បរិទេវ

1 2 3 4 5


ជំពូក 1

ទី​ក្រុង​ដែល​ពី​ដើម​មាន​ពេញ​ដោយ​មនុស្ស ឥឡូវ​បាន​ត្រមោច​នៅ​យ៉ាង​ណា​ហ្ន៎ នាង​ដែល​ពី​ដើម​ជា​ប្រធាន​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ឥឡូវ​នេះ​បាន​ត្រឡប់​ជា​មេម៉ាយ​វិញ​យ៉ាង​ណា​ហ្ន៎ ពី​ដើម​ជា​បុត្រី​នៅ​កណ្តាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ បាន​ទៅ​ចំណុះ​គេ​វិញ​យ៉ាង​ណា​ហ្ន៎
2 នាង​យំ​អណ្តឺត‌អណ្តក​នៅ​ពេល​យប់ ទឹក​ភ្នែក​រហាម​នៅ​លើ​ថ្ពាល់​ផង ក្នុង​ពួក​អ្នក​ដែល​ស្រឡាញ់​នាង នោះ​ឥត​មាន​ណា​មួយ​ជួយ​ដោះ​ទុក្ខ​ឡើយ ពួក​ភឿន‌មិត្ត​ទាំង​អស់​បាន​ក្បត់​នាង​ហើយ គេ​បាន​ត្រឡប់​ទៅ​ជា​ខ្មាំង​សត្រូវ​វិញ
3 ពួក​យូដា​បាន​ទៅ​ជា​ឈ្លើយ​ហើយ ក៏​ត្រូវ​រង​ទុក្ខ ហើយ​បម្រើ​យ៉ាង​ធ្ងន់ នាង​អាស្រ័យ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ឥត​មាន​សេចក្ដី​សម្រាក​ឡើយ ពួក​អ្នក​ដែល​បៀត‌បៀន​នាង​បាន​តាម​នាង​ទាន់​នៅ​ច្រក​ចង្អៀត
4 អស់​ទាំង​ផ្លូវ​នៃ​ក្រុង​ស៊ីយ៉ូន​កំពុង​តែ​យំ​ទួញ ពី​ព្រោះ​គ្មាន​អ្នក​ណា​មក​ឯ​ជំនុំ​មុត‌មាំ​សោះ អស់​ទាំង​ទ្វារ​ទី​ក្រុង​នៅ​ស្ងាត់​ច្រៀប ហើយ​ពួក​សង្ឃ​ក៏​ថ្ងូរ ពួក​ក្រមុំៗ​មាន​សេចក្ដី​ទុក្ខ ហើយ​តួ​ទី​ក្រុង​ក៏​មាន​សេចក្ដី​ជូរ​ចត់​ដែរ
5 ពួក​អ្នក​ដែល​តតាំង​នឹង​នាង​បាន​ឡើង​ជា​កំពូល ហើយ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​ចម្រើន ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ទុក្ខ​នាង ដោយ​ព្រោះ​អំពើ​រំលង​ដ៏​បរិបូរ ពួក​ក្មេងៗ​ត្រូវ​បំបរ​ទៅ​ជា​ឈ្លើយ នៅ​ពី​មុខ​ពួក​ដែល​តតាំង
6 គ្រប់​ទាំង​សេចក្ដី​លំអ​បាន​បាត់​ពី​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ចេញ ពួក​ចៅ‌ហ្វាយ​របស់​នាង​បាន​ត្រឡប់​ដូច​ជា​ប្រើស ដែល​រក​ទី​ស្មៅ​មិន​បាន ហើយ​គេ​រត់​ពី​មុខ​អ្នក​ដែល​ដេញ​តាម​ដោយ​ល្វើយ​កម្លាំង។
7 នៅ​គ្រា​រង​ទុក្ខ​វេទនា ហើយ​លំបាក នោះ​ក្រុង​យេរូ‌សាឡឹម​នឹក​ចាំ​ពី​សេចក្ដី​ដ៏​ល្អ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​ពី​កាល​ដើម ក្នុង​កាល​ដែល​ជន​ទាំង‌ឡាយ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឥត​មាន​អ្នក​ណា​ជួយ​សោះ នោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឃើញ​នាង ហើយ​បាន​ចំអក​ឲ្យ​ពី​ដំណើរ​ដែល​នាង​ឈប់​ផ្អាក​នៅ
8 ក្រុង​យេរូ‌សាឡឹម​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់ ហេតុ​នោះ​បាន​ជា​ត្រូវ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក អស់​អ្នក​ដែល​ធ្លាប់​លើក​មុខ​នាង ឥឡូវ​គេ​មើល‌ងាយ​វិញ ពី​ព្រោះ​គេ​បាន​ឃើញ​កេរ្តិ៍‌ខ្មាស​នាង​ហើយ អើ នាង​កំពុង​តែ​ថ្ងូរ ហើយ​បែរ​ថយ​ក្រោយ
