សាំយូអែល ទី ២

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24


ជំពូក 6

រួច​មក ដាវីឌ​ទ្រង់​ប្រមូល​អស់​ទាំង​មនុស្ស​ជ្រើស‌រើស​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ម្តង​ទៀត បាន​ចំនួន​៣​ម៉ឺន​នាក់
2 រួច​ដាវីឌ ព្រម​ទាំង​បណ្តា‌ជន​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ឡើង​ចេញ​ពី​ប្អាលេ-យូដា ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ​ឡើង​មក ជា​ហឹប​ដែល​គេ​ឲ្យ​ឈ្មោះ តាម​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​កណ្តាល​ចេរូប៊ីន
3 គេ​ផ្ទុក​ហឹប​នៃ​ព្រះ​លើ​រទេះ​ថ្មី ដឹក​ចេញ​ពី​ផ្ទះ​អ័ប៊ី‌ន៉ាដាប់ ដែល​នៅ​លើ​ភ្នំ​ទៅ មាន​ឈ្មោះ​អ៊ុសា ហើយ​និង​អ័ហ៊ីយ៉ូរ​ជា​កូន​អ័ប៊ី‌ន៉ាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ
4 គេ​នាំ​យក​រទេះ​ដែល​ផ្ទុក​ហឹប​នៃ​ព្រះ ចេញ​ពី​ផ្ទះ​អ័ប៊ី‌ន៉ាដាប់​ដែល​នៅ​លើ​ភ្នំ​នោះ​ទៅ មាន​អ័ហ៊ីយ៉ូរ​ដើរ​ខាង​មុខ​ហឹប​ផង
5 ឯ​ដាវីឌ និង​ពួក​ផ្ទះ​អ៊ីស្រា‌អែល​ទាំង​អស់ គេ​លេង​ប្រដាប់​ភ្លេង​គ្រប់​មុខ ដែល​ធ្វើ​ពី​ឈើ​កកោះ គឺ​ស៊ុង ពិណ ក្រាប់ រុម្មនា ហើយ​និង​ឈឹង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។
6 លុះ​គេ​បាន​ទៅ​ដល់​លាន​ស្រូវ​របស់​ណាកុន ហើយ​នោះ​អ៊ុសា​គាត់​លូក​ដៃ​ទៅ​ចាប់​ទប់​ហឹប​នៃ​ព្រះ ពី​ព្រោះ​គោ​កញ្ជ្រោល​ឡើង
7 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​ខ្ញាល់​នឹង​អ៊ុសា ក៏​ប្រហារ​គាត់​នៅ​ទី​នោះ ដោយ​ព្រោះ​កំហុស​របស់​គាត់ ហើយ​គាត់​ស្លាប់​នៅ​ទី​នោះ ជិត​ហឹប​នៃ​ព្រះ​ទៅ
8 ឯ​ដាវីឌ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ទោមនស្ស ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រហារ​ជីវិត​អ៊ុសា​បង់ រួច​ទ្រង់​ហៅ​កន្លែង​នោះ​ឈ្មោះ​ថា ពេរេស-អ៊ុសា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
9 នៅ​ថ្ងៃ​នោះ ដាវីឌ​ក៏​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​មាន​ព្រះ‌បន្ទូល​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ឯ​អញ​បាន
10 យ៉ាង​នោះ ដាវីឌ​បែរ​ជា​មិន​បាន​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​ទៅ​ឯ​ទ្រង់ ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​ទ្រង់​នាំ​យក​ទៅ​ដាក់​ទុក​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដុម ជា​អ្នក​មក​ពី​ក្រុង​កាថ​វិញ
11 ដូច្នេះ ហឹប​នៃ​ព្រះ‌យេហូវ៉ា​ក៏​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដុម ពី​ក្រុង​កាថា​នោះ​អស់​៣​ខែ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​ពរ​ដល់​អូបិឌ-អេដុម ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់​គ្នា។
12 មាន​គេ​ក្រាប​ទូល​ដល់​ស្តេច​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​ពួក​គ្រួ​អូបិឌ-អេដុម និង​របស់​គាត់​ទាំង​អស់ ដោយ​ព្រោះ​ហឹប​នៃ​ព្រះ ដូច្នេះ ដាវីឌ​ទ្រង់​ក៏​យាង​ទៅ​នាំ​យក​ហឹប​នៃ​ព្រះ​ពី​ផ្ទះ​អូបិឌ-អេដុម ចូល​មក​ក្នុង​ក្រុង​របស់​ទ្រង់​វិញ​ដោយ​អំណរ
