មីកា

1 2 3 4 5 6 7


ជំពូក 1

នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​មីកា​ជា​ពួក​ម៉ូរ៉ាស៊ីត នៅ​ក្នុង​រាជ្យ​នៃ​យ៉ូថាម អេហាស និង​ហេសេគា ជា​ស្តេច​យូដា ជា​សេចក្ដី​ដែល​លោក​បាន​ឃើញ​ពី​ដំណើរ​ក្រុង​សាម៉ារី ហើយ​និង​ក្រុង​យេរូ‌សាឡឹម។
2 ម្នាល​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ទាំង​អស់​គ្នា​ចុះ ឱ​ផែនដី និង​សព្វ​សារពើ​ដែល​នៅ​ផែនដី​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ហើយ​បើក​ឱកាស​ឲ្យ​ព្រះ‌អម្ចាស់​យេហូវ៉ា ធ្វើ​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា គឺ​ឲ្យ​ព្រះ‌អម្ចាស់​ធ្វើ​បន្ទាល់​ពី​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ទ្រង់
3 ដ្បិត​មើល ព្រះ‌យេហូវ៉ា​ទ្រង់​កំពុង​យាង​ចេញ​ពី​ទី​កន្លែង​របស់​ទ្រង់ ក៏​នឹង​យាង​ចុះ​មក​ជាន់​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ផែនដី​ដែរ
4 អស់​ទាំង​ភ្នំ​នឹង​រលាយ​ពី​ក្រោម​ទ្រង់​ទៅ ឯ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នឹង​សញ្ជែក​ចេញ ដូច​ជា​ក្រមួន​ដែល​ត្រូវ​ភ្លើង ហើយ​ដូច​ទឹក​ដែល​ចាក់​ចុះ​តាម​ទី​ចោត
5 នេះ​គឺ​ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​យ៉ាកុប និង​អំពើ​បាប​របស់​ពួក​វង្ស​អ៊ីស្រា‌អែល អំពើ​រំលង​របស់​ពួក​យ៉ាកុប​នោះ​ជា​អ្វី តើ​មិន​មែន​ជា​ក្រុង​សាម៉ារី​ទេ​ឬ​អ្វី ហើយ​អស់​ទាំង​ទី​ខ្ពស់​របស់​ពួក​យូដា​ជា​អ្វី តើ​មិន​មែន​ជា​ក្រុង​យេរូ‌សាឡឹម​ទេ​ឬ​អី
6 ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​សាម៉ារី​បាន​ដូច​ជា​គំនរ​នៅ​ទី​វាល ជា​កន្លែង​សម្រាប់​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ អញ​នឹង​ចាក់​ថ្ម​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​ទៅ​ក្នុង​ច្រក​ភ្នំ ហើយ​និង​បើក​ឲ្យ​ឃើញ​ឫស​ជញ្ជាំង
7 នោះ​អស់​ទាំង​រូប​ឆ្លាក់​របស់​គេ នឹង​ត្រូវ​វាយ​បំបែក​ខ្ទេច‌ខ្ទី​ទៅ ឯ​អស់​ទាំង​រង្វាន់​ឈ្នួល​របស់​វា​នឹង​ត្រូវ​ដុត​ដោយ​ភ្លើង អញ​នឹង​បំផ្លាញ​អស់​ទាំង​របស់​គេ​បង់ ពី​ព្រោះ​គេ​បាន​សន្សំ​អស់​ទាំង​រូប​នោះ ដោយ‌សារ​រង្វាន់​ឈ្នួល​របស់​ស្រី​សំផឹង ហើយ​វា​នឹង​ត្រូវ​ត្រឡប់​ជា​រង្វាន់​ឈ្នួល​របស់​ស្រី​សំផឹង​វិញ​ទៀត។
