សាស្តា
ជំពូក 1
ពាក្យទាំងនេះជាពាក្យរបស់គ្រូប្រដៅ ដែលជាបុត្ររបស់ដាវីឌ ស្តេចនៅក្រុងយេរូសាឡឹម
2 «ការឥតប្រយោជន៍ទទេៗ» នេះជាពាក្យរបស់គ្រូប្រដៅពោលទុកថា ការឥតប្រយោជន៍ទទេៗ គ្រប់ទាំងអស់សុទ្ធតែអត់ប្រយោជន៍ទទេ
3 តើមនុស្សមានកម្រៃអ្វីខ្លះ ពីអស់ទាំងការដែលខ្លួនខំធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ
4 មនុស្សដំណ១កន្លងបាត់ទៅ ហើយដំណ១ទៀតកើតឡើង តែផែនដីស្ថិតស្ថេរនៅជាដរាប
5 ថ្ងៃក៏រះឡើង ហើយលិចទៅវិញ រួចប្រញាប់នឹងវិលទៅឯកន្លែងដែលរះឡើងនោះទៀត
6 ឯខ្យល់ក៏បក់ទៅខាងត្បូង រួចវិលមកខាងជើងវិញ គឺវិលទៅវិលមកជានិច្ច ហើយក៏ត្រឡប់មកតាមផ្លូវដដែលទៀត
7 ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏ត្រឡប់ទៅហូរតាមផ្លូវដដែលវិញទៀត
8 គ្រប់ទាំងអស់ចេះតែជញ្ជាន់ដដែលៗជានិច្ច ទាល់តែមនុស្សរកថ្លែងមិនបាន ភ្នែកមើលមិនចេះឆ្អែត ហើយត្រចៀកស្តាប់ក៏មិនចេះពេញដែរ
9 របស់ដែលមានពីមុនមក គឺរបស់នោះឯងដែលនឹងមានតទៅទៀត ហើយការដែលបានធ្វើពីមុនមក គឺការនោះឯងដែលនឹងធ្វើរៀងតទៅដែរ ឥតមានអ្វីជាថ្មីនៅក្រោមថ្ងៃឡើយ
10 តើមានអ្វីណាមួយដែលគេអាចនឹងថា មើល នេះជារបស់ថ្មីទេ ដូច្នេះគឺសុទ្ធតែបានមាននៅតាំងពីបុរាណមក ក៏មាននៅអស់ទាំងកល្ប មុនដែលមនុស្សយើងកើតមកផង
11 គ្មានអ្នកណានឹកចាំពីអ្វីៗនៅជាន់មុនទេ ហើយជំនាន់មនុស្សទៅខាងមុខ ក៏នឹងមិននឹកចាំពីអ្វីៗដែលត្រូវមាននៅខាងមុខដែរ។
12 យើង គឺជាគ្រូប្រដៅ បានធ្វើជាស្តេចនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡឹម
13 យើងបានផ្ចង់ចិត្តពិនិត្យមើល ហើយស្វែងរកដោយប្រាជ្ញា ពីគ្រប់ទាំងអស់ដែលកើតមាននៅក្រោមមេឃ នេះហើយជាការមានទំងន់ដែលព្រះបានប្រគល់មកឲ្យមនុស្សជាតិប្រឹងធ្វើ
14 យើងបានឃើញបណ្តាការដែលមានធ្វើនៅក្រោមថ្ងៃ ហើយមើល ការទាំងនោះសុទ្ធតែឥតប្រយោជន៍ទទេ ក៏ជាអសារឥតការផង
15 របស់ណាដែលវៀច នោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបាន ហើយរបស់អ្នកណាដែលខ្វះខាត នោះនឹងរាប់មិនបានដែរ
16 យើងបាននឹកក្នុងចិត្តថា មើល យើងបានធំឡើងហើយ មានប្រាជ្ញាលើសអស់អ្នកណាដែលនៅក្រុងយេរូសាឡឹមមុនយើងទៅទៀត អើ ចិត្តយើងបានធ្លាប់ដឹងចំពោះប្រាជ្ញា និងតម្រិះជាច្រើនហើយ
17 យើងក៏បានផ្ចង់ចិត្តឲ្យបានស្គាល់ប្រាជ្ញា ព្រមទាំងសេចក្ដីចម្កួត និងសេចក្ដីផ្តេសផ្តាស ក៏យល់ឃើញថា ការនោះជាអសារឥតការដែរ
18 ដ្បិតដែលមានប្រាជ្ញាច្រើន នោះក៏កើតទុក្ខច្រើន ហើយអ្នកណាដែលចម្រើនចំណេះ នោះក៏ចម្រើនសេចក្ដីព្រួយឡើងដែរ។