​ដែល​គេ​នឹង​ផ្សាយ​ដំណឹង​ល្អ​នេះ​ទួទៅ គ្រប់​ក្នុង​លោកីយ៍​ទាំង​មូល នោះ​គេ​តែង​នឹង​ដំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ​ហើយ​នេះ ទុក​សម្រាប់​ជា​កេរ្តិ៍​នាង​ត​ទៅ។
10 ឯ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​១​ក្នុង​ពួក​១២ វា​ក៏​ទៅ​ឯ​ពួក​សង្គ្រាជ ដើម្បី​នឹង​បញ្ជូន​ទ្រង់​ទៅ​គេ
11 កាល​គេ​បាន​ឮ នោះ​ក៏​មាន​សេចក្ដី​ត្រេក‌អរ​ណាស់ ហើយ​សន្យា​នឹង​ឲ្យ​ប្រាក់​ដល់​វា រួច​វា​ខំ​ស្វែង​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ទៅ​ដោយ​ស្រួល។
12 នៅ​ថ្ងៃ​ដំបូង ក្នុង​បុណ្យ​នំបុ័ង​ឥត​ដំបែ​នោះ កាល​គេ​ត្រូវ​សម្លាប់​កូន​ចៀម ធ្វើ​បុណ្យ​រំលង នោះ​ពួក​សិស្ស​ទូល​ទ្រង់​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង​ខ្ញុំ​រៀប‌ចំ​បុណ្យ​រំលង ថ្វាយ​ទ្រង់​សោយ​នៅ​ទី​ណា
13 ទ្រង់​ក៏​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​មាន​មនុស្ស​ម្នាក់​លី​ក្អម​ទឹក​មក​ជួប​នឹង​អ្នក ចូរ​ឲ្យ​ដើរ​តាម​អ្នក​នោះ​ទៅ
14 នៅ​កន្លែង​ណា​ដែល​គាត់​ចូល ចូរ​អ្នក​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា តើ​បន្ទប់​ណា​ដែល​លោក​នឹង​បរិភោគ​បុណ្យ​រំលង ជា​មួយ​នឹង​ពួក​សិស្ស​របស់​លោក
15 នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​១​ធំ​ខាង​លើ​ដែល​រៀប​ជា​ស្រេច ចូរ​រៀប‌ចំ​នៅ​ទី​នោះ​ចុះ
16 សិស្ស​ទ្រង់​២​នាក់​នោះ​ក៏​ចេញ​ទៅ ដល់​ទី​ក្រុង​ហើយ នោះ​ក៏​ឃើញ​ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល រួច​គេ​រៀប‌ចំ​ធ្វើ​បុណ្យ​រំលង។
17 ដល់​ពេល​ល្ងាច​ហើយ ទ្រង់​យាង​មក ព្រម​ទាំង​ពួក​១២​នាក់
18 កាល​កំពុង​តែ​អង្គុយ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​បរិភោគ​ជា​មួយ​នឹង​ខ្ញុំ​នេះ នោះ​មាន​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ
19 គេ​ក៏​តាំង​ព្រួយ​ចិត្ត ហើយ​ទូល​ទ្រង់​ម្តង​ម្នាក់ៗ​ថា តើ​ទូល‌បង្គំ​ឬ​អី រួច​ម្នាក់​ទៀត​ថា តើ​ទូល‌បង្គំ​ឬ​អី
20 ព្រះ‌យេស៊ូវ​ឆ្លើយ​ថា គឺ​ជា​ម្នាក់​ក្នុង​ពួក​១២ ដែល​លូក​ដៃ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ
21 កូន​មនុស្ស​ត្រូវ​ទៅ​ពិត ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​ពី​លោក​ស្រាប់ តែ​វេទនា​ដល់​មនុស្ស​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្ស ទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង។
22 កាល​កំពុង​តែ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង​ប្រទាន​ពរ​ឲ្យ រួច​កាច់​ប្រទាន​ដល់​គេ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ
23 នោះ​ទ្រង់​យក​ពែង​មក​អរ​ព្រះ‌គុណ រួច​ប្រទាន​ដល់​គេ ហើយ​គេ​ក៏​ផឹក​គ្រប់​គ្នា