9 សេចក្ដី​ស្មោក‌គ្រោក​របស់​នាង​នៅ​ត្រង់​ជាយ​សំពត់ នាង​មិន​នឹក​ពី​ចុង​បំផុត​របស់​ខ្លួន​សោះ ហេតុ​នោះ​បាន​ជា​នាង​ត្រូវ​ចុះ​មក​យ៉ាង​អស្ចារ្យ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ទត​សេចក្ដី​វេទនា​របស់​ខ្ញុំ​ម្ចាស់​ចុះ ដ្បិត​ខ្មាំង​សត្រូវ​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ
10 ពួក​សង្កត់‌សង្កិន​បាន​លូក​ដៃ​មក​លើ​របស់​ទាំង​ប៉ុន្មាន ដែល​គាប់​ចិត្ត​នាង នាង​បាន​ឃើញ​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​នាង ជា​ពួក​មនុស្ស​ដែល​ទ្រង់​បាន​ផ្តាំ​ទុក មិន​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ជំនុំ​របស់​ទ្រង់​ឡើយ
11 បណ្តា‌ជន​របស់​នាង​កំពុង​តែ​ថ្ងូរ គេ​រក​អាហារ គេ​បាន​ឲ្យ​របស់​ដែល​គាប់​ចិត្ត​ខ្លួន​ទាំង​ប៉ុន្មាន ផ្តូរ​នឹង​អាហារ សម្រាប់​ចម្រើន​កម្លាំង​ឡើង​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល ដ្បិត​ខ្ញុំ​ម្ចាស់​បាន​ត្រឡប់​ជា​ទាប​ថោក​ហើយ។
12 ឱ​អ្នក​រាល់​គ្នា ដែល​ដើរ​បង្ហួស​អើយ តើ​មិន​អំពល់​ដល់​អ្នក​រាល់​គ្នា​ទេ​ឬ សូម​ពិចារណា​មើល បើ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ណា ដូច​យ៉ាង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​នាំ​មក​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ នៅ​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់
13 ទ្រង់​បាន​ចាត់​ភ្លើង​ឲ្យ​មក​ពី​ស្ថាន​ដ៏​ខ្ពស់​ចូល​ក្នុង​ឆ្អឹង​ខ្ញុំ ភ្លើង​នោះ​ក៏​ឈ្នះ​ផង ទ្រង់​បាន​ដាក់​មង​សម្រាប់​ចាប់​ជើង​ខ្ញុំ ទ្រង់​បាន​បង្វែរ​ខ្ញុំ​ឲ្យ​ថយ​ទៅ​ក្រោយ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ស្ងាត់ ហើយ​ល្វើយ​ជានិច្ច
14 ឯ​នឹម​នៃ​អំពើ​រំលង​របស់​ខ្ញុំ នោះ​គឺ​ព្រះ‌ហស្ត​ទ្រង់​បាន​ចង​ជាប់​ហើយ ឯ​អំពើ​ទាំង​នោះ​បាន​ជំពាក់​ជាប់​គ្នា ក៏​បាន​ឡើង​មក​ពាក់​លើ​ក​ខ្ញុំ ទ្រង់​បាន​ឲ្យ​កម្លាំង​ខ្ញុំ​ស្បើយ​ទៅ ព្រះ‌អម្ចាស់​ទ្រង់​បាន​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្តាប់​ដៃ​គេ ជា​ពួក​អ្នក​ដែល​ខ្ញុំ​ពុំ​អាច​នឹង​ទទឹង​ទាស់​បាន​ឡើយ
15 ព្រះ‌អម្ចាស់​ទ្រង់​បាន​មើល‌ងាយ​ពួក​មនុស្ស​ខ្លាំង​ពូកែ​នៅ​កណ្តាល​ខ្ញុំ​ហើយ ទ្រង់​បាន​ប្រជុំ​ជំនុំ​មុត‌មាំ​ទាស់​នឹង​ខ្ញុំ ដើម្បី​នឹង​កិន​ពួក​កំលោះៗ របស់​ខ្ញុំ​ឲ្យ​ខ្ទេច‌ខ្ទី ព្រះ‌អម្ចាស់​ទ្រង់​បាន​ជាន់​នាង​ក្រមុំ​ស្រុក​យូដា ដូច​ជា​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ
