ភាពខ្លាំង


  • ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​យាង​ទៅ​ជា​មួយ​នឹង​ឯង ដើម្បី​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​ជំនួស​ឯង ហើយ​និង​ជួយ​សង្គ្រោះ​ឯង​ផង
    ចោទិយកថា 20:4
  • តើ​អញ​មិន​បាន​បង្គាប់​ឯង​ទេ​ឬ​អី ដូច្នេះ ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា ដែល​ឯង​ទៅ​ផង។
    យ៉ូស្វេ 1:9
  • ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​សាឡូ‌ម៉ូន​ជា​ព្រះ‌រាជ‌បុត្រា​ថា ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ហើយ​ធ្វើ​សម្រេច​ចុះ កុំ​ឲ្យ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​អញ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ជួយ​ឯង​ឡើយ ក៏​មិន​បោះ‌បង់​ចោល​ឯង​ដែរ ដរាប​ដល់​អស់​ទាំង​ការ​ដែល​ធ្វើ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នេះ​បាន​សម្រេច
    របាក្សត្រ ទី ១ 28:20
  • ចំណែក​គេ មាន​តែ​ដៃ​ខាង​សាច់​ឈាម​ប៉ុណ្ណោះ តែ​ខាង​យើង​វិញ មាន​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សម្រាប់​នឹង​ជួយ ហើយ​ធ្វើ​ចម្បាំង​ជំនួស​យើង ពួក​បណ្តា‌ជន​ក៏​ផ្អែក​ចិត្ត​ទៅ​លើ​ព្រះ‌បន្ទូល​នៃ​ហេសេគា ជា​ស្តេច​យូដា។
    របាក្សត្រ ទី ២ 32:8
  • លោក​ក៏​ប្រាប់​ដល់​គេ​ថា ចូរ​ទៅ​ចុះ ចូរ​បរិភោគ​របស់​ចំងាញ់ និង​គ្រឿង​បង្អែម​ទៅ ហើយ​ជូន​ខ្លះ​ដល់​អ្នក​ណា​ដែល​គ្មាន​អ្វី​រៀប​ឲ្យ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ ដល់​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពី​ព្រោះ​សេចក្ដី​អំណរ​របស់​ព្រះ‌យេហូវ៉ា​ជា​កម្លាំង​នៃ​អ្នក​រាល់​គ្នា
    នេហេមា 8:10
  • ទ្រង់​បាន​តាំង​ឲ្យ​មាន​សេចក្ដី​សរសើរ ដោយ‌សារ​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ដោះ ដោយ​ព្រោះ​ពួក​ត‌តាំង​នឹង​ទ្រង់ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ ព្រម​ទាំង​ពួក​សង‌សឹក បាន​ស្ងៀម​នៅ
    ទំនុកដំកើង 8:2
  • ពី​ព្រោះ​ដោយ​ពឹង​ទ្រង់ នោះ​ទូល‌បង្គំ​នឹង​រត់​ចូល​ទៅ ត​នឹង​កង‌ទ័ព ហើយ​ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​លោត រំលង​កំផែង​បាន ឯ​ព្រះ ផ្លូវ​នៃ​ទ្រង់​គ្រប់​លក្ខណ៍ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​សាក​មើល​ហើយ ទ្រង់​ជា​ខែល​ដល់​អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់ គឺ​ជា​ព្រះ​ដែល​ក្រវាត់​ទូល‌បង្គំ​ដោយ​កម្លាំង ហើយ​ក៏​ធ្វើ​ឲ្យ​ផ្លូវ​ទូល‌បង្គំ​បាន​គ្រប់​លក្ខណ៍​ដែរ
    ទំនុកដំកើង 18:29, 30B, 32
  • អ្នក​ខ្លះ​ពឹង​នឹង​រទេះ​ចម្បាំង ខ្លះ​ទៀត​ពឹង​នឹង​សេះ តែ​យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​វិញ
    ទំនុកដំកើង 20:7
  • ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដ៏​ជា​ស្តេច នឹង​មាន​សេចក្ដី​អំណរ​ចំពោះ​ឫទ្ធា‌នុភាព​នៃ​ទ្រង់ ហើយ​និង​រីក‌រាយ​សប្បាយ​ជា​ខ្លាំង ចំពោះ​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់​យ៉ាង​ណា​ហ្ន៎
    ទំនុកដំកើង 21:1