24 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នេះ​ហើយ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​ត្រូវ​ច្រួច​សម្រាប់​មនុស្ស​ជា​ច្រើន
25 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃ​ណា ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី នៅ​ក្នុង​នគរ​ព្រះ។
26 រួច​កាល​បាន​ច្រៀង​ទំនុក​១​ហើយ នោះ​ក៏​ចេញ​ទៅ​ឯ​ភ្នំ​ដើម​អូលីវ។
27 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា នៅ​វេលា​យប់​នេះ​ឯង អ្នក​រាល់​គ្នា​នឹង​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា «អញ​នឹង​វាយ​អ្នក​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ»
28 ប៉ុន្តែ កាល​ណា​ខ្ញុំ​បាន​រស់​ឡើង​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ឯ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នា
29 តែ​ពេត្រុស​ទូល​ទ្រង់​ថា ទោះ​បើ​មនុស្ស​ទាំង​អស់​រវាត​ចិត្ត​ចេញ​ក៏​ដោយ គង់​តែ​ទូល‌បង្គំ​មិន​ដូច្នោះ​ទេ
30 ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​នេះ គឺ​នៅ​ក្នុង​ពេល​យប់​នេះ​ឯង មុន​ដែល​មាន់​រងាវ​២​ដង នោះ​អ្នក​នឹង​ប្រកែក​គ្រប់​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ
31 តែ​គាត់​ប្រកែក​យ៉ាង​ខ្លាំង​លើស​ទៅ​ទៀត​ថា ទោះ​បើ​ទូល‌បង្គំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ទ្រង់​ក្តី គង់​តែ​មិន​ព្រម​ថា មិន​ស្គាល់​ទ្រង់​ដូច្នេះ​នោះ​ឡើយ ហើយ​ទាំង​អស់​ក៏​ថា​ដូច​គ្នា។
32 នោះ​ក៏​មក​ដល់​កន្លែង​ហៅ​ថា ច្បារ​គែត‌សេ‌ម៉ានី ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន
33 ទ្រង់​ក៏​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ​ដែរ ទ្រង់​ចាប់​តាំង​មាន​ព្រះ‌ហឫទ័យ​ភាំង​ជា​ខ្លាំង ហើយ​តប់‌ប្រមល់​ណាស់
34 ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចិត្ត​ខ្ញុំ​ព្រួយ​ជា​ខ្លាំង​សឹង​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ​ចាំ​យាម​ចុះ
35 រួច​កាល​ទ្រង់​បាន​យាង​ទៅ​មុខ​បន្តិច នោះ​ទ្រង់​ទម្លាក់​ព្រះ‌អង្គ ផ្កាប់​ព្រះ‌‌ភ័ក្ត្រ​ចុះ​អធិស្ឋាន សូម​ឲ្យ​ពេល​វេលា​នេះ បាន​កន្លង​ហួស​ពី​ទ្រង់​ទៅ បើ​សិន​ជា​បាន
36 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​អ័ប្បា ព្រះ‌វរ‌បិតា​អើយ ទ្រង់​អាច​នឹង​ធ្វើ​ការ​ទាំង​អស់​កើត សូម​យក​ពែង​នេះ ចេញ​ពី​ទូល‌បង្គំ​ផង ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ សូម​សម្រេច​តាម​ព្រះ‌ហឫទ័យ​ទ្រង់​វិញ
37 ទ្រង់​ត្រឡប់​មក​វិញ ឃើញ​ពួក​សិស្ស​កំពុង​តែ​ដេក​លក់ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា អ្នក​ដេក​លក់​ឬ​អី តើ​នឹង​នៅ​ចាំ​យាម តែ​១​ម៉ោង​មិន​បាន​ឬ
