កិច្ចកា
ជំពូក 27
កាលបានសម្រេចឲ្យយើងខ្ញុំចុះសំពៅចេញទៅឯស្រុកអ៊ីតាលី នោះគេក៏ប្រគល់ប៉ុល និងអ្នកទោសខ្លះទៀត ដល់មេទ័ពរងម្នាក់ ឈ្មោះយូលាស ក្នុងកងទ័ពអូគូស្ទ
2 យើងចុះសំពៅ១ពីស្រុកអាត្រាមីត ដែលរៀបនឹងបើកទៅឆ្នេរសមុទ្រស្រុកអាស៊ី ហើយក៏បើកទៅមានទាំងអើរីស្តាក ជាសាសន៍ម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច ទៅជាមួយផង
3 ដល់ថ្ងៃស្អែក យើងបានចូលទៅចតនៅក្រុងស៊ីដូន នោះយូលាសបានប្រព្រឹត្តនឹងប៉ុលដោយសប្បុរស បានបើកឲ្យគាត់ទៅសួរពួកសំឡាញ់ និងទទួលរបស់អ្វីដែលគេជូនដល់គាត់ដែរ
4 យើងបើកពីទីនោះ សសៀរតាមកោះគីប្រុសទៅ ដោយព្រោះច្រាសខ្យល់
5 ក្រោយដែលបានឆ្លងកាត់សមុទ្រ ក្បែរស្រុកគីលីគា និងស្រុកប៉ាមភីលាផុតហើយ ក៏មកដល់មីរ៉ា នៅក្នុងស្រុកលូគា
6 នៅទីនោះ មេទ័ពរកបានសំពៅ១ មកពីក្រុងអ័លេក្សានទ្រា ដែលទៅស្រុកអ៊ីតាលី ក៏ឲ្យយើងជិះទៅ
7 កាលបើកបន្តិចៗទៅជាយូរថ្ងៃ ក៏មកទន្ទឹមនឹងគ្នីដុស ដោយពិបាកណាស់ ពីព្រោះខ្យល់មិនស្រួលសោះ នោះយើងបើកសសៀរចូលទៅ តាមកោះក្រេត ទល់មុខនឹងជ្រោយសាលម៉ូន
8 បើកទៅតាមកោះនោះ ដោយពិបាកណាស់ ក៏ដល់កន្លែង១ហៅថា ទ្វារសមុទ្រលំអ ដែលនៅជិតក្រុងឡាសេ។
9 លុះបានកន្លងមកជាយូរថ្ងៃ កាលសំពៅណាបើកទៅនឹងមានអន្តរាយ ពីព្រោះបុណ្យតម បានកន្លងហើយ នោះប៉ុលទូន្មានគេថា
10 អ្នករាល់គ្នាអើយ បើបើកទៅឥឡូវ ខ្ញុំយល់ឃើញថា នឹងមានអន្តរាយ ហើយខូចខាតជាច្រើន មិនត្រឹមតែទំនិញ និងសំពៅប៉ុណ្ណោះទេ គឺដល់ទាំងជីវិតយើងរាល់គ្នាផង
11 ប៉ុន្តែ មេទ័ពបានទុកចិត្តនឹងអ្នកកាន់ចង្កូត ហើយនិងម្ចាស់សំពៅ ជាជាងពាក្យដែលប៉ុលថានោះវិញ
12 ហើយដោយព្រោះទ្វារសមុទ្រនោះមិនស្រួលនឹងសំណាក់នៅក្នុងរដូវរងាផង បានជាច្រើនគ្នាគេទូន្មានឲ្យបើកចេញពីទីនោះទៅ ដើម្បីនឹងស្រូតទៅឯភេនីច ហើយឲ្យស្នាក់នៅក្នុងរដូវរងាវិញ បើសិនជាបាន នោះជាទ្វារសមុទ្រនៅកោះក្រេត ដែលបែរទៅទិសនិរតី និងទិសពាយព្យ ។