  • បើ‌សិន​ជា​ទូល‌បង្គំ​មិន​បាន​ជឿ ថា នឹង​ឃើញ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ នោះ​តើ​យ៉ាង​ណា​ទៅ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ចុះ ចូរ​មាន​កម្លាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ទៅ។
    ទំនុកដំកើង 27:13, 14
  • ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កម្លាំង ហើយ​ជា​ខែល​នៃ​ខ្ញុំ ចិត្ត​ខ្ញុំ​បាន​សង្ឃឹម​ដល់​ទ្រង់ ហើយ​បាន​សេចក្ដី​ជំនួយ ហេតុ​នោះ​ចិត្ត​ខ្ញុំ​មាន​សេចក្ដី​រីក‌រាយ​ជា​ខ្លាំង ខ្ញុំ​នឹង​សរសើរ​ដល់​ទ្រង់ ដោយ​បទ​ចម្រៀង​របស់​ខ្ញុំ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កម្លាំង ហើយ​ជា​ទី​មាំ‌មួន សម្រាប់​នឹង​ជួយ​សង្គ្រោះ ដល់​ពួក​អ្នក ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ
    ទំនុកដំកើង 28:7, 8
  • ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក ដែល​មាន​វិញ្ញាណ​ទន់​ទាប
    ទំនុកដំកើង 34:18
  • ព្រះ‌យេហូវ៉ា​ទ្រង់​លោះ​ព្រលឹង​នៃ​អស់​អ្នក​ដែល​គោរព ប្រតិ‌បត្តិ​ដល់​ទ្រង់ ហើយ​ក្នុង​ពួក​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ត្រូវ​ទោស​ឡើយ។
    ទំនុកដំកើង 34:22
  • ៙ គឺ​ព្រះ‌យេហូវ៉ា​ដែល​តម្រូវ​អស់​ទាំង​ជំហាន​នៃ​មនុស្ស​ល្អ ហើយ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ផ្លូវ​ដែល​គេ​ដើរ​ដែរ ទោះ​បើ​គេ​ភ្លាត់​ដួល គង់​តែ​មិន​ត្រូវ​ដួល​ទាំង​ស្រុង​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទ្រ​អ្នក​នោះ​ដោយ​ព្រះ‌ហស្ត
    ទំនុកដំកើង 37:23, 24
  • ឯ​សេចក្ដី​សង្គ្រោះ​នៃ​មនុស្ស​សុចរិត នោះ​មក​ពី​ព្រះ‌យេហូវ៉ា ក្នុង​គ្រា​ដែល​មាន​សេចក្ដី​លំបាក នោះ​ទ្រង់​ជា​ទី​អាង​ដល់​គេ
    ទំនុកដំកើង 37:39
  • ៙ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បង្ហាត់​បង្រៀន​ទូល‌បង្គំ តាំង​តែ​ពី​ក្មេង​មក ហើយ​ដរាប​ដល់​ឥឡូវ​នេះ ទូល‌បង្គំ​បាន​សម្ដែង ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់ ឱ​ព្រះ‌អង្គ​អើយ សូម​កុំ​លះ‌បង់​ចោល​ទូល‌បង្គំ​ឡើយ ទោះ​ទាំង​វេលា​ដែល​ទូល‌បង្គំ​ចាស់​សក់​ស្កូវ​ហើយ​ផង ដរាប​ដល់​ទូល‌បង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ‌ចេស្តា​ទ្រង់ ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ និង​ពី​ឥទ្ធា‌នុភាព​ទ្រង់ ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាង​មុខ
    ទំនុកដំកើង 71:17, 18
  • ៙ ទ្រង់​បាន​ឲ្យ​យើង​ខ្ញុំ​ឃើញ​សេចក្ដី​វេទនា​ដ៏​លំបាក ជា​ច្រើន​ហើយ តែ​ទ្រង់​នឹង​ប្រោស​ឲ្យ​មាន​ជីវិត​ចម្រើន​ឡើង​វិញ ទ្រង់​នឹង​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ទី​ជម្រៅ​នៃ​ផែនដី សូម​លើក​សេចក្ដី​ខ្ពង់‌ខ្ពស់​នៃ​ទូល‌បង្គំ​ឡើង ហើយ​វិល​មក​ជួយ​កំសាន្ត​ទូល‌បង្គំ​វិញ។
    ទំនុកដំកើង 71:20, 21
  • ឯ​សាច់ និង​ចិត្ត​ទូល‌បង្គំ នោះ​នឹង​សាប‌សូន្យ​ទៅ​បាន ប៉ុន្តែ ព្រះ​ទ្រង់​ជា​ទី​ពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដក នៃ​ទូល‌បង្គំ​ជា​ដរាប​ដែរ។
    ទំនុកដំកើង 73:26
