នាងអេសធើរ
ជំពូក 9
លុះដល់ថ្ងៃ១៣ នៅខែ១២ ជាខែផល្គុន កាលព្រះរាជឱង្ការ និងបង្គាប់របស់ស្តេចបានជិតដល់កម្រិតហើយ គឺជាថ្ងៃដែលពួកខ្មាំងសត្រូវរបស់សាសន៍យូដា បានសង្ឃឹមថា នឹងឡើងមានអំណាចលើគេបាន (តែពួកយូដាបានត្រឡប់ជាមានអំណាចលើពួកអ្នកដែលស្អប់ដល់គេវិញ)
2 នោះពួកសាសន៍យូដាក៏មូលគ្នានៅទីក្រុងខ្លួនទាំងប៉ុន្មាន នៅអស់ទាំងអាណាខេត្តរបស់ស្តេចអ័ហាស៊ូរុស ដើម្បីនឹងតស៊ូចំពោះពួកអ្នកដែលរកធ្វើបាបដល់គេ ហើយគ្មានអ្នកណាអាចនឹងទ្រាំនៅចំពោះគេបានឡើយ ដ្បិតសាសន៍ទាំងអស់បានកើតមានសេចក្ដីកោតខ្លាចដល់គេហើយ
3 ឯពួកអ្នកជាប្រធាន នៅគ្រប់ទាំងខេត្ត ពួកចៅហ្វាយខេត្ត ពួកចៅហ្វាយស្រុក និងពួករាជការទាំងប៉ុន្មាន ក៏ជួយដល់ពួកយូដា ដោយមានសេចក្ដីកោតខ្លាចដល់ម៉ាដេកាយ
4 ពីព្រោះម៉ាដេកាយបានឡើងជាអ្នកធំ ក្នុងរាជដំណាក់ ហើយកិត្តិនាមរបស់លោកក៏ផ្សាយសុសសាយទួទៅ គ្រប់ទាំងខេត្ត ដ្បិតម៉ាដេកាយនេះបានកាន់តែមានអំណាចឡើងជាដរាប
5 ដូច្នេះ ពួកសាសន៍យូដាបានប្រហារពួកខ្មាំងសត្រូវដោយដាវ ព្រមទាំងសម្លាប់បំផ្លាញគេ ហើយបានប្រព្រឹត្តនឹងពួកអ្នកដែលស្អប់ខ្លួនតាមតែអំពើចិត្ត
6 នៅស៊ូសាន ជាទីក្រុងហ្លួង ពួកសាសន៍យូដាក៏បានសម្លាប់ ហើយបំផ្លាញមនុស្សអស់៥០០នាក់ដែរ
7 ឯផើសានដាថា ដាលផូន អ័សផាថា
8 ផូរ៉ាថា អ័ដាលា អើរីដាថា
9 ផើម៉ាសថា អើរីសាយ អើរីដាយ និងវ៉ាយេសាថា
10 ជាកូនទាំង១០របស់ហាម៉ាន កូនហាំម្តាថា ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដា នោះគេក៏សម្លាប់ទៅដែរ តែគេមិនបានប៉ះពាល់ដល់របឹបទេ។
11 នៅថ្ងៃនោះឯង គេមកទូលដល់ស្តេច ពីចំនួនមនុស្សដែលគេបានសម្លាប់នៅក្នុងស៊ូសាន ជាក្រុងហ្លួង
12 រួចស្តេចទ្រង់មានព្រះបន្ទូលនឹងអេសធើរ ជាអគ្គមហេសីថា ពួកសាសន៍យូដាបានសម្លាប់ ហើយបំផ្លាញមនុស្ស អស់៥០០នាក់ នៅស៊ូសាន ជាក្រុងហ្លួង ព្រមទាំងកូនរបស់ហាម៉ានទាំង១០ផង ដូច្នេះ នៅព្រះរាជខេត្តឯទៀត ដែលបានធ្វើយ៉ាងណាទៅ ឥឡូវនេះ តើព្រះនាងចង់សូមអ្វីទៀត យើងនឹងបើកឲ្យ តើប្រាថ្នាចង់បានអ្វី នោះនឹងបានសម្រេច
