ចោទិយកថា
ជំពូក 20
បើកាលណាឯងរាល់គ្នាចេញទៅច្បាំងនឹងខ្មាំងសត្រូវ ឃើញសេះ ឃើញរទេះ និងមនុស្សជាច្រើនជាងពួកឯង នោះមិនត្រូវខ្លាចគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ទ្រង់គង់នៅជាមួយនឹងឯងហើយ
2 កាលណាឯងរាល់គ្នាចូលទៅជិត ដើម្បីតនឹងគេ នោះត្រូវឲ្យសង្ឃចូលមកនិយាយនឹងបណ្តាទ័ពថា
3 ចូរស្តាប់ ពួកអ៊ីស្រាអែលអើយ នៅថ្ងៃនេះ ឯងរាល់គ្នាចូលទៅតយុទ្ធនឹងខ្មាំងសត្រូវ ដូច្នេះ កុំឲ្យមានចិត្តតក់ស្លុតឡើយ ក៏កុំឲ្យខ្លាច ឬញ័ររន្ធត់ ឬភ្ញាក់ផ្អើលនៅមុខគេឲ្យសោះ
4 ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់យាងទៅជាមួយនឹងឯង ដើម្បីច្បាំងនឹងពួកខ្មាំងសត្រូវជំនួសឯង ហើយនិងជួយសង្គ្រោះឯងផង
5 នោះត្រូវឲ្យពួកនាយកសួរគេថា តើមានមនុស្សណាដែលទើបនឹងសង់ផ្ទះថ្មី ហើយមិនទាន់ឡើងនៅឬទេ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងស្លាប់ក្នុងចម្បាំង ហើយមានម្នាក់ទៀតឡើងទៅនៅវិញ
6 តើមានមនុស្សណាបានដាំចម្ការទំពាំងបាយជូរ ហើយមិនទាន់បេះផ្លែឬទេ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងស្លាប់ក្នុងចម្បាំង ហើយមានម្នាក់ទៀតបេះផ្លែនោះវិញ
7 តើមានមនុស្សណាបានដណ្តឹងប្រពន្ធ ហើយមិនទានរៀបការនៅឡើយឬទេ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងស្លាប់ក្នុងចម្បាំង ហើយមានម្នាក់ទៀតយកនាងនោះវិញ
8 រួចត្រូវឲ្យពួកនាយកសួរទៀតថា តើមានមនុស្សណាដែលខ្លាច ហើយមានចិត្តតក់ស្លុតឬទេ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងបងប្អូនខ្លួនមានចិត្តរលាយតាមអ្នកនោះដែរ
9 កាលណាពួកនាយកបានសួរគេសព្វគ្រប់ហើយ នោះត្រូវតាំងឲ្យមានមេទ័ព សម្រាប់ឲ្យត្រួតលើបណ្តាទ័ព។
10 កាលណាឯងចូលទៅជិត រៀបនឹងច្បាំងនឹងទីក្រុងណា នោះត្រូវប្រកាសប្រាប់សេចក្ដីមេត្រីដល់គេជាមុន
11 បើសិនជាពួកក្រុងនោះឆ្លើយមកថា ចង់មេត្រីនឹងឯង ហើយគេបើកឲ្យឯងចូល នោះត្រូវឲ្យមនុស្សទាំងប៉ុន្មានដែលឃើញមានក្នុងទីក្រុងនោះ បានចំណុះ ហើយបម្រើឯង
12 តែបើគេមិនព្រមចងមេត្រីនឹងឯងទេ គឺបែរជាច្បាំងតវិញ នោះត្រូវឲ្យឯងឡោមព័ទ្ធទីក្រុងនោះចុះ
13 ហើយកាលណាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រគល់ទីក្រុងនោះមកក្នុងកណ្តាប់ដៃឯង នោះត្រូវឲ្យកាប់ពួកប្រុសៗទាំងអស់ដោយមុខដាវទៅ
14 តែឯពួកស្រីៗ និងកូនក្មេង ព្រមទាំងហ្វូងសត្វ ហើយរបស់ទាំងប៉ុន្មាននៅក្នុងក្រុងនោះដែលជារបឹបទាំងអស់ នោះត្រូវចាប់យកមកសម្រាប់ឯងវិញ ហើយត្រូវបរិភោគរបឹបរបស់ពួកខ្មាំងសត្រូវ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានមកចុះ
15 ត្រូវឲ្យធ្វើយ៉ាងដូច្នោះដល់គ្រប់ទាំងទីក្រុងដែលនៅឆ្ងាយៗពីឯង ដែលមិនមែនជាទីក្រុង របស់ពួកសាសន៍ទាំងនេះទេ
16 តែឯអស់ទាំងទីក្រុងរបស់សាសន៍ទាំងនេះ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកទុកជាមរដក នោះមិនត្រូវទុកអ្វីដែលមានដង្ហើមឲ្យនៅរស់ឡើយ
17 ត្រូវឲ្យបំផ្លាញគេឲ្យអស់រលីងវិញ គឺជាសាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯង បានបង្គាប់មក
18 ដើម្បីកុំឲ្យគេបង្ហាត់បង្រៀន ឲ្យឯងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្តដល់ព្រះរបស់គេឡើយ បើប្រព្រឹត្តយ៉ាងដូច្នោះ នោះនឹងឈ្មោះថា ឯងរាល់គ្នាធ្វើបាបនឹងព្រះយេហូវ៉ាជាព្រះនៃឯឯងហើយ។
19 កាលណាឯងឡោមព័ទ្ធទីក្រុងណាជាយូរ ដោយច្បាំងដណ្តើមយក នោះមិនត្រូវកាប់រំលំដើមឈើឡើយ ដ្បិតនឹងបរិភោគផ្លែឈើនោះបាន ដូច្នេះ មិនត្រូវឲ្យកាប់ឡើយ ដ្បិតដើមឈើនៅវាលជាមនុស្សឬអី បានជាត្រូវឲ្យឯងច្បាំងនឹងវាដែរដូច្នេះ
20 មានច្បាប់កាប់តែដើមឈើណា ដែលដឹងថាបរិភោគផ្លែមិនបានប៉ុណ្ណោះ ត្រូវឲ្យកាប់ដើមឈើទាំងនោះ យកទៅធ្វើជារបាំងទាស់នឹងទីក្រុងដែលច្បាំងនឹងឯង ដរាបដល់គេទទួលចុះចាញ់។