ណាហ៊ុម
ជំពូក 2
អ្នកដែលកម្ចាត់កម្ចាយ បានឡើងមកទាស់នឹងឯងហើយ ចូរការពារបន្ទាយ ត្រូវឲ្យចាំយាមផ្លូវ ចូរក្រវាត់ចង្កេះឲ្យខែងរ៉ែង ហើយចម្រើនកម្លាំងយ៉ាងសន្ធឹកចុះ
2 ពីព្រោះព្រះយេហូវ៉ាទ្រង់កំពុងតាំងសេចក្ដីរុងរឿងនៃយ៉ាកុបឡើងវិញ ឲ្យដូចជាសេចក្ដីរុងរឿងរបស់អ៊ីស្រាអែលដែរ ពីព្រោះពួកផ្ទីងជន បានចាក់គេចេញអស់ហើយ ក៏បានបំផ្លាញខ្នែងទំពាំងបាយជូររបស់គេដែរ
3 ឯខែលរបស់មនុស្សខ្លាំងពូកែបានប្រឡាក់ក្រហម ពួកមនុស្សក្លាហានស្លៀកពាក់ក្រហមឆ្អៅ ឯរទេះចម្បាំងក៏ភ្លឺផ្លេកៗនៅថ្ងៃរៀបចំ ហើយគេងាលំពែងដងកកោះយ៉ាងគួរស្ងែង
4 អស់ទាំងរទេះចម្បាំងរត់យ៉ាងសម្បើម ទៅតាមផ្លូវ ក៏រត់ចុះឡើងតាមផ្លូវធ្លា មានភាពដូចជាចន្លុះ ហើយក៏រត់លឿនដូចជាផ្លេកបន្ទោរ
5 ស្តេចរបស់គេនឹករកអ្នកណាដែលស្ទាត់ជំនាញក្នុងពលទ័ព តែគេដើរទៅទាំងចំពប់ជើង គេប្រញាប់ប្រញាល់នឹងឡើងទៅឯកំផែងក្រុង រួចក៏រៀបចំប្រដាប់បាំងខ្លួន
6 ទ្វារទន្លេបានបើកឡើង ហើយដំណាក់ស្តេចក៏រលាយទៅ
7 ព្រះនាងហ៊ូសាបត្រូវគេចាប់ដឹកទៅជាឈ្លើយ ពួកបាវស្រីរបស់ព្រះនាងក៏ថ្ងូរដូចជាព្រាប ព្រមទាំងគក់ទ្រូងខ្លួនផង។
8 តាំងពីចាស់បុរាណ ក្រុងនីនីវេប្រៀបដូចជាស្រះទឹក ប៉ុន្តែ ឥឡូវ គេរត់ចោលចេញទៅវិញ មានគេស្រែកថា ឈប់សិន ឈប់សិន តែគ្មានអ្នកណាបែរមើលខាងក្រោយឡើយ
9 ចូរចាប់យករបឹបជាប្រាក់ជាមាសចុះ ដ្បិតរបស់ទ្រព្យមិនចេះអស់មិនចេះហើយទេ សុទ្ធតែជាប្រដាប់ប្រដាយ៉ាងល្អវិសេស
10 ទីក្រុងនៅទទេ ក៏សោះសូន្យ ហើយខូចបង់ ឯចិត្តមនុស្សក៏រលាយទៅ ហើយជង្គង់គេប្រដំគ្នា គ្រប់ទាំងចង្កេះចុកសៀត ហើយមុខគេទាំងអស់ក៏ស្លេកស្លាំង
11 តើរូងសិង្ហនោះបាត់ទៅឯណា គឺជាកន្លែងដែលចិញ្ចឹមពួកសិង្ហស្ទាវ ហើយសិង្ហឈ្មោល សិង្ហញីបានដើរនៅទីនោះ ព្រមទាំងកូនសិង្ហ ឥតមានអ្នកណាបំភ័យវាឡើយ
12 ឯសិង្ហឈ្មោល វាតែងតែហែករំពាល្មមចម្អែតកូន ក៏ខាំកសត្វយកមកឲ្យញី ព្រមទាំងបំពេញគុហារបស់វាដោយរំពា ហើយរូងវាដោយសាច់សត្វ
13 ឯព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នែ អញទាស់នឹងឯង អញនឹងដុតអស់ទាំងរទេះចម្បាំងរបស់ឯង ឲ្យឡើងជាផ្សែង ហើយដាវនឹងស៊ីកូនសិង្ហរបស់ឯង អញនឹងបំបាត់ការចាប់រំពារបស់ឯងពីផែនដីចេញ ហើយសំឡេងរបស់ពួកទូតឯង នឹងឥតមានអ្នកណាឮទៀតឡើយ។