ម៉ាកុស

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16


ជំពូក 2

រំលង​ពីរ​បី​ថ្ងៃ​ក្រោយ​មក ទ្រង់​យាង​ចូល​មក​ក្នុង​ក្រុង​កាពើ‌ណិម​វិញ​ទៀត ហើយ​គេ​ឮ​ថា ទ្រង់​គង់​នៅ​ផ្ទះ
2 ស្រាប់​តែ​មាន​គេ​ប្រជុំ​គ្នា​ជា​ច្រើន ដល់‌ម៉្លេះ​បាន​ជា​គ្មាន​កន្លែង​ណា​ទៀត​សោះ សូម្បី​នៅ​មាត់​ទ្វារ​ក៏​គ្មាន​ដែរ ទ្រង់​ក៏​សម្ដែង​ព្រះ‌បន្ទូល​ឲ្យ​គេ​ស្តាប់
3 គ្រា​នោះ មាន​៤​នាក់​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​មក​ឯ​ទ្រង់
4 តែ​ពុំ​អាច​នឹង​ចូល​ទៅ​ជិត​ទ្រង់​បាន​ឡើយ ដោយ​ព្រោះ​ហ្វូង​មនុស្ស បាន​ជា​គេ​បើក​ដំបូល​ផ្ទះ​ត្រង់​កន្លែង​ដែល​ទ្រង់​គង់​នៅ កាល​ទម្លុះ​រួច​ហើយ នោះ​ក៏​សម្រូត​គ្រែ​ដែល​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក​នោះ​ចុះ​ទៅ
5 ព្រះ‌យេស៊ូវ​ក៏​ឃើញ​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា កូន​អើយ បាប​របស់​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ
6 នៅ​ទី​នោះ មាន​អាចារ្យ​ខ្លះ​អង្គុយ​រិះ‌គិត​ក្នុង​ចិត្ត​ថា
7 ហេតុ​អ្វី​បាន​ជា​មនុស្ស​នេះ ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ដូច្នេះ ក្រៅ​ពី​ព្រះ​តែ​១ តើ​មាន​អ្នក​ណា​អាច​នឹង​អត់​ទោស​បាប​បាន
8 តែ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​វិញ្ញាណ​ទ្រង់​ជា​១​រំពេច​ថា គេ​រិះ‌គិត​ក្នុង​ចិត្ត​យ៉ាង​ដូច្នោះ ទើប​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​ក្នុង​ចិត្ត​យ៉ាង​ដូច្នេះ
9 ដ្បិត​ដែល​និយាយ​នឹង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​នេះ​ថា បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ឬ​ថា ឲ្យ​ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង
10 ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផែនដី​នេះ កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​បាន (នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា)
11 អញ​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ​ផ្ទះ​ទៅ
12 គាត់​ក៏​ក្រោក​ឡើង​ភ្លាម យក​គ្រែ​ចេញ​ទៅ នៅ​មុខ​អ្នក​ទាំង​អស់​គ្នា បាន​ជា​គ្រប់​គ្នា​មាន​សេចក្ដី​អស្ចារ្យ ហើយ​ពណ៌នា​សរសើរ‌តម្កើង​ដល់​ព្រះ ដោយ​ពាក្យ​ថា យើង​មិន​ដែល​ឃើញ​យ៉ាង​ដូច្នេះ​ឡើយ។
13 ទ្រង់​យាង​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​ម្តង​ទៀត ឯ​ហ្វូង​មនុស្ស​ទាំង​អស់​ក៏​មក​ឯ​ទ្រង់ ហើយ​ទ្រង់​បង្រៀន​គេ
14 លុះ​ទ្រង់​យាង​ហួស​ពី​នោះ​ទៅ ក៏​ទត​ឃើញ​លេវី ជា​កូន​អាល់‌ផាយ អង្គុយ​នៅ​ត្រង់​កន្លែង​យក​ពន្ធ រួច​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ នោះ​គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ទ្រង់
15 កាល​ព្រះ‌យេស៊ូវ​ទ្រង់​គង់​នៅ​តុ​ក្នុង​ផ្ទះ​គាត់ នោះ​មាន​មនុស្ស​យក​ពន្ធ និង​មនុស្ស​បាប​ជា​ច្រើន មក​អង្គុយ​នៅ​តុ​ជា​មួយ​នឹង​ទ្រង់ ហើយ​និង​ពួក​សិស្ស ដ្បិត​មាន​គ្នា​ច្រើន​ណាស់ ដែល​តាម​ទ្រង់​មក
