មីកា
ជំពូក 5
តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងដែលតូចនៅក្នុងពួកយូដាទាំងពាន់ៗ នឹងមានម្នាក់កើតចេញពីឯងមកឲ្យអញ អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នក នោះបានចាប់តាំងពីបុរាណ គឺពីអស់កល្បរៀងមក
2 ដូច្នេះ អ្នកនោះនឹងប្រគល់គេទៅដរាបដល់កំណត់នៃនាង ដែលឈឺនឹងសម្រាលបានកើតកូនមក នោះសំណល់នៃពួកបងប្អូនរបស់អ្នកនោះ នឹងបានវិលត្រឡប់មកឯពួកកូនចៅអ៊ីស្រាអែលវិញ
3 អ្នកនោះនឹងឈរឡើងឃ្វាលហ្វូងចៀមរបស់ខ្លួន ដោយសារឥទ្ធិឫទ្ធិនៃព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃខ្លួន នោះគេនឹងស្ថិតស្ថេរនៅ ដ្បិតអ្នកនោះនឹងបានជាធំ រហូតដល់ចុងផែនដីបំផុត
4 អ្នកនោះនឹងបានជាទីក្សេមក្សាន្តដល់យើង ដូច្នេះ កាលណាពួកអាសស៊ើរលុកលុយចូលក្នុងស្រុកយើង ឬបើកាលណាគេដាក់ជើងចូលមកក្នុងដំណាក់យើង នោះយើងនឹងលើកពួកអ្នកគង្វាល៧នាក់ និងពួកជាប្រធាន៨នាក់ឲ្យទាស់នឹងគេ
5 ពួកនោះនឹងបំផ្លាញស្រុកអាសស៊ើរដោយដាវ និងស្រុកនីមរ៉ូឌត្រង់ទ្វារស្រុកគេផង អ្នកនោះនឹងដោះឲ្យយើងរួចពីពួកសាសន៍អាសស៊ើរ ក្នុងកាលដែលគេទន្ទ្រានចូលក្នុងស្រុកយើង ឬបើកាលណាគេដាក់ជើង មកក្នុងព្រំស្រុករបស់យើងដែរ
6 គ្រានោះ សំណល់នៃពួកយ៉ាកុប នឹងនៅកណ្តាលសាសន៍ជាច្រើន ទុកដូចជាទឹកសន្សើមមកពីព្រះយេហូវ៉ា ហើយដូចទឹកភ្លៀងរ៉ុយៗនៅលើស្មៅ ដែលមិនរង់ចាំមនុស្សទេ ក៏មិនសង្ឃឹមដល់មនុស្សជាតិដែរ
7 ហើយសំណល់នៃពួកយ៉ាកុបនឹងនៅកណ្តាលប្រទេសដទៃ គឺនៅក្នុងសាសន៍ផ្សេងៗជាច្រើន ដូចជាសិង្ហនៅកណ្តាលពួកសត្វព្រៃ គឺដូចជាសិង្ហស្ទាវនៅកណ្តាលហ្វូងចៀមជាសត្វដែលកាលណាដើរកាត់កណ្តាលហ្វូង នោះក៏ជាន់ឈ្លី ហើយហែកហួរ ឥតមានអ្នកណាសម្រាប់នឹងជួយឲ្យរួចឡើយ
8 យ៉ាងនោះដៃឯងនឹងបានលើកឡើងលើពួកដែលតតាំងនឹងឯង ហើយពួកខ្មាំងសត្រូវរបស់ឯងនឹងត្រូវកាត់ចេញទៅ។
9 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះអញនឹងកាត់អស់ទាំងសេះរបស់ឯងពីពួកឯងចេញ ហើយនិងបំផ្លាញរទេះចម្បាំងទាំងប៉ុន្មានរបស់ឯងដែរ
10 អញនឹងកាត់អស់ទាំងទីក្រុងនៅស្រុកឯងចេញ ហើយនិងរំលំគ្រប់ទាំងទីមាំមួនរបស់ឯងបង់
11 អញនឹងកំចាត់អស់ទាំងរបៀនអាបធ្មប់ពីដៃឯងចេញ នោះឯងនឹងគ្មានគ្រូនក្ខត្តឫក្សទៀតតទៅ
12 អញនឹងបំផ្លាញរូបឆ្លាក់ និងបង្គោលគោរពចេញពីកណ្តាលពួកឯង នោះឯងនឹងលែងថ្វាយបង្គំស្នាដៃរបស់ខ្លួនទៅ
13 អញនឹងរំលើងរូបព្រះរបស់ឯង ចេញពីកណ្តាលឯងបង់ ហើយនិងបំផ្លាញទីក្រុងទាំងប៉ុន្មានរបស់ឯង
14 អញនឹងសម្រេចការសងសឹក នៅលើអស់ទាំងសាសន៍ដែលមិនព្រមស្តាប់ ដោយសេចក្ដីកំហឹង និងសេចក្ដីឃោរឃៅ។