យ៉ូហានទី១
ជំពូក 1
ឯសេចក្ដីដែលមានតាំងពីដើមមក ដែលយើងខ្ញុំបានឮ ហើយភ្នែកបានឃើញ ក៏បានមើល ហើយដៃបានប៉ះពាល់ខាងឯព្រះបន្ទូលនៃជីវិត
2 (ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ចដែលពីដើមស្ថិតនៅ នឹងព្រះវរបិតា ហើយបានលេចមកឲ្យយើងខ្ញុំឃើញ)
3 ដូច្នេះ សេចក្ដីដែលយើងខ្ញុំបានឃើញ ហើយឮនោះ យើងខ្ញុំប្រាប់មកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបនឹងយើងខ្ញុំដែរ រីឯសេចក្ដីប្រកបរបស់យើងខ្ញុំ នោះគឺប្រកបនឹងព្រះវរបិតា ហើយនិងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាទ្រង់
4 យើងខ្ញុំក៏សរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញឡើង។
5 នេះជាដំណឹងដែលយើងខ្ញុំបានឮពីទ្រង់ ហើយក៏ប្រាប់មកអ្នករាល់គ្នា គឺថា ព្រះទ្រង់ជាពន្លឺភ្លឺ គ្មានសេចក្ដីងងឹតណានៅក្នុងទ្រង់សោះ
6 បើសិនជាយើងរាល់គ្នាថា យើងមានសេចក្ដីប្រកបនឹងទ្រង់ តែដើរ ក្នុងសេចក្ដីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ
7 តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្ដីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សម្អាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់។
8 បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ
9 បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសម្អាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង
10 បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ។