សេផានា

1 2 3


ជំពូក 1

នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​សេផានា ជា​កូន​គូស៊ី ដែល​ជា​កូន​កេដាលាៗ ជា​កូន​អ័ម៉ារាៗ​ជា​កូន​ហេសេគា នៅ​ក្នុង​រាជ្យ​នៃ​យ៉ូសៀស ព្រះ‌រាជ​បុត្រា​អាំម៉ូន ជា​ស្តេច​យូដា។
2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​រំលីង​របស់​ទាំង​អស់​ឲ្យ​បាត់​ពី​លើ​ផែនដី​ទៅ
3 អញ​នឹង​រំលីង​ទាំង​មនុស្ស និង​សត្វ ក៏​នឹង​រំលីង​ទាំង​សត្វ​ហើរ​លើ​អាកាស និង​ត្រី​នៅ​សមុទ្រ ព្រម​ទាំង​របស់​អ្វី​ដែល​នាំ​ឲ្យ​រវាត​ចិត្ត ជា​មួយ​នឹង​ពួក​មនុស្ស​អាក្រក់​ផង គឺ​អញ​នឹង​កាត់​ផ្តិល​មនុស្ស​ពី​លើ​ផែនដី​ចេញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
4 អញ​នឹង​លូក​ដៃ​ទៅ​លើ​ស្រុក​យូដា ហើយ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ទាំង​ប៉ុន្មាន​ដែរ ក៏​នឹង​កាត់​ផ្តិល​សំណល់​របស់​ព្រះ‌បាល ពី​ទី​នេះ​ចេញ ព្រម​ទាំង​ឈ្មោះ​ពួក​អ្នក​ធ្វើ​ការ‌ងារ​ចំពោះ​រូប​ព្រះ​ជា​មួយ​នឹង​ពួក​សង្ឃ​ផង
5 នឹង​ពួក​អ្នក​ដែល​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​ថ្វាយ‌បង្គំ​ដល់​ពល‌បរិវារ​នៅ​លើ​មេឃ ហើយ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ គឺ​ដែល​ស្បថ​ដល់​ទាំង​ព្រះ‌យេហូវ៉ា និង​ដល់​ព្រះ‌ម៉ូឡុក​ផង
6 ហើយ​ពួក​អ្នក​ដែល​បាន​រា‌ថយ ចេញ​ពី​ការ​គោរព​តាម​ព្រះ‌យេហូវ៉ា និង​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ឬ​ស៊ើប‌សួរ​តាម​ទ្រង់​សោះ។
7 ចូរ​ឲ្យ​នៅ​ស្ងៀម​ចំពោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់‌ចែង​យញ្ញ‌បូជា ទ្រង់​បាន​រើស​ពួក​អ្នក​ដែល​ត្រូវ​អញ្ជើញ​មក​ហើយ
8 នៅ​ថ្ងៃ​ដែល​ថ្វាយ​យញ្ញ‌បូជា​របស់​ព្រះ‌យេហូវ៉ា នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ទាំង​ពួក​ចៅ‌ហ្វាយ និង​ពួក​កូន​ស្តេច ហើយ​ពួក​អ្នក​ដែល​តែង​ខ្លួន ដោយ​សម្លៀក‌បំពាក់​របស់​សាសន៍​ដទៃ​ផង
9 នៅ​ថ្ងៃ​នោះ អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​លោត​រំលង​មេ​ទ្វារ ហើយ​បំពេញ​ផ្ទះ​របស់​ចៅ‌ហ្វាយ​គេ ដោយ​សេចក្ដី​ច្រឡោត និង​សេចក្ដី​ឆ‌បោក
10 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ នឹង​ឮ​សូរ​សម្រែក​ពី​ទ្វារ​ត្រី និង​សូរ​ទ្រហោ​យំ​ពី​ឃុំ​ទី​២ ហើយ​សូរ​គ្រាំ‌គ្រេង​ពី​ភ្នំ​ទាំង​ប៉ុន្មាន
11 ម្នាល​ពួក​អ្នក​នៅ​ម៉ាក‌ថេស​អើយ ចូរ​ទ្រហោ​យំ​ចុះ ពី​ព្រោះ​ពួក​ធ្វើ​ជំនួញ​ទាំង​ប៉ុន្មាន​ត្រូវ​បំផ្លាញ អស់​អ្នក​ដែល​ផ្ទុក​ដោយ​ប្រាក់​បាន​ត្រូវ​វិនាស​ហើយ
12 នៅ​គ្រា​នោះ អញ​នឹង​ឆែក‌ឆេរ​ក្រុង​យេរូ‌សាឡឹម​ដោយ​ពន្លឺ​ចង្កៀង នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​បាន​រង​នៅ​លើ​កក​របស់​គេ ជា​ពួក​អ្នក​ដែល​គិត​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​នឹង​មិន​ធ្វើ ទោះ​ល្អ​ឬ​អាក្រក់​ផង
13 ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​ត្រូវ​រឹប​ជាន់ ហើយ​ផ្ទះ​គេ​នឹង​ត្រូវ​ចោល​ស្ងាត់​ទទេ អើ គេ​នឹង​សង់​ផ្ទះ តែ​មិន​បាន​អាស្រ័យ​នៅ​ទេ គេ​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​ផឹក​អ្វី​ពី​នោះ​ឡើយ។
14 ថ្ងៃ​ដ៏​ធំ​របស់​ព្រះ‌យេហូវ៉ា​ជិត​មក​ដល់ គឺ​បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ គឺ​ឮ​សូរ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ហើយ វេលា​នោះ ពួក​មនុស្ស​ខ្លាំង​ពូកែ នឹង​ស្រែក​ឡើង​យ៉ាង​ជូរ‌ចត់
15 ថ្ងៃ​នោះ​ជា​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ គឺ​ជា​ថ្ងៃ​ដ៏​វេទនា ហើយ​មាន​ទុក្ខ ជា​ថ្ងៃ​បំផ្លាញ ហើយ​រំលាង ជា​ថ្ងៃ​ងងឹត ហើយ​ស្រអាប់ ជា​ថ្ងៃ​មេឃ​មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​ក្រាស់
16 ជា​ថ្ងៃ​ឮ​សូរ​ត្រែ និង​សម្រែក​ដ៏​ពន្លឹក ទាស់​នឹង​ក្រុង​ដែល​មាន​គ្រឿង​ការ‌ពារ ហើយ​ទាស់​នឹង​កំផែង​យ៉ាង​ខ្ពស់
17 អញ​នឹង​ធ្វើ​ឲ្យ​មនុស្ស​កើត​មាន​ទុក្ខ​លំបាក​ឲ្យ​គេ​បាន​ដើរ​ដូច​ជា​មនុស្ស​ខ្វាក់ ដោយ​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ឈាម​គេ​នឹង​ត្រូវ​ចាក់​ចេញ​ដូច​ជា​ធូលី ហើយ​សាច់​របស់​គេ ដូច​ជា​លាមក
18 ទោះ​ទាំង​ប្រាក់ និង​មាស​របស់​គេ ក៏​មិន​អាច​នឹង​ជួយ​គេ​ឲ្យ​រួច ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ដែរ គឺ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ឆេះ​អស់​ទៅ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​ទ្រង់ ដ្បិត​ទ្រង់​នឹង​ធ្វើ​ឲ្យ​ផុត​ទៅ អើ ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក បាន​ផុត​ទៅ​ជា​មួយ​រំពេច។