38 ចូរ​ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ ដើម្បី​កុំ​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​នាំ​ចិត្ត​ឡើយ វិញ្ញាណ​ប្រុង​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ
39 រួច​ទ្រង់​ចេញ​ទៅ​អធិស្ឋាន​ម្តង​ទៀត ដោយ​ព្រះ‌បន្ទូល​ជា​សេចក្ដី​ដដែល
40 កាល​ទ្រង់​បាន​យាង​ត្រឡប់​មក​វិញ នោះ​ក៏​ឃើញ​គេ​កំពុង​ដេក​លក់​ទៀត ដ្បិត​ភ្នែក​គេ​ធ្ងន់​ជ្រប់ គេ​មិន​ដឹង​ខ្លួន​ជា​ទូល​ឆ្លើយ​នឹង​ទ្រង់​ថា​ដូច​ម្តេច​ទេ
41 ទ្រង់​បាន​យាង​មក​ជា​គម្រប់​៣​ដង មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ នៅ​តែ​ដេក​លក់ ហើយ​សម្រាក​កម្លាំង​ទៀត​ឬ ប៉ុណ្ណឹង​ចុះ កំណត់​ដល់​ហើយ មើល​កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប
42 ចូរ​ក្រោក​ឡើង យើង​ទៅ ន៏ អ្នក​ដែល​បញ្ជូន​ខ្ញុំ វា​ជិត​មក​ដល់​ហើយ។
43 កំពុង​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​ម្នាក់​ក្នុង​ពួក​១២ ក៏​មក​ដល់​ភ្លាម នាំ​ទាំង​ហ្វូង​មនុស្ស​ដ៏​ធំ ពី​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់‌ទុំ មក​ជា​មួយ​ផង ព្រម​ទាំង​កាន់​ដាវ កាន់​ដំបង
44 អ្នក​ដែល​បញ្ជូន​ទ្រង់ ក៏​ប្រាប់​ទី​សម្គាល់​នេះ​ដល់​គេ​ថា អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​វា​នាំ​ទៅ​ដោយ​ប្រយ័ត‌ប្រយែង​ចុះ
45 កាល​គេ​បាន​មក​ដល់ នោះ​វា​ចូល​ទៅ​ឯ​ទ្រង់​ភ្លាម ដោយ​ទូល​ថា លោក​គ្រូៗ​អើយ ហើយ​ក៏​ថើប​ទ្រង់
46 នោះ​គេ​លូក​ដៃ​ទៅ​ចាប់​ទ្រង់
47 តែ​មាន​ម្នាក់​ឈរ​ជិត​ខាង គាត់​ហូត​ដាវ​កាត់​ដាច់​ស្លឹក​ត្រចៀក​របស់​បាវ​សម្ដេច​សង្ឃ​ម្នាក់
48 ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ​អី
49 ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​សោះ ប៉ុន្តែ នេះ​ដើម្បី​នឹង​ធ្វើ​ឲ្យ​សម្រេច​តាម​បទ​គម្ពីរ​ទេ
50 នោះ​ពួក​សិស្ស​ក៏​រត់​ចោល​ទ្រង់​ទាំង​អស់​គ្នា​ទៅ
51 មាន​មនុស្ស​កំលោះ​ម្នាក់​ដែល​ដើរ​តាម​ទ្រង់ មាន​តែ​សំពត់​ទេស‌ឯក​ព័ទ្ធ​នឹង​ខ្លួន
52 គេ​ក៏​ចាប់​គាត់ តែ​គាត់​រត់​រួច​ចោល​សំពត់​នោះ នៅ​តែ​ខ្លួន​ទទេ។
53 គេ​ក៏​នាំ​ព្រះ‌យេស៊ូវ​ទៅ​ដល់​សម្ដេច​សង្ឃ ឯ​ពួក​សង្គ្រាជ ពួក​ចាស់‌ទុំ ហើយ​ពួក​អាចារ្យ​ទាំង​អស់​គ្នា ក៏​ប្រជុំ​គ្នា​ឯ​លោក
54 ចំណែក​ពេត្រុស គាត់​តាម​ទ្រង់​ទៅ​ពី​ចម្ងាយ រហូត​ដល់​ខាង​ក្នុង​ព្រះ‌លាន​សម្ដេច​សង្ឃ ក៏​អង្គុយ​អាំង​ភ្លើង​ជា​មួយ​នឹង​ពួក​អាជ្ញា។
55 ពួក​សង្គ្រាជ និង​ពួក​ក្រុម‌ជំនុំ​ទាំង​អស់​គ្នា គេ​ប្រឹង​រក​ទី​បន្ទាល់​ទាស់​នឹង​ព្រះ‌យេស៊ូវ ដើម្បី​នឹង​សម្លាប់​ទ្រង់​បង់ តែ​រក​មិន​បាន​សោះ
56 ក៏​មាន​មនុស្ស​ជា​ច្រើន មក​ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​ទ្រង់​ដែរ តែ​សេចក្ដី​បន្ទាល់​របស់​គេ​មិន​ត្រូវ​គ្នា​សោះ
57 នោះ​មាន​ខ្លះ​ឈរ​ឡើង ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​ទ្រង់​ថា