13 ដូច្នេះ កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង នោះគេស្មានថាបានដូចចិត្តហើយ ក៏ស្រាវយុថ្កាឡើង បើកទៅតាមក្បែរកោះក្រេត
14 តែក្រោយមកបន្តិច នោះមានធ្លាក់ខ្យល់ព្យុះកំណាច ដែលហៅថា ខ្យល់អ៊ើរ៉ាគ្លីដូន មកប៉ះនឹងសំពៅ
15 ហើយយើងបំបែរក្បាលសំពៅទៅចំខ្យល់ពុំបាន នោះក៏ទុកឲ្យបណ្តោយតាមខ្យល់ទៅ
16 បានសសៀរទៅតាមកោះ១តូច ឈ្មោះក្លូដេ ហើយលើកទូក ចងដោយពិបាកណាស់
17 កាលលើកចងស្រេចហើយ គេក៏យកខ្សែពួរចងព័ទ្ធសំពៅ រួចទម្លាក់ក្តោងឲ្យរសាត់ទៅតាមខ្យល់ ខ្លាចក្រែងកឿងនឹងផ្នូកខ្សាច់
18 ដល់ថ្ងៃស្អែកឡើង យើងទម្លាក់ទំនិញចោលចេញ ព្រោះខ្យល់ព្យុះសង្ឃរាបោកប៉ះយើងជាខ្លាំង
19 ហើយដល់ថ្ងៃទី៣ ក៏ចោលគ្រឿងប្រដាប់សំពៅ ដោយដៃខ្លួនយើងទៀត
20 រួចដោយព្រោះមិនឃើញថ្ងៃ ឬផ្កាយជាយូរថ្ងៃ ហើយព្យុះសង្ឃរាមិនចេះអន់ស្រាកសោះ បានជាយើងលែងសង្ឃឹមនឹងរួចជីវិតបាន។
21 កាលគេបានតមអាហារជាយូរថ្ងៃ នោះប៉ុលឈរឡើងនៅកណ្តាលគេនិយាយថា អ្នករាល់គ្នាអើយ គួរតែបានស្តាប់តាមខ្ញុំ ហើយមិនចេញពីកោះក្រេតមក នោះមិនត្រូវអន្តរាយ ហើយខូចខាតដូច្នេះទេ
22 តែឥឡូវនេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យសង្ឃឹមឡើង ដ្បិតគ្មានពួកអ្នករាល់គ្នាណា១នឹងបាត់ជីវិតទេ ខូចខាតតែសំពៅប៉ុណ្ណោះ
23 ព្រោះយប់មិញ មានទេវតានៃព្រះ ដែលខ្ញុំជាអ្នកបម្រើរបស់ទ្រង់ បានមកឈរជិតខ្ញុំប្រាប់ថា
24 ប៉ុលអើយ កុំខ្លាចអ្វីឡើយ ត្រូវឲ្យអ្នកឈរនៅមុខសេសារ ហើយមើល ព្រះទ្រង់បានអនុញ្ញាតឲ្យអស់អ្នក ដែលដើរដំណើរជាមួយនឹងអ្នកដែរ
25 ដូច្នេះ អ្នករាល់គ្នាអើយ ចូរសង្ឃឹមឡើង ព្រោះខ្ញុំជឿព្រះថា ការដែលទ្រង់មានព្រះបន្ទូលមកខ្ញុំ នឹងកើតមកដូច្នោះមែន
26 ប៉ុន្តែ យើងត្រូវធ្លាក់ទៅលើកោះណាមួយ។
27 ដល់គម្រប់១៤យប់ កំពុងដែលយើងរសាត់ទៅមក ក្នុងសមុទ្រអាឌ្រា នោះប្រហែលជាកណ្តាលអធ្រាត្រពួកសំពៅស្មានថា យើងជិតដល់ទីគោកណាមួយហើយ
28 លុះបានបោះសំណស្ទង់ទឹកចុះទៅ ក៏ឃើញមានជម្រៅ២០ព្យាម រួចទៅបន្តិចទៀតក៏ស្ទង់មើល ឃើញមានតែ១៥ព្យាម
