ចោទិយកថា
ជំពូក 24
បើបុរសណាយកប្រពន្ធរៀបការពេញច្បាប់ហើយ រួចមកបែរជាមិនចូលចិត្តវិញ ដោយបានឃើញសេចក្ដីណាដែលមិនគប្បីនៅនឹងនាង នោះត្រូវធ្វើសំបុត្រលះលែង ប្រគល់នៅដៃនាង ហើយឲ្យចេញពីផ្ទះទៅចុះ
2 កាលណានាងបានចេញពីផ្ទះអ្នកនោះផុតហើយ នោះនាងនឹងទៅធ្វើជាប្រពន្ធរបស់ម្នាក់ទៀតបាន
3 រួចបើសិនជាប្ដីក្រោយនោះស្អប់នាង ហើយធ្វើសំបុត្រលះលែងប្រគល់នៅដៃនាង ឲ្យចេញពីផ្ទះខ្លួនទៅដែរ ឬបើប្ដីក្រោយដែលបានយកនាងធ្វើជាប្រពន្ធ នោះស្លាប់ទៅ
4 នោះប្ដីដើម ដែលបានបណ្តេញនាងហើយ គ្មានច្បាប់នឹងយកនាងធ្វើជាប្រពន្ធវិញ ក្រោយដែលនាងបានសៅហ្មងហើយនោះទេ ដ្បិតនោះជាសេចក្ដីស្អប់ខ្ពើមនៅចំពោះព្រះយេហូវ៉ា មិនត្រូវឲ្យឯងនាំឲ្យស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកជាមរដកមានបានសោះឡើយ។
5 បើអ្នកណាទើបនឹងយកប្រពន្ធថ្មី មិនត្រូវឲ្យអ្នកនោះចេញទៅច្បាំងឡើយ ក៏មិនត្រូវដាក់បន្ទុកអ្វីឲ្យគេត្រូវរវល់ដែរ ត្រូវឲ្យនៅទំនេរនៅឯផ្ទះអស់១ឆ្នាំ ដើម្បីនឹងបណ្តាលឲ្យនាងដែលទើបនឹសងយកជាប្រពន្ធនោះ មានសេចក្ដីរីករាយឡើង។
6 មិនត្រូវឲ្យអ្នកណាទទួលបញ្ចាំថ្មត្បាល់កិន ទោះគ្រប ឬតួក្តី ដ្បិតយ៉ាងនោះឈ្មោះថាទទួលបញ្ចាំទាំងជីវិតគេផង។
7 បើឃើញអ្នកណាកំពុងតែចាប់អ្នកណាមួយក្នុងពួកបងប្អូន ជាពួកកូនចៅអ៊ីស្រាអែល យកទៅប្រើទុកដូចជាខ្ញុំបម្រើ ឬលក់ឲ្យដល់គេក្តី នោះអ្នកដែលចាប់លួចយកនឹងត្រូវទោសដល់ស្លាប់ យ៉ាងនោះឯងនឹងបំបាត់ការអាក្រក់ពីពួកឯងចេញ។
8 ចូរប្រយ័តខាងឯរោគឃ្លង់ ដើម្បីឲ្យបានខំប្រឹងកាន់ហើយធ្វើតាមគ្រប់សេចក្ដីដែលពួកលេវីដ៏ជាសង្ឃ និងបង្រៀនដល់ឯង ត្រូវឲ្យប្រយ័តនឹងធ្វើតាម ដូចជាអញបានបង្គាប់ដល់គេគ្រប់Chapter
9 ចូរនឹកចាំពីសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃឯង បានប្រព្រឹត្តនឹងម៉ារាមតាមផ្លូវ ក្នុងគ្រាដែលឯងចេញពីស្រុកអេស៊ីព្ទមកចុះ។
10 កាលណាឯងឲ្យអ្នកជិតខាងខ្ចីអ្វីៗ នោះមិនត្រូវចូលតាមគេទៅក្នុងផ្ទះ ដើម្បីនឹងយករបស់បញ្ចាំពីគេនោះឡើយ
11 ត្រូវឈរឲ្យនៅខាងក្រៅ ចាំអ្នកដែលឯងបានឲ្យខ្ចីនោះ យករបស់បញ្ចាំចេញមកឲ្យឯងឯខាងក្រៅវិញ
