សាំយូអែល ទី ២

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24


ជំពូក 23

រីឯ​ព្រះ‌បន្ទូល​ក្រោយ​បង្អស់​របស់​ដាវីឌ នោះ​គឺ​ថា ដាវីឌ​ជា​បុត្រ​អ៊ីសាយ ទ្រង់​មាន​ព្រះ‌បន្ទូល គឺ​ជា​មនុស្ស​ដែល​បាន​តម្កើង​ឡើង​ជា​ខ្ពស់ ជា​អ្នក​ដែល​ព្រះ​នៃ​យ៉ាកុប​បាន​ចាក់​ប្រេង​តាំង​ឲ្យ ជា​អ្នក​តែង​ទំនុក​យ៉ាង​ពីរោះ ក្នុង​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា
2 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ខ្ញុំ ព្រះ‌បន្ទូល​នៃ​ទ្រង់​នៅ​លើ​អណ្តាត​ខ្ញុំ
3 ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល គឺ​ថ្មដា​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា អ្នក​ណា​ដែល​សោយ‌រាជ្យ​លើ​ប្រជា‌ជន នោះ​ត្រូវ​តែ​បាន​សុចរិត ហើយ​ត្រូវ​សោយ‌រាជ្យ ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ
4 អ្នក​នោះ​នឹង​បាន​ដូច​ជា​ពន្លឺ​នៅ​ពេល​ព្រលឹម​ស្រាង កាល​ថ្ងៃ​កំពុង​តែ​រះ ជា​ពេល​ព្រឹក​មេឃ​ស្រឡះ ដែល​មាន​ស្មៅ​ពន្លក​ពី​ដី​ឡើង ដោយ​ពន្លឺ​ភ្លឺ​មក​ក្រោយ​ពេល​ភ្លៀង​ធ្លាក់
5 តើ​វង្ស​ខ្ញុំ​មិន​មែន​ដូច្នោះ នៅ​ចំពោះ​ព្រះ​ទេ​ឬ​អី ដ្បិត​ទ្រង់​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​ខ្ញុំ​ឲ្យ​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច ជា​សេចក្ដី​សញ្ញា​ដែល​មាន​របៀប​រៀប‌រយ ហើយ​ក៏​ពិត​ប្រាកដ ឯ​សេចក្ដី​សង្គ្រោះ និង​សេចក្ដី​ប៉ង‌ប្រាថ្នា​គ្រប់​ជំពូក​របស់​ខ្ញុំ បាន​កើត​អំពី​នោះ​មក ទោះ​បើ​ទ្រង់​មិន​ទាន់​ឲ្យ​ដុះ‌ដាល​ឡើង​ក៏​ដោយ
6 តែ​បណ្តា​ពួក​មនុស្ស​អាក្រក់​សុទ្ធ​តែ​ដូច​បន្លា​ដែល​គេ​ចោល ពី​ព្រោះ​នឹង​ចាប់​កាន់​ដោយ​ដៃ​មិន​បាន
7 មនុស្ស​ណា​ដែល​ពាល់​វា ត្រូវ​តែ​មាន​ដែក ហើយ​ដង​លំពែង​ផង គេ​នឹង​ដុត​វា​សុស​នៅ​ទី​នោះ​ឯង។
8 នេះ​ជា​ឈ្មោះ​ពួក​ខ្លាំង​ពូកែ​របស់​ដាវីឌ គឺ​យ៉ូសែប-បា‌សេ‌បែត ជា​ពូជ​តាក‌ម៉ូនី លោក​ជា​មេ​លើ​ពួក​មេ‌ទ័ព លោក​បាន​លើក​លំពែង​តស៊ូ សម្លាប់​មនុស្ស​៨០០​ក្នុង​គ្រា​តែ​១
9 បន្ទាប់​ពី​លោក​មក មាន​អេលាសារ ជា​កូន​ដូដូរ ពូជ​អ័ហូអា លោក​ជា​ម្នាក់​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣​នាក់ ដែល​នៅ​ជា​មួយ​នឹង​ដាវីឌ ក្នុង​កាល​ដែល​ប្រកួត​នឹង​ពួក​ភីលីស្ទីន​ដែល​មូល​គ្នា​មក​ច្បាំង នៅ​វេលា​ដែល​ពួក​អ៊ីស្រា‌អែល​ឡើង​ទៅ​បាត់​ហើយ
