អែសរ៉ា
ជំពូក 1
នៅឆ្នាំទី១ ក្នុងរាជ្យស៊ីរូស ជាស្តេចពើស៊ី នោះព្រះយេហូវ៉ាទ្រង់បណ្តាលព្រះហឫទ័យស៊ីរូស ជាស្តេចពើស៊ី ឲ្យទ្រង់បានចេញព្រះរាជឱង្ការ ផ្សាយទៅគ្រប់ក្នុងនគរទ្រង់ ដើម្បីឲ្យបានសម្រេចតាមសេចក្ដី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារមាត់ហោរាយេរេមា ក៏បានកត់សេចក្ដីនោះទុកថា
2 ស៊ីរូស ជាស្តេចពើស៊ី ទ្រង់មានព្រះបន្ទូលដូច្នេះ ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយទ្រង់ នៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា
3 ដូច្នេះ នៅក្នុងបណ្តាជនទាំងឡាយ បើមានអ្នកណាជារបស់ផងទ្រង់ នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅឯក្រុងយេរូសាឡឹមដែលនៅស្រុកយូដា ដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលចុះ គឺជាព្រះដែលគង់នៅក្រុងយេរូសាឡឹមនោះ
4 ឯអស់អ្នកដែលសល់នៅពីសាសន៍នេះ ទោះបើនៅកន្លែងណាក៏ដោយ នោះត្រូវឲ្យពួកមនុស្សនៅទីនោះជួយដល់គេ ជាប្រាក់ ជាមាស ជារបស់មានតម្លៃ ព្រមទាំងសត្វ ក្រៅពីតង្វាយស្ម័គ្រពីចិត្ត ដែលសម្រាប់ព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡឹមផង។
5 ដូច្នេះ ពួកអ្នកដែលជាកំពូលលើវង្សានុវង្សរបស់ពួកយូដា និងពួកបេនយ៉ាមីន ហើយពួកសង្ឃ និងពួកលេវី គឺអស់អ្នកដែលព្រះបានបណ្តាលចិត្ត ឲ្យឡើងទៅស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡឹមនោះ គេក៏រៀបចំឡើង
6 ហើយអស់អ្នកដែលនៅជុំវិញគេទាំងប៉ុន្មាន ក៏ជួយផ្គត់ផ្គង់ដោយគ្រឿងប្រាក់ គ្រឿងមាស និងវត្ថុឯទៀត ព្រមទាំងសត្វ និងរបស់មានតម្លៃផ្សេងៗ ក្រៅពីតង្វាយទាំងប៉ុន្មាន ដែលបានថ្វាយស្ម័គ្រពីចិត្ត
7 ឯស្តេចស៊ីរូសទ្រង់ក៏បញ្ចេញគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលនេប៊ូក្នេសាបាននាំយកពីក្រុងយេរូសាឡឹម មកដាក់ទុកនៅកន្លែងសម្រាប់ព្រះនៃទ្រង់ ក្នុងព្រះរាជដំណាក់
8 គឺស៊ីរូស ជាស្តេចពើស៊ី ទ្រង់បានបង្គាប់ឲ្យមីត្រាដាត ជាមេព្រះឃ្លាំង យកគ្រឿងទាំងនោះចេញមករាប់ប្រគល់ដល់សេសបាសារ ជាចៅហ្វាយនៃពួកយូដា
9 ឯចំនួននៃរបស់ទាំងនោះ គឺជាថាសមាស៣០ ថាសប្រាក់១ពាន់ កាំបិត២៩
10 ពែងមាស៣០ ពែងប្រាក់ថ្នាក់ទី២មាន៤១០ និងគ្រឿងប្រដាប់ឯទៀតៗមួយពាន់
11 រួមគ្រឿងប្រដាប់ទាំងមាសប្រាក់ទាំងអស់ មានចំនួន៥ពាន់៤០០ ហើយសេសបាសារក៏នាំយកគ្រឿងទាំងនោះឡើងមក ក្នុងកាលដែលនាំពួកឈ្លើយត្រឡប់ពីក្រុងបាប៊ីឡូន ឡើងមកឯក្រុងយេរូសាឡឹមវិញ។