12 ហើយបើអ្នកនោះជាអ្នកទ័លក្រ នោះមិនត្រូវឲ្យឯងខាំងទុករបស់បញ្ចាំនោះទៅដេកឡើយ
13 លុះដល់ថ្ងៃលិច ត្រូវឲ្យឯងប្រគល់ទៅគេវិញជាកុំខាន ដើម្បីឲ្យគេបានប្រដាប់ដេកដណ្តប់ខ្លួនដែរ យ៉ាងនោះគេនឹងឲ្យពរដល់ឯង ហើយការនោះនឹងបានរាប់ជាសេចក្ដីសុចរិតដល់ឯង នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង។
14 មិនត្រូវឲ្យឯងសង្កត់សង្កិនកូនឈ្នួលឯង ដែលទ័លក្រ ហើយកំសត់ទុរគតឡើយ ទោះជាពួកបងប្អូន ឬជាពួកអ្នកប្រទេសក្រៅ ដែលនៅក្នុងក្រុង ក្នុងស្រុករបស់ឯងក្តី
15 គឺត្រូវបើកប្រាក់ឈ្នួលឲ្យគេ ក្នុងពេលកំណត់កុំខាន កុំឲ្យប្រាក់នោះនៅនឹងឯងដរាបដល់ថ្ងៃលិចឡើយ ដ្បិតគេទ័លក្រ ហើយមានចិត្តសង្ឃឹមចង់បានប្រាក់នោះ ក្រែងគេអំពាវនាវដល់ព្រះយេហូវ៉ាទាស់នឹងឯង នោះនឹងរាប់ជាមានបាបដល់ឯងហើយ។
16 មិនត្រូវសម្លាប់ឪពុកដោយព្រោះកូន ឬសម្លាប់កូនដោយព្រោះឪពុកឡើយ ដែលត្រូវស្លាប់នោះ គឺដោយព្រោះតែបាបរបស់ខ្លួនទេ។
17 មិនត្រូវឲ្យឯងបង្វែរសេចក្ដីយុត្តិធម៌ ពីអ្នកប្រទេសក្រៅ ឬពីកូនកំព្រាឡើយ ក៏មិនត្រូវទទួលបញ្ចាំអាវរបស់ស្រីមេម៉ាយដែរ
18 ត្រូវឲ្យនឹកចាំថា ពីដើម ឯងជាបាវបម្រើនៅស្រុកអេស៊ីព្ទដែរ តែព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានលោះចេញមក ហេតុនោះបានជាអញបង្គាប់ឲ្យឯងប្រព្រឹត្តដូច្នេះ។
19 កាលណាច្រូតចម្រូូតនៅស្រែរបស់ឯង បើភ្លេចស្រូវ១កណ្តាប់នៅឯស្រែ នោះមិនត្រូវត្រឡប់ទៅយកវិញទេ ត្រូវទុកសម្រាប់អ្នកដទៃ និងពួកកូនកំព្រា ហើយនិងស្រីមេម៉ាយវិញ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះនៃឯងបានប្រទានពរដល់ឯង ក្នុងគ្រប់ការទាំងអស់ដែលដៃឯងធ្វើ
20 កាលណាឯងវាយជំរុះផលពីដើមអូលីវរបស់ឯងរួចម្តងហើយ នោះមិនត្រូវឡើងទៅធ្វើម្តងទៀតទេ ត្រូវទុកសម្រាប់អ្នកដទៃ និងពួកកូនកំព្រា ហើយនិងស្រីមេម៉ាយវិញ
21 កាលណាបេះផ្លែទំពាំងបាយជូររបស់ឯងហើយនោះ មិនត្រូវទៅ១សាទៀត ដើម្បីនឹងបេះចង្កោមដែលនៅសល់ទេ ត្រូវទុកសម្រាប់ពួកអ្នកដទៃ និងពួកកូនកំព្រា ហើយនិងស្រីមេម៉ាយវិញ
22 ត្រូវឲ្យនឹកចាំថា ពីដើម ឯងជាបាវបម្រើនៅស្រុកអេស៊ីព្ទដែរ ហេតុនោះបានជាអញបង្គាប់ឲ្យឯងប្រព្រឹត្តដូច្នេះ។