ហាកាយ
ជំពូក 2
នៅថ្ងៃ២១ ខែអស្សុជ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មក ដោយសារហោរាហាកាយថា
2 ឥឡូវនេះ ចូរទៅនិយាយនឹងសូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា និងយេសួរ កូនយ៉ូសាដាកដ៏ជាសង្ឃធំ ព្រមទាំងសំណល់នៃបណ្តាជនថា
3 ក្នុងពួកឯងរាល់គ្នា តើមានសល់អ្នកណាខ្លះ ធ្លាប់បានឃើញព្រះវិហារនេះ តាមសិរីល្អជាន់ដើមដែរឬ ចុះឥឡូវនេះ តើឃើញជាយ៉ាងណានៅភ្នែកឯងរាល់គ្នាដែលធៀបផ្ទឹមគ្នា តើព្រះវិហារនេះមិនមែនដូចជាទទេសោះទេឬអី
4 ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកម្លាំងឥឡូវចុះ ឱយេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំអើយ ចូរមានកម្លាំងដែរ ឯងរាល់គ្នាជាសាសន៍នៃស្រុកនេះអើយ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរឯងរាល់គ្នាមានកម្លាំង ហើយធ្វើការទៅ ដ្បិតអញនៅជាមួយនឹងឯងហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
5 គឺជាពាក្យដែលអញតាំងជាសញ្ញានឹងឯងរាល់គ្នា ក្នុងកាលដែលឯងឡើងចេញពីស្រុកអេស៊ីព្ទមក ឯវិញ្ញាណរបស់អញក៏ស្ថិតនៅជាមួយនឹងឯងរាល់គ្នាដែរ កុំឲ្យខ្លាចឡើយ
6 ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថា នៅតែបន្តិចទៀត អញនឹងអង្រួនទាំងផ្ទៃមេឃ និងផែនដី ទាំងសមុទ្រ និងទីគោកផង
7 ក៏នឹងអង្រួនអស់ទាំងសាសន៍ដែរ នោះទីគាប់ចិត្តរបស់អស់ទាំងសាសន៍នឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ អញនឹងបំពេញវិហារនេះ ដោយសិរីល្អ
8 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា អស់ទាំងប្រាក់ជារបស់ផងអញ ហើយមាសទាំងប៉ុន្មានក៏ជារបស់អញដែរ
9 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា សិរីល្អរបស់វិហារជាន់ក្រោយនេះ នឹងបានលើសជាងជាន់មុនទៅទៀត ហើយអញនឹងឲ្យមានសេចក្ដីសុខសាន្តនៅទីនេះផង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
10 នៅថ្ងៃ២៤ ខែមិគសិរ ក្នុងឆ្នាំទី២ នៃរាជ្យដារីយុស នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមក ដោយសារហោរាហាកាយថា
11 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ ឥឡូវនេះ ចូរសួរពួកសង្ឃពីដំណើរក្រឹត្យវិន័យថា
12 បើអ្នកណាដក់សាច់ដ៏បរិសុទ្ធក្នុងថ្នក់អាវទៅឯណា រួចអាវប៉ះនឹងនំបុ័ង សំឡ ស្រាទំពាំងបាយជូរ ប្រេង ឬម្ហូបអ្វីក៏ដោយ តើរបស់នោះនឹងបានបរិសុទ្ធដែរឬ នោះពួកសង្ឃបានឆ្លើយថា ទេ
13 រួចហាកាយសួរថា បើសិនជាអ្នកណាដែលមិនស្អាត ដោយព្រោះខ្មោចស្លាប់ គេបានប៉ះនឹងរបស់ណាមួយនោះ តើរបស់នោះនឹងត្រឡប់ជាមិនស្អាតដែរឬ ពួកសង្ឃក៏ឆ្លើយថា នឹងត្រឡប់ជាមិនស្អាតជាពិត
14 រួចហាកាយពោលសបវិញថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ បណ្តាជននេះ និងសាសន៍នេះក៏ដូច្នោះនៅចំពោះអញដែរ ព្រមទាំងការទាំងប៉ុន្មានដែលដៃគេធ្វើ និងតង្វាយដែលគេថ្វាយនៅទីនោះ ក៏សុទ្ធតែមិនស្អាតដូចគ្នាផង
15 ដូច្នេះ ចូរឲ្យឯងរាល់គ្នាពិចារណាចាប់តាំងពីសព្វថ្ងៃនេះសាឡើង ទៅដល់គ្រាមុនដែលមានថ្មណារៀបឡើង ត្រួតលើថ្មណារបស់ព្រះវិហារនៃព្រះយេហូវ៉ានេះ
16 នៅរវាងនោះ កាលណាគេមកដល់គំនរស្រូវដែលត្រូវមាន២០ថាំង នោះឃើញមានតែ១០វិញ ហើយកាលណាមកដល់ធុងឃ្នាប ដើម្បីដងយក៥០រង្វាល់ នោះបានតែ២០វិញ
17 គឺអញបានវាយការ ដែលដៃឯងរាល់គ្នាធ្វើ ឲ្យស្រូវស្កក ហើយល្មាស ព្រមទាំងត្រូវព្រិលផង ទោះបើយ៉ាងនោះ គង់តែឯងរាល់គ្នាមិនបានវិលមកឯអញវិញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
18 ចូរឲ្យឯងរាល់គ្នាពិចារណា ចាប់តាំងពីថ្ងៃនេះសាឡើងទៅ គឺចាប់តាំងពីថ្ងៃ២៤ ខែមិគសិរ ជាថ្ងៃដែលដាក់ឫសជញ្ជាំងនៃព្រះវិហាររបស់ព្រះយេហូវ៉ា ចូរពិចារណាចុះ
19 តើពូជពង្រោះបានយកមកដាក់ក្នុងជង្រុកហើយឬនៅ អើ ទោះទាំងដើមទំពាំងបាយជូរ ដើមល្វា ដើមទទឹម និងដើមអូលីវ ក៏មិនបានកើតផលដែរ តែចាប់តាំងពីថ្ងៃនេះទៅ អញនឹងផ្តល់ពរដល់ឯងវិញ។
20 នៅថ្ងៃ២៤ខែនោះឯង ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកហាកាយម្តងទៀតដោយថា
21 ចូរប្រាប់ដល់សូរ៉ូបាបិល ជាចៅហ្វាយលើស្រុកយូដាថា អញនឹងអង្រួនផ្ទៃមេឃ ហើយនិងផែនដីផង
22 អញនឹងរំលំបល្ល័ង្កនៃរាជ្យផ្សេងៗ ហើយនិងរំលាងបំផ្លាញឥទ្ធិឫទ្ធិរបស់រាជ្យនៃសាសន៍ទាំងប៉ុន្មាន អញនឹងបំភ្លូកអស់ទាំងរទេះចម្បាំង ព្រមទាំងមនុស្សដែលជិះផង ឯសេះ និងពួកដែលជិះ ក៏នឹងភ្លាត់ធ្លាក់ចុះ ដោយដាវរបស់បងប្អូនគេរៀងរាល់ខ្លួន
23 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ ឱសូរ៉ូបាបិល កូនសាលធាល ជាអ្នកបម្រើរបស់អញអើយ អញនឹងយកឯង តាំងឡើងជាចិញ្ចៀនត្រា ដ្បិតអញបានរើសឯងទុកហើយ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។:៚