ធីម៉ូថេ​ទី​២

1 2 3 4


ជំពូក 4

ដូច្នេះ ខ្ញុំ​ផ្តាំ​មក​អ្នក​យ៉ាង​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ និង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​រៀប​នឹង​ជំនុំ​ជម្រះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង គឺ​ផ្តាំ​ដោយ​អាង​ដំណើរ​ទ្រង់​យាង​មក និង​នគរ​ទ្រង់ ថា
2 ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះ‌បន្ទូល​ចុះ ហើយ​ទទូច​ជំរុញ​ផង ទោះ​ត្រូវ​ពេល ឬ​ខុស​ក្តី ចូរ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន ព្រម​ទាំង​បន្ទោស ហើយ​កំឡា​ចិត្ត​គេ ដោយ​ចិត្ត​អត់‌ធ្មត់ និង​សេចក្ដី​ប្រៀន​ប្រដៅ​គ្រប់​យ៉ាង
3 ដ្បិត​នឹង​មាន​គ្រា​មក ដែល​គេ​មិន​ទ្រាំ​ទ្រ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​និង​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត
4 គេ​នឹង​ងាក​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត បែរ​ទៅ​តាម​រឿង​ព្រេង​វិញ
5 តែ​ឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹង‌ធឹង ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ ចូរ​ទ្រាំ​ទ្រ​នឹង​សេចក្ដី​លំបាក ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​ចុះ ព្រម​ទាំង​បំពេញ​ការ‌ងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង
6 ដ្បិត​ខ្ញុំ​កំពុង​តែ​ត្រូវ​ច្រួច​ចេញ ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏​បាន​មក​ដល់​ហើយ
7 ខ្ញុំ​បាន​ត‌យុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្ដី​ជំនឿ​ទៅ​ហើយ
8 ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្ដី​សុចរិត បម្រុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​ដ៏​ជា​ចៅ‌ក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ មិន​មែន​ដល់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ​នោះ​ដែរ។
9 ចូរ​ឲ្យ​ខំ​ប្រឹង​ទៅ​ឯ​ខ្ញុំ​ជា​ប្រញាប់
10 ដ្បិត​អ្នក​ដេម៉ាស​បាន​លះ​ចោល​ខ្ញុំ​ហើយ ដោយ​គាត់​ស្រឡាញ់​លោកីយ៍​នេះ គាត់​បាន​ទៅ​ឯ​ក្រុង​ថែស្សា‌ឡូនីច​ហើយ អ្នក​ក្រេសេន​បាន​ទៅ​ឯ​ស្រុក​កាឡាទី ហើយ​អ្នក​ទីតុស​ក៏​បាន​ទៅ​ឯ​ស្រុក​ដាល់ម៉ាទា
11 មាន​តែ​លោក​លូកា​ប៉ុណ្ណោះ​ទេ ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ ចូរ​ឲ្យ​អ្នក​នាំ​ម៉ាកុស​ទៅ​ជា​មួយ​ផង ដ្បិត​គាត់​ជា​អ្នក​មាន​ប្រយោជន៍​ក្នុង​ការ‌ងារ​ខ្ញុំ
12 ខ្ញុំ​បាន​ចាត់​អ្នក​ទីឃី‌កុស ឲ្យ​ទៅ​ឯ​ក្រុង​អេភេសូរ
13 ដល់​កាល​ណា​អ្នក​ទៅ​ឯ​ខ្ញុំ នោះ​សូម​យក​អាវ​ធំ ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​អ្នក​កាប៉ុស នៅ​ក្រុង​ទ្រអាស​ទៅ​ផង និង​សៀវភៅ​ទាំង​ប៉ុន្មាន​ដែរ តែ​សូម​យក​ក្រាំង​ស្បែក​ជា​ដើម
14 ឯ​អ័លេ‌ក្សាន‌ត្រុស ជា​ជាង​ស្មិត គាត់​បាន​ធ្វើ​បាប​ខ្ញុំ​ជា​ច្រើន តែ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សង​គាត់​វិញ តាម​ការ​ដែល​គាត់​ធ្វើ
15 ចូរ​ឲ្យ​អ្នក​ប្រុង​ប្រយ័ត​នឹង​គាត់​ដែរ ដ្បិត​គាត់​បាន​ទាស់​ទទឹង​នឹង​ពាក្យ​សំដី​យើង​ជា​ខ្លាំង​ណាស់។
16 កាល​ខ្ញុំ​បាន​ដោះ​សារ​ជា​មុន​ដំបូង នោះ​គ្មាន​អ្នក​ណា​ឈរ​ជា​មួយ​នឹង​ខ្ញុំ​សោះ គេ​លះ​ចោល​ខ្ញុំ​ទាំង​អស់​គ្នា តែ​សូម​កុំ​ឲ្យ​ព្រះ​រាប់​សេចក្ដី​នោះ ជា​ទោស​ដល់​គេ​ឡើយ
17 ប៉ុន្តែ ព្រះ‌អម្ចាស់​ទ្រង់​បាន​គង់​ជា​មួយ​នឹង​ខ្ញុំ​វិញ ព្រម​ទាំង​ចម្រើន​កម្លាំង​ផង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយ‌សារ​ខ្ញុំ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​មាត់​សិង្ហ​ដែរ
18 ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រោស ឲ្យ​ខ្ញុំ​រួច​ពី​គ្រប់​ការ​អាក្រក់​ទៅ​ទៀត ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំ ទុក​សម្រាប់​នគរ​ទ្រង់​នៅ​ស្ថាន‌សួគ៌ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។
19 សូម​ជម្រាប​សួរ​ដល់​នាង​ព្រីស៊ីល និង​អ្នក​អ័គីឡា ព្រម​ទាំង​ពួក​អ្នក​ផ្ទះ​អូនេសិភ័រ​ផង
20 អ្នក​អេរ៉ា‌ស្ទុស​បាន​នៅ​ក្រុង​កូរិន‌ថូស ហើយ​ខ្ញុំ​បាន​ទុក​អ្នក​ទ្រភីម​ចោល ទាំង​ឈឺ​នៅ​ក្រុង​មីលេត
21 ចូរ​ខំ​ប្រឹង​ទៅ​ឲ្យ​បាន​ដល់​មុន​រដូវ​រងា អ្នក​អ៊ើប៊ូ‌ល៉ុស អ្នក​ពូដេន អ្នក​លីណុស អ្នក​ក្លូឌាស ហើយ​ពួក​បង​ប្អូន​ទាំង​អស់​គ្នា សូម​ជម្រាប​សួរ​ដល់​អ្នក។
22 សូម​ឲ្យ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ បាន​គង់​ជា​មួយ​នឹង​វិញ្ញាណ​អ្នក សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