ម៉ាឡាគី
ជំពូក 1
នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ាដល់អ៊ីស្រាអែល ដោយសារម៉ាឡាគី។
2 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានស្រឡាញ់ឯងរាល់គ្នា ប៉ុន្តែ ឯងរាល់គ្នាថា ទ្រង់មានស្រឡាញ់យើងរាល់គ្នាឯណា ព្រះយេហូវ៉ាទ្រង់តបថា ឯអេសាវ តើមិនមែនជាបងរបស់យ៉ាកុបទេឬអី ទោះបើយ៉ាងនោះ គង់តែអញបានស្រឡាញ់យ៉ាកុប
3 តែចំណែកអេសាវនោះ អញបានស្អប់វិញ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេបានស្ងាត់ច្រៀប ក៏ឲ្យមរដករបស់គេដល់ពួកស្វាន នៅទីរហោស្ថាន
4 ហើយទោះបើពួកអេដុម គេពោលថា យើងត្រូវបំផ្លាញហើយ តែយើងនឹងវិលទៅសង់កន្លែងខូចបង់ឡើងវិញ គង់តែព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថា គេនឹងសង់ឡើងវិញ តែអញនឹងរំលំចុះទៀត នោះមនុស្សនឹងហៅគេថា ជាព្រំស្រុកនៃសេចក្ដីអាក្រក់ ហើយថា ជាសាសន៍ដែលព្រះយេហូវ៉ាទ្រង់មានសេចក្ដីគ្នាន់ក្នាញ់ចំពោះគេជាដរាប
5 ភ្នែកឯងរាល់គ្នានឹងឃើញដែរ ហើយឯងនឹងពោលថា សូមឲ្យព្រះយេហូវ៉ាបានតម្កើងឡើង ក្រៅពីព្រំស្រុកអ៊ីស្រាអែលទៅទៀត។
6 ឯកូន នោះរមែងគោរពដល់ឪពុក ហើយបាវបម្រើក៏កោតខ្លាចដល់ចៅហ្វាយ ដូច្នេះ បើអញជាឪពុក នោះតើសេចក្ដីគោរពដល់អញនៅឯណា ហើយបើអញជាចៅហ្វាយ តើសេចក្ដីគោរពដល់អញនៅឯណា នេះគឺជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដល់ឯងរាល់គ្នា ជាពួកសង្ឃដែលមើលងាយឈ្មោះអញ តែឯងថាយើងរាល់គ្នាមានមើលងាយដល់ព្រះនាមទ្រង់ឯណា
7 គឺឯងរាល់គ្នាថ្វាយនំបុ័ងដែលមិនបរិសុទ្ធនៅលើអាសនៈរបស់អញ ឯងរាល់គ្នាក៏ពោលថា តើយើងបានបង្អាប់ដល់ទ្រង់ឯណា គឺដោយឯងរាល់គ្នាថា តុនៃព្រះយេហូវ៉ាគួរមើលងាយ
8 ហើយកាលណាឯងរាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា នោះក៏មិនអាក្រក់ដែរឬ ហើយកាលណាឯងរាល់គ្នាថ្វាយសត្វខ្ញើច និងសត្វដែលឈឺ នោះក៏មិនអាក្រក់ដែរឬ ចូរជូនដល់ចៅហ្វាយឯងលមើល បើលោកសុខចិត្តនឹងឯង ឬយ៉ាងណា ឬបើលោកនឹងទទួលឯងឬទេ
9 នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ឥឡូវនេះ ខ្ញុំសូមអ្នករាល់គ្នាឲ្យទូលអង្វរដល់ព្រះ ដើម្បីឲ្យទ្រង់បានផ្តល់ព្រះគុណដល់យើង ការទាំងអស់នេះបានកើតដោយសារអ្នករាល់គ្នាហើយ ដូច្នេះ តើទ្រង់នឹងទទួលមុខអ្នករាល់គ្នាណា១ឬ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
10 ឱបើសិនជាមានអ្នកណាមួយ ក្នុងពួកឯងរាល់គ្នានឹងបិទទ្វារទៅអេះ ដើម្បីមិនឲ្យបង្កាត់ភ្លើង នៅលើអាសនៈរបស់អញ ជាអសារឥតការ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា អញមិនចូលចិត្តនឹងឯងរាល់គ្នាទេ ក៏មិនព្រមទទួលតង្វាយណាពីដៃឯងរាល់គ្នាដែរ
11 ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះអញនឹងបានជាធំ នៅកណ្តាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះអញ ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះអញនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
12 ប៉ុន្តែ ចំណែកឯងរាល់គ្នា តែងតែបង្អាប់ឈ្មោះអញទេដោយពោលថា តុរបស់ព្រះយេហូវ៉ាត្រូវស្មោកគ្រោកហើយ ឯផល គឺជាអាហារនៅលើតុនោះ ក៏គួរមើលងាយដែរ
13 ឯងរាល់គ្នាក៏ថា យីះ ការនេះរអាចិត្តណាស់ ហើយបានធ្វើសូរហិះៗដាក់ការនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ឯងរាល់គ្នានាំយករបស់ដែលប្លន់យកពីគេមក ព្រមទាំងសត្វខ្ញើច និងសត្វឈឺផង គឺយ៉ាងនោះដែលឯងរាល់គ្នានាំតង្វាយមកថ្វាយ ដូច្នេះ ព្រះយេហូវ៉ាទ្រង់សួរថា តើគួរឲ្យអញទទួលពីដៃឯងរាល់គ្នាឬទេ
14 ត្រូវបណ្តាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់វិញ ដ្បិតអញជាស្តេចដ៏ធំ ហើយឈ្មោះអញជាទីស្ញែងខ្លាច នៅកណ្តាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។