10 លោក​នេះ​ក៏​ក្រោក​ឡើង​កាប់​ចាក់​ពួក​ភីលីស្ទីន ទាល់​តែ​រោយ​ដៃ ហើយ​ដៃ​ជាប់​នៅ​នឹង​ដង​ដាវ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ រួច​បណ្តា​ទ័ព​ក៏​ត្រឡប់​មក​ឯ​លោក ឲ្យ​ទាន់​តែ​នឹង​ប្រមូល​របឹប​ទេ
11 បន្ទាប់​ពី​លោក​នោះ​មក មាន​សាំម៉ា​ជា​កូន​អ័កេ ពួក​ហារ៉ារី គ្រា​នោះ ពួក​ភីលីស្ទីន​បាន​មូល​គ្នា​១​កង នៅ​ទី​ដែល​មាន​ចម្ការ​សណ្តែក‌បាយ ហើយ​ពួក​ពល​ទ័ព​ក៏​រត់​ចេញ​ពី​មុខ​ពួក​ភីលីស្ទីន​ទៅ
12 តែ​លោក​ឈរ​នៅ​កណ្តាល​ចម្ការ​នោះ រាំង‌រា ហើយ​សម្លាប់​ពួក​ភីលីស្ទីន ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ។
13 មាន​៣​នាក់ ក្នុង​ពួក​ជា​ប្រធាន​ទាំង​៣០ បាន​ចុះ​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​រអាង​អាឌូឡាម ក្នុង​រដូវ​ចម្រូូត ឯ​កង​ពួក​ភីលីស្ទីន គេ​បាន​បោះ​ទ័ព​នៅ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម
14 នៅ​គ្រា​នោះ ដាវីឌ​គង់​នៅ​ទី​ពំនួន ហើយ​មាន​ពួក​ទ័ព​ភីលីស្ទីន​នៅ​ត្រង់​បេថ្លេ‌ហិម
15 ដាវីឌ​ទ្រង់​នឹក‌កន្លេង​ក្នុង​ព្រះ‌ហឫទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា ឱ​បើ​ជា​មាន​អ្នក​ណា​យក​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ក្រុង​បេថ្លេ‌ហិម មក​ឲ្យ​អញ​ផឹក​ទៅ​អេះ
16 ចំណែក​ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​៣​នាក់​នោះ ក៏​បំបែក​ពួក​ទ័ព​ភីលីស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​អណ្តូង នៅ​មាត់​ទ្វារ​បេថ្លេ‌ហិម​យក​មក​ថ្វាយ​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​វិញ
17 រួច​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ការ​យ៉ាង​នេះ​នៅ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ កុំ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ឡើយ តើ​គួរ​ឲ្យ​ទូល‌បង្គំ​ផឹក​ឈាម​របស់​មនុស្ស ដែល​ទៅ​ទាំង​ប្រថុយ​ជីវិត​ដូច្នេះ​ឬ​អី គឺ​ដោយ​ហេតុ​នោះ បាន​ជា​ទ្រង់​មិន​ព្រម​សោយ​ទឹក​នោះ​ទេ អ្នក​ខ្លាំង​ពូកែ​ទាំង​៣​នេះ បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ។
18 ឯ​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់​កូន​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​៣​នោះ លោក​បាន​លើក​លំពែង​សម្លាប់​៣០០​នាក់ ហើយ​ក៏​ល្បី​ឈ្មោះ​ក្នុង​៣​នាក់​នោះ
19 ក្នុង​បណ្តា​៣​នាក់​នោះ គេ​រាប់​អាន​លោក​ជាង​គេ បាន​ជា​លើក​លោក​ធ្វើ​ជា​មេ ប៉ុន្តែ លោក​មិន​ស្មើ​នឹង​ពួក​៣​នាក់​មុន​នោះ​ទេ។