13 អេសធើរទូលថា បើព្រះករុណាទ្រង់សព្វព្រះហឫទ័យ នោះសូមបើកឲ្យពួកយូដា ដែលនៅក្រុងស៊ូសាន បានធ្វើតាមច្បាប់ដដែលនៅថ្ងៃស្អែកទៀត ហើយឲ្យគេព្យួរខ្មោចកូនរបស់ហាម៉ានទាំង១០នាក់នឹងឈើទៅ
14 ស្តេចទ្រង់ក៏បង្គាប់ឲ្យធ្វើដូច្នោះ ហើយគេប្រកាសប្រាប់ព្រះរាជឱង្ការនៅក្រុងស៊ូសាន រួចបានព្យួរខ្មោចកូនហាម៉ានទាំង១០នាក់នោះទៅ
15 ពួកសាសន៍យូដាដែលនៅក្រុងស៊ូសានក៏មូលគ្នា នៅថ្ងៃ១៤ ខែផល្គុននោះឯង ហើយគេសម្លាប់មនុស្ស៣០០នាក់ទៀត នៅស៊ូសាន តែគេមិនប៉ះពាល់ដល់របឹបទេ
16 ឯពួកយូដាឯទៀតទាំងប៉ុន្មាន ដែលនៅអស់ទាំងព្រះរាជខេត្ត គេបានមូលគ្នា ដើម្បីការពារជីវិតខ្លួន ហើយគេមានសេចក្ដីសាន្តត្រាណ ពីពួកខ្មាំងសត្រូវរបស់គេតទៅ គេបានសម្លាប់ពួកអ្នកដែលស្អប់គេអស់៧ម៉ឺន៥ពាន់នាក់ តែឥតបានប៉ះពាល់ដល់របឹបទេ។
17 គេបានធ្វើការនោះនៅថ្ងៃ១៣ ខែផល្គុន លុះដល់ថ្ងៃ១៤ ទើបគេឈប់សម្រាក ហើយក៏តាំងថ្ងៃនោះ ជាថ្ងៃសម្រាប់ជប់លៀង ហើយមានសេចក្ដីរីករាយសាទរ
18 តែពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន គេបានមូលគ្នានៅថ្ងៃ១៣ ក្នុងខែនោះ និងនៅថ្ងៃ១៤ដែរ លុះដល់ថ្ងៃ១៥ ទើបគេឈប់សម្រាក ហើយតាំងថ្ងៃនោះឡើងសម្រាប់ជាថ្ងៃជប់លៀង ហើយមានសេចក្ដីរីករាយសាទរ
19 គឺដោយហេតុនោះបានជាពួកសាសន៍យូដា ដែលនៅអស់ទាំងទីក្រុងឥតកំផែងនៅស្រុកក្រៅ គេកាន់ថ្ងៃ១៤ ខែផល្គុន ជាថ្ងៃសម្រាប់រីករាយសាទរ ហើយជប់លៀង ជាថ្ងៃសប្បាយ ហើយជាពេលជូនជំនូនទៅវិញទៅមក។
20 ឯម៉ាដេកាយ លោកក៏តែងសេចក្ដីទាំងនេះទុក ហើយផ្ញើសំបុត្រទៅដល់ពួកសាសន៍យូដាទាំងអស់ ដែលនៅគ្រប់ទាំងខេត្តនៃស្តេចអ័ហាស៊ូរុស ទាំងជិតទាំងឆ្ងាយ
21 ដើម្បីនឹងបញ្ជាក់ដល់គេ ឲ្យបានកាន់ថ្ងៃ១៤ ខែផល្គុន និងថ្ងៃ១៥ផង រាល់តែឆ្នាំ
22 ទុកជាថ្ងៃដែលពួកសាសន៍យូដាបានសេចក្ដីសាន្តត្រាណ ពីពួកខ្មាំងសត្រូវរបស់គេ និងជាខែដែលសេចក្ដីទុក្ខព្រួយរបស់គេបានត្រឡប់ទៅជាសេចក្ដីរីករាយសាទរ ហើយសេចក្ដីសោកសៅបានទៅជាថ្ងៃសប្បាយវិញ ប្រយោជន៍ឲ្យគេបានតាំងថ្ងៃទាំង២នោះទុកជាថ្ងៃសម្រាប់ជប់លៀង ហើយមានសេចក្ដីរីករាយសាទរ ព្រមទាំងជូនជំនូនទៅវិញទៅមក ហើយដាក់ទានដល់មនុស្សទាល់ក្រផង