16 ឯ​ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី កាល​គេ​ឃើញ​ទ្រង់​សោយ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាប​ដូច្នេះ ក៏​សួរ​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​លោក​បរិភោគ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ ហើយ​និង​មនុស្ស​មាន​បាប​ដូច្នេះ
17 លុះ​ព្រះ‌យេស៊ូវ​បាន​ឮ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ គេ​មិន​ត្រូវ​ការ​នឹង​គ្រូ‌ពេទ្យ​ទេ គឺ​ជា​មនុស្ស​ដែល​មាន​ជំងឺ​វិញ​ទេ​តើ ខ្ញុំ​មិន​បាន​មក ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប​ប៉ុណ្ណោះ ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ត​ឡើង។
18 រីឯ​ពួក​សិស្ស​យ៉ូហាន និង​ពួក​ផារី‌ស៊ី គេ​កំពុង​តែ​តម ក៏​មក​ទូល​សួរ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​យ៉ូហាន និង​សិស្ស​ពួក​ផារី‌ស៊ី​គេ​តម តែ​ពួក​សិស្ស​របស់​លោក​មិន​តម​សោះ
19 ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា កំពុង​ដែល​ប្ដី​ថ្មោង‌ថ្មី​នៅ​ជា​មួយ​គ្នា តើ​ពួក​សំឡាញ់​គាត់​នឹង​តម​អាហារ​បាន​ឬ​ទេ កាល​ប្ដី​នៅ​ជា​មួយ​នៅ​ឡើយ នោះ​តម​អាហារ​ពុំ​បាន​ទេ
20 តែ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ប្ដី​នឹង​ត្រូវ​យក​ចេញ​ពី​ពួក​មិត្ត​សំឡាញ់​ទៅ នៅ​គ្រា​នោះ​គេ​នឹង​តម​វិញ
21 គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​សំពត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ បើ​ធ្វើ​ដូច្នោះ កំណាត់​សំពត់​ថ្មី​នឹង​ហែក​អាវ​ចាស់ ធ្វើ​ឲ្យ​រំហែក​នោះ​រឹង‌រឹត​តែ​អាក្រក់​ជាង​ទៅ​ទៀត
22 ក៏​គ្មាន​អ្នក​ណា​យក​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ដាក់​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី​នឹង​ទម្លាយ​ថង់​ស្បែក​ហូរ​ចេញ​អស់​ហើយ ឯ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​ដែរ តោង​តែ​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី​វិញ។
23 មាន​កាល​១​ថ្ងៃ ជា​ថ្ងៃ​ឈប់​សម្រាក ទ្រង់​បាន​យាង​កាត់​ស្រែ ហើយ​ពួក​សិស្ស​ទ្រង់​តាំង​ចាប់​បូត​គួរ​ស្រូវ​បណ្តើរ
24 ពួក​ផារី‌ស៊ី​ទូល​ទ្រង់​ថា មើល​ហេតុ​អ្វី​បាន​ជា​គេ​ធ្វើ​ការ​ដែល​គ្មាន​ច្បាប់​ធ្វើ នៅ​ថ្ងៃ​ឈប់​សម្រាក​ដូច្នេះ
25 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​រឿង​ពី​ការ​ដែល​ហ្លួង​ដាវីឌ​ទ្រង់​ធ្វើ ព្រម​ទាំង​ពួក​អ្នក​នៅ​ជា​មួយ​ផង ក្នុង​កាល​ដែល​គេ​ត្រូវ​ការ ហើយ​ឃ្លាន​ទេ​ឬ​អី
26 គឺ​ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ នៅ​ក្នុង​ជាន់​ដែល​អ័បៀ‌ថើរ​ធ្វើ​ជា​សម្ដេច​សង្ឃ ហើយ​បាន​សោយ​នំបុ័ង​តាំង​ទុក ទាំង​ចែក​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ផង ដែល​គ្មាន​ច្បាប់​ឲ្យ​ទ្រង់​សោយ​សោះ ជា​របស់​ទុក​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ
27 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​ផារី‌ស៊ី​ថា ថ្ងៃ​ឈប់​សម្រាក​បាន​តាំង​សម្រាប់​ឲ្យ​មនុស្ស មិន​មែន​ជា​មនុស្ស​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ទេ
28 ដូច្នេះ កូន​មនុស្ស​ជា​ម្ចាស់​នៃ​ថ្ងៃ​ឈប់​សម្រាក​ដែរ។