8 ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​នឹង​សោយ​សោក ហើយ​ទ្រហោ​យំ ខ្ញុំ​នឹង​ដើរ​ដោយ​ជើង​ទទេ ហើយ​កាយ​អាក្រាត ខ្ញុំ​នឹង​ស្រែក​លូ​ដូច​ជា​ស្វាន ហើយ​និង​យំ​រងំ​ដូច​ជា​អូសទ្រីច
9 ដ្បិត​របួស​នៃ​ក្រុង​សាម៉ារី​នឹង​មើល​មិន​ជា​ឡើយ ពី​ព្រោះ​បាន​រាល​រហូត​ដល់​ស្រុក​យូដា​ផង ក៏​ដល់​ទ្វារ​ក្រុង​សាសន៍​ខ្ញុំ គឺ​ជា​ក្រុង​យេរូ‌សាឡឹម​ដែរ។
10 កុំ​ឲ្យ​ថ្លែង​ប្រាប់​រឿង​នេះ​នៅ​ក្រុង​កាថ​ឡើយ ក៏​កុំ​ឲ្យ​យំ​ឲ្យ​សោះ ចូរ​ឲ្យ​ឯង​ននៀល​ខ្លួន​នៅ​ក្នុង​ធូលី​ដី​ត្រង់​បេតលេ-អាប្រា​ចុះ
11 ឱ​ពួក​អ្នក​ក្រុង​សាភា​អើយ ចូរ​ដើរ​បង្ហួស​ទៅ ដោយ​ខ្លួន​អាក្រាត ហើយ​មាន​សេចក្ដី​ខ្មាស​ចុះ ពួក​អ្នក​នៅ​ត្រង់​ស្អាណាន មិន​បាន​ចេញ​មក​សោះ ការ​យំ​សោក​នឹង​បេត-អេត‌សែល នឹង​ដក​ទី​ពឹង​របស់​ឯង​រាល់​គ្នា​ចេញ
12 ដ្បិត​ពួក​អ្នក​នៅ​ម៉ារូត​ទន្ទឹង​ចាំ​សេចក្ដី​ល្អ ពី​ព្រោះ​សេចក្ដី​អាក្រក់​បាន​ចុះ​ពី​ព្រះ‌យេហូវ៉ា មក​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ហើយ
13 ឱ​ពួក​អ្នក​នៅ​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​ដោយ​សេះ​យ៉ាង​លឿន ឯង​ជា​ដើម​ចម​នៃ​អំពើ​បាប​ដល់​កូន​ស្រី​ស៊ីយ៉ូន ដ្បិត​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ពួក​អ៊ីស្រា‌អែល​បាន​ឃើញ​មាន​នៅ​ក្នុង​ឯង
14 ដូច្នេះ ឯង​នឹង​លះ‌លែង​ក្រុង​ម៉ូរ៉ា‌ស៊ីត-កាថ​បង់ ឯ​ផ្ទះ​អាក់‌ស៊ីប​ទាំង​ប៉ុន្មាន​នោះ​នឹង​បាន​នៅ​ជា​សេចក្ដី​កំភូត ដល់​ពួក​ស្តេច​អ៊ីស្រា‌អែល
15 ឱ​អ្នក​ក្រុង​ម៉ារីសា​អើយ នៅ​១​ដង​ទៀត អញ​នឹង​នាំ​ម្នាក់​មក​ឯ​ឯង ដែល​នឹង​ធ្វើ​ជា​ម្ចាស់​លើ​ឯង សិរី‌ល្អ​នៃ​អ៊ីស្រា‌អែល​នឹង​មក​ដល់​អាឌូឡាម
16 ចូរ​កោរ​រំលីង​នៅ​កំពូល​ក្បាល ហើយ​កាត់​សក់​ចុះ ដោយ​ព្រោះ​កូន​ចៅ​ជា​ទី​គាប់​ចិត្ត​របស់​ឯង ចូរ​ពង្រីក​កន្លែង​កោរ​រំលីង​នោះ​ឲ្យ​ធំ​ឡើង​ដូច​ជា​ឥន្ទ្រី ពី​ព្រោះ​វា​រាល់​គ្នា​បាន​ព្រាត់‌ប្រាស​ចាក​ចេញ​ពី​ឯង​ទៅ​ជា​ឈ្លើយ​អស់​ហើយ។