អេភេសូ
ជំពូក 6
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ
2 «ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន» នេះជាបញ្ញត្តមុនដំបូង ដែលជាប់មានទាំងសេចក្ដីសន្យាផង
3 ដើម្បីឲ្យឯងរាល់គ្នាបានសេចក្ដីសុខ ហើយរស់នៅផែនដីជាយូរអង្វែងទៅ ។
4 ឪពុករាល់គ្នាអើយ កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន និងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ។
5 អ្នកបម្រើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយខ្លួនខាងសាច់ឈាម ដោយគោរពកោតខ្លាចហើយញាប់ញ័រ ព្រមទាំងមានចិត្តទៀងត្រង់ ដូចជាដល់ព្រះគ្រីស្ទ
6 កុំបម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបម្រើដូចជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត
7 ទាំងបម្រើដោយអំណរ ដូចជាបម្រើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបម្រើមនុស្សឡើយ
8 ដោយដឹងថា ការល្អអ្វីដែលគ្រប់គ្នាធ្វើ នោះនឹងបានរង្វាន់ពីព្រះអម្ចាស់ ទោះបើជាបាវបម្រើ ឬអ្នកជាក្តី។
9 ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តនឹងបាវបម្រើដូច្នោះដែរ ទាំងលែងគំហកកំហែងទៅ ដោយដឹងថា ចៅហ្វាយរបស់គេ ហើយរបស់អ្នករាល់គ្នាផង នោះទ្រង់គង់នៅស្ថានសួគ៌ ហើយទ្រង់មិនចេះរើសមុខអ្នកណាឡើយ។
10 ឯសេចក្ដីឯទៀត បងប្អូនអើយ ចូរឲ្យមានកម្លាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់
11 ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស
12 ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្ដីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ
13 ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល
14 ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្ដីពិតនៅចង្កេះ ហើយពាក់សេចក្ដីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង
15 ទាំងពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្ដីសុខសាន្ត ទុកជាស្បែកជើង
16 ថែមទាំងយកសេចក្ដីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច ដោយសារខែលនោះបាន
17 ចូរយកសេចក្ដីសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល
18 ព្រមទាំងប្រើសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្ដីនោះឯង ដោយនូវគ្រប់ទាំងសេចក្ដីខ្ជាប់ខ្ជួន និងសេចក្ដីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់
19 ហើយឲ្យខ្ញុំផង ប្រយោជន៍ឲ្យព្រះបានប្រទានពាក្យសំដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន នឹងសម្ដែងពីសេចក្ដីអាថ៌កំបាំងនៃដំណឹងល្អ
20 ដែលខ្ញុំជាទូតជាប់ច្រវាក់ ដោយព្រោះដំណឹងល្អនោះឯង ដើម្បីឲ្យខ្ញុំមានសេចក្ដីក្លាហានក្នុងដំណឹងល្អ ប្រយោជន៍ឲ្យខ្ញុំបាននិយាយ តាមដែលគួរគប្បី។
21 តែអ្នកទីឃីកុសជាបងប្អូនស្ងួនភ្ងា ហើយជាអ្នកជំនួយស្មោះត្រង់ក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់គ្រប់ការទាំងអស់ ឲ្យអ្នករាល់គ្នាដឹងពីដំណើរខ្ញុំ ដែលខ្ញុំធ្វើអ្វីៗ
22 ខ្ញុំបានចាត់គាត់ឲ្យមកឯអ្នករាល់គ្នា សម្រាប់សេចក្ដីនោះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងពីដំណើរយើងខ្ញុំ ហើយឲ្យគាត់បានកំឡាចិត្តអ្នករាល់គ្នាឡើងដែរ។
23 សូមឲ្យពួកបងប្អូនបានប្រកបដោយនូវសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ ព្រមទាំងសេចក្ដីជំនឿ អំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ
24 សូមឲ្យព្រះគុណបានសណ្ឋិតនៅជា១នឹងអស់អ្នកណា ដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាដោយស្មោះត្រង់។ អាម៉ែន។:៚