13 កាល​ពួក​អ្នក​ដែល​សែង​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​៦​ជំហាន នោះ​ទ្រង់​ថ្វាយ​គោ​ឈ្មោល​១ និង​កូន​គោ​១​យ៉ាង​ធាត់
14 ដាវីឌ​ក៏​លោត‌កញ្ឆេង​អស់​ពី​កម្លាំង​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស
15 ដូច្នេះ ដាវីឌ និង​ជំនួរ​វង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ បាន​នាំ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ឡើង​មក​ដោយ​សំឡេង​ហ៊ោ​ឡើង និង​សូរ​ផ្លុំ​ត្រែ​ផង។
16 ក្នុង​វេលា​ដែល​ហឹប​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ចូល​មក​ក្នុង​ក្រុង​ដាវីឌ នោះ​មីកាល​ជា​បុត្រី​សូល ក៏​ទត​តាម​បង្អួច​ទៅ​ឃើញ​ស្តេច​ដាវីឌ កំពុង​តែ​ហក់​លោត‌កញ្ឆេង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នាង​ក៏​មាន​ព្រះ‌ទ័យ​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់
17 គេ​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ដាក់​នៅ​កន្លែង​រៀប‌ចំ ត្រង់​កណ្តាល​ត្រសាល​ដែល​ដាវីឌ​បាន​ដំឡើង​សម្រាប់​ហឹប​នោះ រួច​ទ្រង់​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
18 លុះ​បាន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​រួច​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
19 រួច​ទ្រង់​ចែក​នំបុ័ង​១​ដុំ សាច់​១​ដុំ និង​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ផែន ដល់​ប្រជា‌ជន​ទាំង‌ឡាយ គឺ​ដល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី​ផង ដូច្នេះ ប្រជា‌ជន​ក៏​ត្រឡប់​ទៅ​ឯ​លំនៅ​របស់​គេ​រៀង​ខ្លួន​វិញ។
20 រួច​ហើយ ដាវីឌ​ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ដំណាក់ ដើម្បី​ឲ្យ​ពរ​ដល់​ពួក​ដំណាក់​ទ្រង់ នោះ​មីកាល​ជា​បុត្រី​សូល​នាង​ចេញ​មក​ទទួល​ទ្រង់ ទូល​ថា នៅ​ថ្ងៃ​នេះ ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​សេចក្ដី​រុងរឿង​ឧត្តម​អី​ម៉្លេះ​ទេ ដោយ​បាន​បើក​ឲ្យ​អង្គ​ទ្រង់​អាក្រាត​នៅ​មុខ​ពួក​ស្រី​បម្រើ​របស់​ពួក​មហា‌តលិក​ទ្រង់​នៅ​ថ្ងៃ​នេះ បែប​ដូច​ជា​មនុស្ស​ចោល‌ម្សៀត​ណា​មួយ​ដែល​បើក​ឲ្យ​ខ្លួន​អាក្រាត​ដូច្នេះ
21 តែ​ដាវីឌ​មាន​ព្រះ‌បន្ទូល​តប​ថា នោះ​គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ ជា​ព្រះ​ដែល​បាន​រើស​អញ​ជា​ជាង​បិតា​ឯង និង​វង្សានុវង្ស​របស់​ឯង​ទាំង​អស់​គ្នា​ដែរ ដើម្បី​នាំ​តាំង​អញ​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ហេតុ​ដូច្នេះ​បាន​ជា​អញ​នឹង​លេង​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
22 ហើយ​និង​ចេះ​តែ​ប្រព្រឹត្ត​អាក្រក់​ជាង​នោះ​ទៅ​ទៀត ព្រម​ទាំង​បាន​ទាប​ថោក​ដល់​ភ្នែក​ខ្លួន​អញ​ផង តែ​ចំណែក​ពួក​បាវ​ស្រី​ដែល​ឯង​បាន​និយាយ​នោះ គេ​នឹង​លើក​សរសើរ​ដល់​អញ​វិញ
23 ដូច្នេះ មីកាល​ជា​បុត្រី​សូល នាង​ឥត​មាន​បុត្រ​ឡើយ រហូត​ដល់​អស់​ជីវិត។