58 យើង​ខ្ញុំ​បាន​ឮ​វា​ថា ខ្ញុំ​នឹង​បំផ្លាញ​ព្រះ‌វិហារ​នេះ ដែល​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស ហើយ​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​១​ទៀត ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ
59 យ៉ាង​នោះ គង់​តែ​សេចក្ដី​បន្ទាល់​របស់​គេ​មិន​ត្រូវ​គ្នា​ទៀត
60 ឯ​សម្ដេច​សង្ឃ ក៏​ឈរ​ឡើង​នៅ​កណ្តាល​ជំនុំ ដណ្តឹង​សួរ​ព្រះ‌យេស៊ូវ​ថា តើ​ឯង​មិន​ព្រម​ឆ្លើយ​សោះ​ឬ​អី សេចក្ដី​ដែល​គេ​ចោទ​ប្រកាន់​ឯង​ទាំង​ប៉ុន្មាន​នេះ តើ​យ៉ាង​ដូច​ម្តេច
61 តែ​ទ្រង់​នៅ​ស្ងៀម មិន​បាន​ឆ្លើយ​អ្វី​សោះ រួច​សម្ដេច​សង្ឃ​ពិចារណា​សួរ​ទ្រង់​ទៀត​ថា តើ​ឯង​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​មាន​ពរ​ឬ​អី
62 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា គឺ​ខ្ញុំ​នេះ​ហើយ មួយ​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស អង្គុយ​នៅ​ខាង​ស្តាំ​នៃ​ព្រះ‌ចេស្តា ហើយ​ទាំង​មក​ក្នុង​ពពក​នៅ​លើ​មេឃ ផង
63 នោះ​សម្ដេច​សង្ឃ​ក៏​ហែក​ព្រះ‌ពស្ត្រ​លោក ដោយ​ពាក្យ​ថា តើ​យើង​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​ណា​ទៀត
64 អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​នេះ​ហើយ ចុះ​តើ​គិត​ដូច​ម្តេច អ្នក​ទាំង​អស់​គ្នា​ក៏​កាត់​ទោស​ទ្រង់​ថា គួរ​ស្លាប់​ហើយ
65 អ្នក​ខ្លះ​ចាប់​តាំង​ស្តោះ​ដាក់​ទ្រង់ ក៏​ខ្ទប់​ព្រះ‌‌ភ័ក្ត្រ ហើយ​វាយ​ទ្រង់ រួច​ទូល​ប្រាប់​ថា ចូរ​ទាយ​ចុះ ឯ​ពួក​អាជ្ញា ក៏​ទះ​ទ្រង់​ដែរ។
66 រីឯ​ពេត្រុស គាត់​នៅ​ក្នុង​ព្រះ‌លាន​ឰដ៏​ខាង​ក្រោម ហើយ​មាន​បាវ​ស្រី​របស់​សម្ដេច​សង្ឃ​ម្នាក់​មក
67 ឃើញ​ពេត្រុស​កំពុង​តែ​អាំង​ភ្លើង ក៏​សម្លឹង​មើល​គាត់ ហើយ​និយាយ​ថា អ្នក​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ពី​ណាសា‌រ៉ែត​នេះ​ដែរ
68 តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​ដឹង មិន​យល់​ជា​អ្នក​និយាយ​អ្វី​ទេ រួច​គាត់​ចេញ​ទៅ​ឯ​ទីធ្លា​ខាង​ក្រៅ នោះ​មាន់​តាំង​រងាវ​ឡើង
69 បាវ​ស្រី​នោះ​ក៏​ឃើញ​គាត់​ម្តង​ទៀត ហើយ​ចាប់​តាំង​ប្រាប់​ដល់​ពួក​អ្នក ដែល​ឈរ​នៅ​ទី​នោះ​ថា អ្នក​នេះ​ជា​ពួក​គេ​ដែរ
70 គាត់​ប្រកែក​ម្តង​ទៀត រួច​ក្រោយ​បន្តិច​មក ពួក​អ្នក​ឈរ​នៅ​ទី​នោះ​និយាយ​ទៅ​ពេត្រុស​ថា ឯង​ប្រាកដ​ជា​ពួក​គេ​ដែរ ដ្បិត​ឯង​ជា​អ្នក​ស្រុក​កាលី‌ឡេ
71 តែ​គាត់​តាំង​ប្រមាថ ហើយ​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ដែល​អ្នក​រាល់​គ្នា​និយាយ​ទេ
72 នោះ​មាន់​ក៏​រងាវ​ឡើង​ជា​គម្រប់​២​ដង ពេត្រុស​ក៏​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល ដែល​ព្រះ‌យេស៊ូវ​បាន​ប្រាប់​គាត់​ថា មុន​ដែល​មាន់​រងាវ​២​ដង នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ កាល​គាត់​បាន​គិត​ពី​សេចក្ដី​នោះ​ហើយ នោះ​ក៏​យំ។