កូរិនថូសទី ១
ជំពូក 8
ឯត្រង់ភោជនាហារ ដែលបានថ្វាយទៅរូបព្រះ នោះយើងរាល់គ្នាដឹងថា (ដ្បិតយើងទាំងអស់គ្នាមានចំណេះ រីឯចំណេះនោះនាំឲ្យចិត្តប៉ោងឡើង តែសេចក្ដីស្រឡាញ់ស្អាងចិត្តឡើងវិញ
2 បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនៅឡើយទេ
3 តែបើអ្នកណាស្រឡាញ់ព្រះ ទ្រង់ក៏ស្គាល់អ្នកនោះ)
4 ឯដំណើរបរិភោគភោជនាហារ ដែលបានថ្វាយទៅរូបព្រះ នោះយើងដឹងថា ក្នុងលោកីយ៍នេះ រូបព្រះមិនបានជាអ្វីទេ ហើយថា គ្មានព្រះណាទៀត ក្រៅពីព្រះតែ១ឡើយ
5 ដ្បិតថ្វីបើមានអ្វីដែលហៅថាព្រះ ទោះនៅលើមេឃ ឬនៅផែនដីក្តី ដូចជាមានព្រះជាច្រើន និងម្ចាស់ជាច្រើនមែន
6 គង់តែខាងយើង មានព្រះតែ១ប៉ុណ្ណោះ គឺជាព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីទ្រង់ ហើយយើងរាល់គ្នាក៏សម្រាប់ទ្រង់ ក៏មានព្រះអម្ចាស់តែ១ គឺជាព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារទ្រង់ ហើយយើងក៏ដោយសារទ្រង់ដែរ
7 តែមនុស្សទាំងអស់គ្មានចំណេះនេះទេ មានអ្នកខ្លះនៅតែកោតខ្លាចចំពោះរូបព្រះ ហើយគេបរិភោគភោជនាហារទាំងនោះ ទុកដូចជាតង្វាយថ្វាយទៅរូបព្រះ លុះមកដល់សព្វថ្ងៃនេះ ម៉្លោះហើយ បញ្ញាចិត្តគេដែលខ្សោយ នោះត្រូវស្មោកគ្រោកទៅវិញ
8 ប៉ុន្តែ ចំណីអាហារ មិនមែនជាគ្រឿង ដែលនាំឲ្យព្រះរាប់អានយើងទេ ដ្បិតបើយើងបរិភោគ នោះមិនមែនមានបំណាច់អ្វី ហើយបើមិនបរិភោគទេ នោះយើងក៏មិនខ្វះអ្វីដែរ
9 តែត្រូវប្រយ័ត ក្រែងអំណាចយើងនេះ បានបង្កើតជាហេតុនាំឲ្យពួកកំសោយជំពប់ដួល
10 ដ្បិតបើអ្នកណាឃើញអ្នកឯង ដែលមានចំណេះ កំពុងតែអង្គុយបរិភោគ ក្នុងវិហារមានរូបព្រះ នោះតើមិនបានកំឡាចិត្តអ្នកកំសោយ ឲ្យបរិភោគតង្វាយដែលបានថ្វាយដល់រូបព្រះដែរឬអី
11 ដូច្នេះ បងប្អូនកំសោយ ដែលព្រះគ្រីស្ទបានសុគតជំនួស គេនឹងត្រូវវិនាសដោយសារចំណេះរបស់អ្នកវិញ
12 យ៉ាងនោះដែលធ្វើបាបនឹងពួកបងប្អូន ហើយធ្វើឲ្យបញ្ញាចិត្តកំសោយរបស់គេត្រូវរបួស នោះឈ្មោះថាធ្វើបាបនឹងព្រះគ្រីស្ទដែរ
13 ហេតុដូច្នេះ បើសិនជាចំណីអាហារអ្វី នាំឲ្យបងប្អូនខ្ញុំជំពប់ដួល នោះខ្ញុំមិនព្រមទទួលទានចំណីអាហារនោះជាដរាបតទៅ ក្រែងបងប្អូនខ្ញុំជំពប់ដួល។