យ៉ូណាស

1 2 3 4


ជំពូក 1

រីឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​យ៉ូណាស ជា​កូន​អ័មី‌ថាយ ​ថា
2 ចូរ​ក្រោក​ឡើង​ទៅ​ឯ​នីនីវេ ជា​ទី​ក្រុង​ធំ ហើយ​ស្រែក​ប្រកាស​ទាស់​នឹង​ក្រុង​នោះ ពី​ព្រោះ​អំពើ​អាក្រក់​របស់​គេ​បាន​សាយ​ឡើង នៅ​ចំពោះ​មុខ​អញ​ហើយ
3 ប៉ុន្តែ យ៉ូណាស​លោក​ក្រោក​ឡើង រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ដើម្បី​ឲ្យ​រួច​ពី​ព្រះ‌‌ភ័ក្ត្រ​នៃ​ព្រះ‌យេហូវ៉ា គឺ​លោក​ចុះ​ទៅ​ដល់​ក្រុង​យ៉ុបប៉េ​បាន​ប្រទះ​នឹង​នាវា​១ ដែល​រៀប​ចេញ​ទៅ​ឯ​ក្រុង​តើស៊ីស នោះ​លោក​ចេញ​ប្រាក់​ជា​តម្លៃ​ជិះ រួច​ក៏​ចុះ​នាវា​នោះ ដើម្បី​ទៅ​ឯ​តើស៊ីស​ជា​មួយ​នឹង​គេ ឲ្យ​រួច​ពី​ព្រះ‌‌ភ័ក្ត្រ​ព្រះ‌យេហូវ៉ា។
4 ប៉ុន្តែ ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​លើ​សមុទ្រ ដូច្នេះ កើត​មាន​ព្យុះ​យ៉ាង​ធំ​នៅ​សមុទ្រ ដល់‌ម៉្លេះ​បាន​ជា​នាវា​រក​កល់​តែ​នឹង​បែក​បាក់​អស់​ទៅ
5 ឯ​ពួក​ជើង​ឈ្នួល​ក៏​ស្លុត​ចិត្ត ហើយ​គ្រប់​គ្នា​បាន​អំពាវ‌នាវ​ដល់​ព្រះ​របស់​ខ្លួន គេ​បោះ​ទំនិញ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​នាវា​ចោល​ទៅ​ក្នុង​សមុទ្រ ដើម្បី​នឹង​ធ្វើ​ឲ្យ​នាវា​បាន​ស្រាល​ឡើង ឯ​យ៉ូណាស​លោក​បាន​ចុះ​ទៅ​ដេក​នៅ​ខាង​ក្នុង​នាវា ហើយ​ក៏​លក់​ស៊ប់​ទៅ
6 ដូច្នេះ នាយ​នាវា​ក៏​មក​ឯ​លោក​សួរ​ថា ម្នាល​អ្នក​ទ្រមក់​អើយ អ្នក​ធ្វើ​អី​ដូច្នេះ ចូរ​ក្រោក​ឡើង​អំពាវ‌នាវ​ដល់​ព្រះ​នៃ​អ្នក​ទៅ ក្រែង​ទ្រង់​នឹង​នឹក​ចាំ​ពី​យើង ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស​ឡើយ
7 រួច​គេ​ជំនុំ​គ្នា​ថា ចូរ​យើង​ចាប់​ឆ្នោត​ឲ្យ​បាន​ដឹង ជា​ការ​អាក្រក់​នេះ​កើត​ដល់​យើង​ដោយ​ព្រោះ​អ្នក​ណា ដូច្នេះ គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ឆ្នោត​នោះ​ត្រូវ​លើ​យ៉ូណាស
8 រួច​គេ​សួរ​ពី​ដំណើរ​លោក​ថា ចូរ​ប្រាប់​យើង តើ​អ្នក​ណា​បាន​នាំ​ឲ្យ​ការ​អាក្រក់​នេះ​មក​លើ​យើង តើ​អ្នក​រក​ស៊ី​ធ្វើ​ការ​អី ហើយ​មក​ពី​ណា តើ​អ្នក​នៅ​ស្រុក​ណា ហើយ​ជា​សាសន៍​អី
9 នោះ​លោក​ប្រាប់​គេ​ថា ខ្ញុំ​ជា​សាសន៍​ហេព្រើរ ហើយ​ខ្ញុំ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ដែល​ទ្រង់​បាន​បង្កើត​សមុទ្រ និង​ដី​គោក​ផង
10 ដូច្នេះ គេ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ក្រៃ‌លែង ហើយ​ក៏​សួរ​លោក​ថា តើ​អ្នក​បាន​ធ្វើ​អ្វី​ដូច្នេះ ដ្បិត​បណ្តា​អ្នក​ទាំង​នោះ​បាន​ដឹង​ថា លោក​កំពុង​រត់​គេច​ពី​ព្រះ‌‌ភ័ក្ត្រ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​លោក​បាន​ប្រាប់​គេ​ហើយ។
11 រួច​គេ​សួរ​លោក​ថា ដូច្នេះ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ដល់​អ្នក ដើម្បី​ឲ្យ​សមុទ្រ​បាន​ស្ងប់​វិញ ដ្បិត​សមុទ្រ​ចេះ​តែ​កម្រើក​រឹត​តែ​ខ្លាំង​ឡើង
12 លោក​ប្រាប់​គេ​ថា ចូរ​ចាប់​ខ្ញុំ​បោះ​ទៅ​ក្នុង​សមុទ្រ​ចុះ នោះ​សមុទ្រ​នឹង​ស្ងប់​ដល់​អ្នក​រាល់​គ្នា​ហើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​នេះ​កើត​ឡើង​ក៏​ដោយ​ព្រោះ​ខ្លួន​ខ្ញុំ​នេះ​ឯង
13 ប៉ុន្តែ គេ​នាំ​គ្នា​ខំ​ចែវ​ឲ្យ​បាន​វិល​ត្រឡប់​ទៅ​ឯ​ច្រាំង​វិញ តែ​មិន​បាន​ទេ ដ្បិត​សមុទ្រ​ចេះ​តែ​កម្រើក​រឹត​តែ​ខ្លាំង​ឡើង​ទាស់​នឹង​គេ
14 ដូច្នេះ គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​សូម​អង្វរ​ដល់​ទ្រង់ សូម​កុំ​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ត្រូវ​វិនាស ដោយ​ព្រោះ​ជីវិត​មនុស្ស​នេះ​ឡើយ ក៏​កុំ​ឲ្យ​ទម្លាក់​ទោស​ជា​កម្ចាយ​ឈាម​ឥត​ទោស មក​លើ​យើង​ខ្ញុំ​រាល់​គ្នា​ដែរ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​សម្រេច​ការ​តាម​ដែល​គាប់​ព្រះ‌ហឫទ័យ​ទ្រង់
15 គេ​ក៏​ចាប់​យ៉ូណាស​បោះ​ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​ក៏​ស្ងប់​ទៅ
16 ដូច្នេះ មនុស្ស​ទាំង​នោះ​គេ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ក្រៃ‌លែង ហើយ​ក៏​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បន់​បំណន់​ផង។