ចោទិយកថា
ជំពូក 30
កាលណាគ្រប់ទាំងសេចក្ដីនេះបានមកលើឯង គឺទាំងពរ និងបណ្តាសា ដែលអញដាក់នៅមុខឯង រួចនៅកណ្តាលអស់ទាំងសាសន៍ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងដេញឯងទៅនៅ នោះឯងចាប់តាំងនឹករឭកពីការទាំងនោះនៅក្នុងចិត្ត
2 ហើយឯងវិលត្រឡប់មកឯព្រះយេហូវ៉ាជាព្រះនៃឯងវិញ ដោយស្តាប់តាមព្រះបន្ទូលទ្រង់ តាមគ្រប់ទាំងសេចក្ដីដែលអញបានបង្គាប់នៅថ្ងៃនេះ ព្រមទាំងកូនចៅឯងផង ឲ្យអស់ពីចិត្ត អស់ពីព្រលឹង
3 នោះព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងបំផ្លាស់សណ្ឋានឈ្លើយរបស់ឯង ព្រមទាំងអាណិតមេត្តាដល់ឯង ហើយនិងប្រមូលឯងមកពីគ្រប់ទាំងសាសន៍ ជាកន្លែងដែលទ្រង់បានកម្ចាត់កម្ចាយឯងទៅនៅនោះមកវិញ
4 ទោះបើពួកឯងដែលត្រូវខ្ចាត់ខ្ចាយនោះ បានទៅនៅដល់ទីបំផុតនៃជើងមេឃក៏ដោយ គង់តែព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រមូល ហើយនាំយកឯងពីទីនោះមកវិញដែរ
5 ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងនាំឯងមកក្នុងស្រុកពួកអយ្យកោឯងបានចាប់យក ហើយឯងនឹងទទួលយកស្រុកនោះវិញ នោះទ្រង់នឹងប្រោសសេចក្ដីល្អដល់ឯង ហើយនិងចម្រើនឯងឲ្យមានគ្នាជាច្រើន លើសជាងពួកអយ្យកោឯងទៅទៀត
6 ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងកាត់ស្បែកចិត្តរបស់ឯង ហើយនិងចិត្តរបស់ពូជឯងផង ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ដើម្បីឲ្យឯងបានរស់នៅ
7 រួចព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងដាក់អស់ទាំងសេចក្ដីបណ្តាសាទាំងនេះ ទៅលើពួកខ្មាំងសត្រូវ និងលើពួកអ្នកដែលស្អប់ឯង ដែលគេបានធ្វើទុក្ខឯងវិញ
8 នោះឯងនឹងវិលមកឯព្រះយេហូវ៉ាវិញ ព្រមទាំងស្តាប់តាមព្រះបន្ទូលទ្រង់ ហើយប្រព្រឹត្តតាមគ្រប់ទាំងបញ្ញត្តទ្រង់ ដែលអញបង្គាប់មកនៅថ្ងៃនេះ
9 រួចព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងចម្រើនគ្រប់ទាំងការ ដែលដៃឯងធ្វើ ឲ្យមានជាបរិបូរ ព្រមទាំងផលកើតពីពោះឯង និងផលកើតពីហ្វូងសត្វ ហើយនិងផលកើតពីដីឯងផង សម្រាប់ជាសេចក្ដីល្អ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមានសេចក្ដីអំណរ ដើម្បីប្រោសឲ្យឯងបានសេចក្ដីល្អវិញទៀត ដូចជាពីដើម ទ្រង់បានមានសេចក្ដីអំណរនឹងពួកអយ្យកោឯងដែរ
10 គឺបើឯងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីនឹងកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យនេះ គឺបើឯងបែរមកឯព្រះយេហូវ៉ាជាព្រះនៃឯងវិញ ឲ្យអស់ពីចិត្ត អស់ពីព្រលឹងឯង។
11 ដ្បិតសេចក្ដីបញ្ញត្តដែលអញបង្គាប់មកឯងនៅថ្ងៃនេះ មិនមែនហួសកម្លាំងឯងទេ ក៏មិនមែននៅឆ្ងាយដែរ
12 គឺមិនមែននៅលើស្ថានសួគ៌ ឲ្យឯងបានថា តើអ្នកណានឹងឡើងទៅស្ថានសួគ៌ នាំយកព្រះបន្ទូលមកប្រាប់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានប្រព្រឹត្តតាមនោះទេ
13 ក៏មិនមែននៅត្រើយសមុទ្រខាងនាយ ឲ្យឯងបានថា តើអ្នកណានឹងឆ្លងសមុទ្រ ទៅនាំយកព្រះបន្ទូលមកប្រាប់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានប្រព្រឹត្តតាមនោះដែរ
14 គឺព្រះបន្ទូលនេះនៅជិតឯងណាស់ ក៏នៅក្នុងមាត់ឯង និងក្នុងចិត្តឯងផង ដើម្បីឲ្យឯងអាចប្រព្រឹត្តតាមបាន។
15 មើល នៅថ្ងៃនេះ អញបានដាក់សំញែងជីវិត និងសេចក្ដីល្អនៅមុខឯង ព្រមទាំងសេចក្ដីស្លាប់ និងសេចក្ដីអាក្រក់ផង
16 ដោយអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ឲ្យស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីនឹងដើរតាមផ្លូវទ្រង់ ហើយនិងកាន់តាមអស់ទាំងសេចក្ដីបង្គាប់ និងច្បាប់ ហើយនិងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ប្រយោជន៍ឲ្យឯងបានរស់នៅ ហើយចម្រើនឡើង ហើយប្រយោជន៍ឲ្យព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានពរដល់ឯង នៅក្នុងស្រុកដែលឯងនឹងចូលទៅចាប់យកនោះ
17 ប៉ុន្តែ បើចិត្តឯងបែរចេញ មិនព្រមស្តាប់តាម ក៏យល់ព្រមឲ្យគេប្រទាញនាំទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាមព្រះដទៃវិញ
18 នោះអញប្រាប់ឯងរាល់គ្នាដោយត្រង់ នៅថ្ងៃនេះថា ឯងនឹងត្រូវវិនាសទៅជាមិនខាន គឺឯងមិនបានរស់នៅជាយូរប៉ុន្មាន នៅក្នុងស្រុកដែលឯងនឹងឆ្លងទន្លេយ័រដាន់ ចូលទៅចាប់យកនោះទេ
19 អញអាងដល់ស្ថានសួគ៌ និងផែនដីឲ្យធ្វើជាបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា អញបានដាក់សំញែងទាំងជីវិត និងសេចក្ដីស្លាប់ ទាំងព្រះពរ និងសេចក្ដីបណ្តាសា នៅមុខឯងរាល់គ្នា ដូច្នេះ ចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង
20 ប្រយោជន៍ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង និងស្តាប់តាមព្រះបន្ទូលទ្រង់ ហើយនៅជាប់នឹងទ្រង់តទៅ ដ្បិតគឺទ្រង់ហើយជាជីវិតនៃឯង ហើយជាអាយុវែងដល់ឯងដែរ ឲ្យឯងបាននៅក្នុងស្រុកដែលទ្រង់បានស្បថនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនិងយ៉ាកុប ជាពួកអយ្យកោឯងថានឹងឲ្យដល់គេ។