16 ព្រោះ​ហេតុ​ការណ៍​ទាំង​នេះ​បាន​ជា​ខ្ញុំ​យំ ភ្នែក​ខ្ញុំ​ហូរ​សស្រាក់ ដោយ​ព្រោះ​អ្នក​កំសាន្ត​ចិត្ត ដែល​គួរ​មក​លំហើយ​ព្រលឹង​ខ្ញុំ គេ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​វិញ កូន​ចៅ​ខ្ញុំ​ត្រូវ​ចោល​ស្ងាត់ ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឈ្នះ​ហើយ។
17 ក្រុង​ស៊ីយ៉ូន​លូក​ដៃ​ទៅ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​សោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ពី​ដំណើរ​យ៉ាកុប​ថា ត្រូវ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជុំវិញ ធ្វើ​ជា​ខ្មាំង​សត្រូវ​នឹង​គាត់ ក្រុង​យេរូ‌សាឡឹម​នៅ​កណ្តាល​គេ ទុក​ដូច​ជា​របស់​ស្មោក‌គ្រោក
18 ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត​ទេ ដ្បិត​ខ្ញុំ​បាន​បះ‌បោរ​នឹង​បញ្ញត្ត​ទ្រង់ ឱ​សាសន៍​ទាំង‌ឡាយ​អើយ សូម​ស្តាប់ ហើយ​ពិចារណា​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ពួក​ក្រមុំៗ និង​ពួក​កំលោះៗ​របស់​ខ្ញុំ គេ​បាន​ទៅ​ជា​ឈ្លើយ​អស់​ហើយ
19 ខ្ញុំ​បាន​ហៅ​ពួក​អ្នក​ដែល​ធ្លាប់​ស្រឡាញ់​ខ្ញុំ តែ​គេ​បាន​បញ្ឆោត​ខ្ញុំ​វិញ ពួក​សង្ឃ និង​ពួក​ចាស់‌ទុំ​របស់​ខ្ញុំ​បាន​រលត់​ទៅ​នៅ​ក្នុង​ទី​ក្រុង កំពុង​ដែល​គេ​រក​អាហារ​សម្រាប់​ចម្រើន​កម្លាំង​ខ្លួន។
20 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល ដ្បិត​ខ្ញុំ​ម្ចាស់ មាន​សេចក្ដី​វេទនា ចិត្ត​ខ្ញុំ​ម្ចាស់​ទុរន់‌ទុរា ចិត្ត​ខ្ញុំ​ម្ចាស់​ក្រឡាប់​ចុះ​នៅ​ក្នុង​ខ្លួន ពី​ព្រោះ​ខ្ញុំ​ម្ចាស់​បាន​បះ‌បោរ​ជា​ខ្លាំង​ហើយ នៅ​ខាង​ក្រៅ​ដាវ​បង្អត់​បង់ ហើយ​នៅ​ឯ​ផ្ទះ​ក៏​មាន​ដូច​ជា​សេចក្ដី​ស្លាប់​ដែរ
21 គេ​បាន​ឮ​ថា ខ្ញុំ​ម្ចាស់​ថ្ងូរ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ខ្ញុំ​ម្ចាស់​ទេ ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន បាន​ឮ​ដំណឹង​ពី​សេចក្ដី​លំបាក​របស់​ខ្ញុំ​ម្ចាស់ ហើយ​គេ​សប្បាយ​ចិត្ត ដោយ​ព្រោះ​ទ្រង់​បាន​ធ្វើ​យ៉ាង​នេះ ឯ​ទ្រង់ៗ​នឹង​ឲ្យ​ថ្ងៃ​ដែល​ទ្រង់​បាន​ប្រកាស​ប្រាប់​នោះ បាន​មក​ដល់ នោះ​គេ​នឹង​បាន​ដូច​ជា​ខ្ញុំ​ម្ចាស់​វិញ
22 សូម​ឲ្យ​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ បាន​លេច​មក នៅ​ចំពោះ​ទ្រង់ ហើយ​សូម​ទ្រង់​ធ្វើ​ដល់​គេ ដូច​ជា​ទ្រង់​បាន​ធ្វើ​ដល់​ខ្ញុំ​ម្ចាស់​ដោយ​ព្រោះ​អស់​ទាំង​អំពើ​រំលង​របស់​ខ្ញុំ​ម្ចាស់​ដែរ ដ្បិត​ខ្ញុំ​ម្ចាស់​ថ្ងូរ​ជា​ច្រើន ហើយ​ចិត្ត​ខ្ញុំ​ម្ចាស់​ក៏​ល្វើយ​ផង។