យ៉ូហានទី២
ជំពូក 1
សំបុត្រអ្នកចាស់ទុំ ផ្ញើមកលោកស្រី រើសតាំង និងកូនចៅរបស់លោកស្រី ដែលខ្ញុំស្រឡាញ់ពិតប្រាកដ មិនមែនតែខ្ញុំ១ គឺព្រមទាំងអស់អ្នកដែលស្គាល់សេចក្ដីពិតផងដែរ
2 ដោយព្រោះសេចក្ដីពិត ដែលនៅក្នុងយើងរាល់គ្នា ហើយក៏នៅជាមួយនឹងយើងជាដរាប
3 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីមេត្តាករុណា ហើយនិងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រា គឺដោយសេចក្ដីពិត និងសេចក្ដីស្រឡាញ់។
4 ខ្ញុំមានសេចក្ដីអំណរជាខ្លាំងណាស់ ដោយបានឃើញកូនចៅខ្លះរបស់លោកស្រី ដែលប្រព្រឹត្តតាមសេចក្ដីពិត ដូចជាព្រះវរបិតាបានបង្គាប់មកយើងរាល់គ្នា
5 ឥឡូវនេះ លោកស្រីអើយ ដែលខ្ញុំសរសេរផ្ញើមកនេះ មិនមែនដូចជាបង្គាប់ដល់លោកស្រីទេ គឺខ្ញុំសូមអង្វរវិញថា ឲ្យយើងរាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមកចុះ ដូចជាតាំងពីដើមរៀងមក
6 នេះហើយជាសេចក្ដីស្រឡាញ់ គឺឲ្យយើងរាល់គ្នាប្រព្រឹត្តតាមបញ្ញត្តទ្រង់ ឯសេចក្ដីបញ្ញត្តនោះ គឺដូចជាបានឮតាំងតែពីដើមរៀងមក ដើម្បីឲ្យបានប្រព្រឹត្តតាម
7 ពីព្រោះមានអ្នកប្រវ័ញ្ចបញ្ឆោតជាច្រើនបានមកក្នុងលោកីយ៍ហើយ ជាពួកអ្នកដែលមិនព្រមទទួលថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះហើយជាអ្នកប្រវ័ញ្ចបញ្ឆោត ហើយជាអ្នកទទឹងនឹងព្រះគ្រីស្ទផង
8 ត្រូវឲ្យអ្នករាល់គ្នាប្រយ័ត ក្រែងបាត់ផលការដែលបានធ្វើ ហើយនោះ គឺឲ្យបានទទួលរង្វាន់ដ៏ពេញលេញវិញ
9 អ្នកណាដែលប្រព្រឹត្តរំលង ហើយមិនកាន់ខ្ជាប់ ក្នុងសេចក្ដីបង្រៀនរបស់ព្រះគ្រីស្ទ អ្នកនោះជាអ្នកគ្មានព្រះទេ តែអ្នកណាដែលកាន់ខ្ជាប់ ក្នុងសេចក្ដីបង្រៀនរបស់ព្រះគ្រីស្ទវិញ អ្នកនោះមានទាំងព្រះវរបិតា និងព្រះរាជបុត្រាផង
10 បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្ដីនេះ នោះកុំឲ្យទទួលអ្នកនោះ នៅក្នុងផ្ទះឡើយ កុំឲ្យទាំងជម្រាបសួរដល់អ្នកនោះផង
11 ដ្បិតបើអ្នកណាជម្រាបសួរ នោះក៏តែងមានសេចក្ដីប្រកបគ្នា ក្នុងការអាក្រក់របស់អ្នកនោះដែរ។
12 ខ្ញុំមានសេចក្ដីជាច្រើននឹងសរសេរផ្ញើមកអ្នករាល់គ្នា តែមិនចង់សរសេរនៅក្រដាស ដោយទឹកខ្មៅនោះទេ ដ្បិតខ្ញុំសង្ឃឹមថា នឹងមកសួរអ្នករាល់គ្នា ហើយនិងនិយាយផ្ទាល់មាត់វិញ ដើម្បីឲ្យសេចក្ដីអំណររបស់យើងរាល់គ្នា ចម្រើនបានពោរពេញឡើង
13 ឯកូនចៅរបស់ប្អូនស្រីរើសតាំងរបស់លោកស្រី ក៏សូមជម្រាបសួរមកលោកស្រីដែរ។ អាម៉ែន។:៚