20 រីឯ​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ជា​កូន​របស់​អ្នក​ខ្លាំង​ពូកែ​ម្នាក់​នៅ​កាប‌សៀល ជា​អ្នក​ដែល​បាន​ធ្វើ​ការ​មាន​ថ្វី‌ដៃ​ច្រើន លោក​បាន​សម្លាប់​កូន​ទាំង​២​របស់​អ័រាល​សាសន៍​ម៉ូអាប់​ទៅ ហើយ​ក៏​ចុះ​ទៅ​ក្នុង​រណ្តៅ​សម្លាប់​សត្វ​សិង្ហ​១​នៅ​ថ្ងៃ​មាន​ហិមៈ
21 ហើយ​លោក​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​ដែល​គួរ​ស្ញែង​ខ្លាច វា​កាន់​លំពែង​នៅ​ដៃ តែ​លោក​មាន​តែ​ដំបង​កាន់​ចុះ​ទៅ​ឯ​វា​ប៉ុណ្ណោះ ក៏​កន្ត្រាក់​យក​លំពែង​ពី​ដៃ​នៃ​សាសន៍​អេស៊ីព្ទ​នោះ​បាន រួច​ចាក់​សម្លាប់ និង​លំពែង​របស់​ខ្លួន​វា​នោះ​ឯង
22 គឺ​ការ​យ៉ាង​នោះ​ដែល​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​បាន​ធ្វើ ហើយ​ក៏​មាន​ល្បី​ឈ្មោះ​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣០​នាក់​នោះ
23 គេ​រាប់​អាន​លោក ជា​ជាង​មនុស្ស​៣០​នាក់ តែ​លោក​មិន​ស្មើ​នឹង​ពួក​៣​នាក់​មុន​នោះ​ទេ ដាវីឌ​ទ្រង់​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​ទាហាន​រក្សា​អង្គ។
24 ឯ​អេសា‌អែល ជា​ប្អូន​យ៉ូអាប់ លោក​ជា​ម្នាក់​ក្នុង​ពួក​៣០​នាក់​នោះ​ដែរ អែល‌ហា‌ណាន​ជា​កូន​ដូដូរ ពី​ក្រុង​បេថ្លេ‌ហិម
25 សាំម៉ា​ជា​ពួក​ហារ៉ុឌ អេលីកា ជា​ពួក​ហារ៉ុឌ
26 ហេលែស​ជា​ពួក​ប៉ាលធី អ៊ីរ៉ា​ជា​កូន​អ៊ីក‌កែស ពី​ក្រុង​ត្កូអា
27 អ័បៀ‌ស៊ើរ ពី​អាន៉ា‌ថោត មប៊ូ‌ណាយ ជា​ពួក​ហ៊ូសាយ
28 សាល‌ម៉ូន​ជា​ពួក​អ័ហូអា ម៉ាហា‌រ៉ាយ ពីនថូផា
29 ហេលែប​ជា​កូន​ប្អាណា​ពី​នថូផា អ៊ីត‌តាយ​ជា​កូន​រីបាយ​ពី​គីបៀរ ក្នុង​ពូជ​កូន​ចៅ​បេន‌យ៉ាមីន
30 បេណាយ៉ា ពី​ពីរ៉ាថូន ហ៊ីដាយ ពី​ណាហាលេ-កាអាស
31 អ័ប៊ី-អាល‌បូ​ពី​អើរ៉ាបា អាស‌ម៉ាវែត​ពី​បាហ៊ូរីម
32 អេលី‌យ៉ាបា ពីស្អា‌ឡា‌ប៊ីន ពួក​កូន​យ៉ាសេន យ៉ូណា‌ថាន
33 សាំម៉ា​ពី​ស្អាហារ៉ារី អ័ហ៊ី‌យ៉ាម​ជា​កូន​សារ៉ើរ ពី​ស្រុក​ហារ៉ារី
34 អេលី‌ផា‌លេត​ជា​កូន​អ័ហាស‌បា កូន​របស់​ម្នាក់​ក្នុង​ពួក​ម៉ាកាធី អេលាម​ជា​កូន​អ័ហ៊ី‌ថូ‌ផែល ពួក​គីឡោ
35 ហែស្រាយ​ជា​ពួក​កើមែល ប្អារ៉ាយ ជា​អ្នក​មក​ពី​អារ៉ាប
36 យីកាល​ជា​កូន​ណាថាន់ ពីសូបា បានី ជា​ពួក​កាឌ់
37 សេលេក​ជា​សាសន៍​អាំម៉ូន ណា‌ហា‌រ៉ាយ ពីប្អៀរ៉ុត​ជា​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​យ៉ូអាប់​ជា​កូន​សេរូយ៉ា
38 អ៊ីរ៉ា​ជា​ពួក​យេធើ ការេប ជា​ពួក​យេធើ
39 ហើយ​និង​អ៊ូរី​ជា​សាសន៍​ហេត រួម​ទាំង​អស់​មាន​៣៧​នាក់។