29 នោះគេទម្លាក់យុថ្កា៤ពីខាងកន្សៃ ក្រែងសំពៅទង្គិចប៉ះនឹងថ្ម រួចគេទន្ទឹងចាំភ្លឺឡើង
30 ពួកសំពៅក៏សម្រូតទូកទម្លាក់ទឹក ធ្វើដូចជាចង់ទម្លាក់យុថ្កាពីខាងក្បាលដែរ តែគេចង់រត់ចោលសំពៅទេ
31 នោះប៉ុលនិយាយទៅមេទ័ព និងទាហានថា បើពួកនោះមិននៅក្នុងសំពៅ នោះអ្នករាល់គ្នាមិនបានរួចទេ
32 ពួកទាហានក៏កាត់ខ្សែឲ្យទូកធ្លាក់ទៅ
33 លុះដល់ថ្ងៃជិតរះ ប៉ុលក៏ទូន្មានឲ្យគេបរិភោគទាំងអស់គ្នា ដោយពាក្យថា នេះគម្រប់១៤ថ្ងៃហើយ ដែលអ្នករាល់គ្នានៅចាំយាម ទាំងតមអាហារ
34 ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យពិសាទៅ ដ្បិតនេះមានប្រយោជន៍ឲ្យអ្នករាល់គ្នាបានរួចជីវិត ព្រោះសក់១សរសៃនៅក្បាលអ្នករាល់គ្នាក៏មិនត្រូវបាត់ផង
35 កាលនិយាយដូច្នេះហើយ គាត់យកនំបុ័ងមកអរព្រះគុណដល់ព្រះ នៅមុខគេទាំងអស់គ្នា រួចកាច់បរិភោគទៅ
36 គេមានសង្ឃឹមឡើង ហើយក៏បរិភោគទាំងអស់គ្នាដែរ
37 រីឯយើងទាំងអស់ដែលនៅក្នុងសំពៅ នោះមាន២៧៦នាក់
38 កាលបរិភោគឆ្អែតហើយ ក៏សម្រាលសំពៅចេញ ដោយទម្លាក់ស្រូវចុះទៅក្នុងសមុទ្រ។
39 លុះភ្លឺច្បាស់ហើយ នោះគេមិនបានស្គាល់ស្រុកនោះទេ តែគេឃើញញោច១មានជម្រាល រួចគេគិតតម្រង់សំពៅឲ្យទៅកឿងនៅទីនោះ បើសិនជាបាន
40 គេក៏កាត់ពួរយុថ្កាចោលនៅសមុទ្រ រួចស្រាយចង្កូត ហើយលើកក្តោងខាងមុខឲ្យត្រូវខ្យល់ តម្រង់សំពៅទៅឯទីជម្រាលនោះ
41 សំពៅក៏ចូលទៅកឿងនៅកន្លែងដែលទឹកហូរប្រសព្វគ្នា ហើយក្បាលជ្រមុជជាប់នៅនឹងថ្កល់ តែកន្សៃត្រូវបាក់បែកទៅដោយអំណាចរលក
42 ឯពួកទាហាន គេចង់សម្លាប់អ្នកទោសទាំងប៉ុន្មានចោលចេញ ដោយខ្លាចក្រែងហែលរត់រួចខ្លះ
43 តែមេទ័ពចង់ជួយប៉ុលឲ្យរួច បានជាឃាត់គេ មិនឲ្យធ្វើតាមគំនិតនោះឡើយ ក៏បង្គាប់អ្នកណាដែលចេះហែល ឲ្យលោតហែលទៅដល់គោកជាមុន
44 ហើយឲ្យអ្នកដែលនៅសល់ទាំងប៉ុន្មាន តោងបន្ទះក្តារ ឬបំណែកសំពៅបណ្តែតទៅ ដូច្នេះ អ្នកទាំងអស់គ្នាក៏បានដល់គោកដោយសុខសាន្តត្រាណ។