23 ដូច្នេះ ពួកសាសន៍យូដាក៏សម្រេចនឹងធ្វើតាម ដូចជាគេបានចាប់តាំងធ្វើមកហើយ គឺដូចជាម៉ាដេកាយបានសរសេរផ្ញើមកដែរ
24 ពីព្រោះហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដាបានបង្កើតឧបាយនឹងបំផ្លាញគេ ក៏បានវាយលេខតាមរបៀនពោរ គឺបានបោះឆ្នោត ដើម្បីនឹងបំផ្លាញគេ ហើយធ្វើឲ្យគេវិនាសបង់
25 តែកាលព្រះនាងអេសធើរបានចូលទៅគាល់ស្តេច នោះទ្រង់ក៏ចេញបង្គាប់ដោយសំបុត្រ ឲ្យឧបាយដ៏អាក្រក់ ដែលហាម៉ានបានបង្កើតទាស់នឹងពួកយូដានោះ បានវិលជះទៅលើក្បាលវាវិញ ហើយឲ្យព្យួរវា និងពួកកូនវាទាំងអស់ភ្ជាប់លើឈើផង
26 ហេតុនោះបានជាគេហៅថ្ងៃទាំង២នោះថា «បុណ្យពោរ» តាមពាក្យ «ពោរ»នោះឯង ហើយដោយព្រោះសេចក្ដីទាំងប៉ុន្មានក្នុងសំបុត្រនោះ និងការទាំងប៉ុន្មានដែលគេបានឃើញពីដំណើរនោះ ព្រមទាំងការដែលបានកើតដល់គេផង
27 បានជាពួកសាសន៍យូដា គេតាំងទំនៀមនោះទុក ហើយក៏ទទួលថា ខ្លួនគេ ពួកកូនចៅ និងអស់អ្នកណាដែលចូលសាសន៍គេ នឹងរក្សាថ្ងៃទាំង២នោះ តាមសេចក្ដីដែលបានសរសេរទុក ហើយតាមវេលាកំណត់នោះរាល់តែឆ្នាំឥតខានឡើយ
28 ហើយថា គេនឹងនឹកចាំ ហើយរក្សាថ្ងៃទាំង២នោះ នៅគ្រប់ទាំងដំណ គ្រប់ទាំងគ្រួ នៅអស់ទាំងខេត្ត និងទីក្រុងទាំងប៉ុន្មានជាដរាបទៅ មិនឲ្យបាត់ពីពួកសាសន៍យូដាឡើយ ឬឲ្យកូនចៅគេលែងនឹកចាំពីថ្ងៃនោះដែរ។
29 គ្រានោះ អេសធើរដ៏ជាអគ្គមហេសី ជាបុត្រីអ័ប៊ីហែល ព្រមទាំងម៉ាដេកាយ ជាសាសន៍យូដា ក៏សរសេរម្តងទៀត ផ្ញើទៅដោយអាងគ្រប់អំណាចរបស់ខ្លួន ដើម្បីនឹងតាំងសំបុត្រពីបុណ្យពោរនោះ ទុកជាច្បាប់តទៅ
30 លោកក៏ផ្ញើសំបុត្រទៅពួកសាសន៍យូដាទាំងអស់ ដែលនៅក្នុងអាណាខេត្តទាំង១២៧នៃនគររបស់អ័ហាស៊ូរុស មានទាំងពាក្យស្រគត់ស្រគំ និងពាក្យដ៏ទៀងត្រង់ពិតផង
31 ដើម្បីនឹងបញ្ជាក់ថ្ងៃបុណ្យពោរ នៅវេលាកំណត់ ដូចជាម៉ាដេកាយ ជាសាសន៍យូដា និងអេសធើរ អគ្គមហេសីបានតាំងឡើងដល់គេហើយ ដូចជាគេក៏បានតាំងឡើងសម្រាប់ខ្លួនគេ និងកូនចៅគេតទៅ ខាងឯដំណើរការតមអត់ និងអំពាវនាវរបស់គេដែរ
32 ដូច្នេះ ក្រឹត្យរបស់ព្រះនាងអេសធើរបានបញ្ជាក់ពីរបៀបបុណ្យពោរនោះ ហើយក្រឹត្យនោះក៏បានកត់ចុះទុកក្នុងសៀវភៅ។