  • ៙ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​យក​ទ្រង់​ជា​កម្លាំង របស់​ខ្លួន ជា​អ្នក​ដែល​មាន​គ្រប់​ទាំង​ផ្លូវ​រៀប‌ចំ​ក្នុង​ចិត្ត​ហើយ ពួក​នោះ​ដើរ​ទៅ​ទាំង​មាន​កម្លាំង​ខ្លាំង​ឡើង​បណ្តើរ គ្រប់​គ្នា​ក៏​លេច​មក​នៅ​ចំពោះ​ព្រះ ត្រង់​ស៊ីយ៉ូន
    ទំនុកដំកើង 84:5, 7
  • គ្រា​ដែល​ទូល‌បង្គំ​មាន​គំនិត​សាន់‌វុ័ណ្ត​ក្នុង​ចិត្ត​ជា​ច្រើន នោះ​សេចក្ដី​កំសាន្ត​ចិត្ត​នៃ​ទ្រង់​ក៏​ជា​ទី​រីក‌រាយ​ដល់ ព្រលឹង​ទូល‌បង្គំ​វិញ
    ទំនុកដំកើង 94:19
  • ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កម្លាំង ហើយ​ជា​ទំនុក​ច្រៀង​របស់​ខ្ញុំ ក៏​បាន​ត្រឡប់​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​ដែរ។
    ទំនុកដំកើង 118:14
  • ព្រលឹង​ទូល‌បង្គំ​រលាយ​ទៅ ដោយ​សេចក្ដី​ធ្ងន់​ចិត្ត សូម​ចម្រើន​កម្លាំង​ដល់​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់
    ទំនុកដំកើង 119:28
  • នេះ​ហើយ​ជា​សេចក្ដី​កំសាន្ត​ចិត្ត​ដល់​ទូល‌បង្គំ ក្នុង​វេលា​ដែល​ទូល‌បង្គំ​កើត​ទុក្ខ​ព្រួយ គឺ​ព្រះ‌បន្ទូល​ទ្រង់​បាន​ប្រោស ឲ្យ​ទូល‌បង្គំ​មាន​កម្លាំង​ឡើង
    ទំនុកដំកើង 119:50
  • ទោះ​បើ​ទូល‌បង្គំ​ដើរ​នៅ​កណ្តាល​សេចក្ដី​ទុក្ខ​វេទនា គង់​តែ​ទ្រង់​នឹង​ចម្រើន​កម្លាំង​ដល់​ទូល‌បង្គំ​ផង ទ្រង់​នឹង​លើក​ព្រះ‌ហស្ត​ឡើង ទាស់​នឹង​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ពួក​ខ្មាំង​សត្រូវ​ទូល‌បង្គំ ហើយ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ដែរ
    ទំនុកដំកើង 138:7
  • កាល​វិញ្ញាណ​ទូល‌បង្គំ​បាន​អន់‌ថយ​នៅ​ក្នុង​ខ្លួន នោះ​ទ្រង់​បាន​ស្គាល់​ផ្លូវ​ច្រក​របស់​ទូល‌បង្គំ គេ​បាន​ដាក់​អន្ទាក់​លាក់​កំបាំង​ក្នុង​ផ្លូវ​ដែល​ទូល‌បង្គំ​ដើរ
    ទំនុកដំកើង 142:3
  • ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ទី​មាំ‌មួន​ដល់​មនុស្ស​កំសត់​ទុគ៌ត ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក ជា​ទី​ជ្រក​កោន​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា​ជា​ម្លប់​បាំង​កំដៅ ក្នុង​កាល​ដែល​ខ្យល់​គំហុក​របស់​ពួក​គួរ​ស្ញែង‌ខ្លាច បាន​ដូច​ជា​មាន​ព្យុះ​បក់​ប៉ះ​នឹង​ជញ្ជាំង
    អេសាយ 25:4
  • ទ្រង់​រមែង​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កម្លាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ
    អេសាយ 40:29
  • តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជានិច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​និង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ។
    អេសាយ 40:31
  • កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចម្រើន​កម្លាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង​ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ
    អេសាយ 41:10
  • ពួក​ក្រីក្រ និង​ពួក​កំសត់​ទុគ៌ត គេ​រក​ទឹក តែ​គ្មាន​សោះ គេ​ខះ​ក​ដោយ​ស្រេក​ទឹក ឯ​អញ គឺ​យេ‌ហូវ៉ា អញ​នឹង​តប​ឆ្លើយ​នឹង​គេ អញ​នេះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល អញ​នឹង​មិន​បោះ‌បង់​ចោល​គេ​ឡើយ
    អេសាយ 41:17
  • នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ‌សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លំអ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្ដី​អំណរ​ជំនួស​សេចក្ដី​សោក‌សៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្ដី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ ដើម្បី​ឲ្យ​គេ​បាន​ហៅ​ថា ជា​ដើម​ឈើ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដើម​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ មាន​ប្រយោជន៍​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង។
    អេសាយ 61:3
  • ដូច្នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ពោល​ពាក្យ​យ៉ាង​នេះ នោះ​មើល អញ​នឹង​ធ្វើ​ឲ្យ​ពាក្យ​ដែល​អញ​ដាក់​នៅ​មាត់​ឯង បាន​ដូច​ជា​ភ្លើង​វិញ ហើយ​ឲ្យ​សាសន៍​នេះ​បាន​ត្រឡប់​ជា​ឧស ភ្លើង​នោះ​នឹង​ឆេះ​បន្សុស​គេ​អស់​ទៅ
    យេរេមា 5:14
  • ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​មិន​បោះ‌បង់​ចោល​នៅ​ជា​ដរាប​ទេ តែ​ទោះ​បើ​ទ្រង់​ធ្វើ​ទុក្ខ​ក៏​ដោយ គង់​តែ​ទ្រង់​នឹង​អាណិត​មេត្តា ដោយ​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់​ដែរ ពី​ព្រោះ​ទ្រង់​មិន​ធ្វើ​ទុក្ខ ឬ​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​វេទនា ដោយ​ស្ម័គ្រ​ពី​ព្រះ‌ហឫទ័យ​ទេ
    បរិទេវ 3:31-33
  • អញ​នឹង​ចម្រើន​កម្លាំង​គេ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​ដើរ​ចុះ​ឡើង ដោយ​នូវ​ព្រះ‌នាម​ទ្រង់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
    សាការី 10:12
  • ដ្បិត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​ត្រូវ​និយាយ​ទេ គឺ​ជា​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌វរ‌បិតា​នៃ​អ្នក​ទេ​តើ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ក្នុង​ខ្លួន​អ្នក​វិញ
    ម៉ាថាយ 10:20
  • ព្រះ‌យេស៊ូវ​ទ្រង់​ទត​ទៅ​គេ ដោយ​មាន​ព្រះ‌បន្ទូល​ថា ការ​នោះ​មនុស្ស​លោក​ធ្វើ​មិន​កើត​ទេ តែ​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់។
    ម៉ាថាយ 19:26
  • ប៉ុន្តែ កាល​ណា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ‌ចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង
    កិច្ចការ 1:8
  • កាល​បាន​ឃើញ​ថា ពេត្រុស និង​យ៉ូហាន​មាន​ចិត្ត​ក្លាហាន នោះ​ពួក​លោក​ទាំង​នោះ​ក៏​មាន​សេចក្ដី​អស្ចារ្យ ដោយ​ដឹង​ថា គេ​ជា​មនុស្ស​មិន‌សូវ​ចេះ​ជ្រៅ‌ជ្រះ ហើយ​ឥត​បាន​រៀន‌សូត្រ​ប៉ុន្មាន​ផង បាន​ជា​លោក​យល់​ឃើញ​ថា គេ​ធ្លាប់​នៅ​ជា​មួយ​នឹង​ព្រះ‌យេស៊ូវ
    កិច្ចការ 4:13
  • តែ​យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សម្រាប់​សេចក្ដី​ល្អ ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ‌តម្រិះ​ទ្រង់
    រ៉ូម 8:28
  • ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន
    រ៉ូម 8:31
  • ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្ដី​ចម្កួត ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះ‌ចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ
    កូរិនថូសទី ១ 1:18
  • ឯ​ពាក្យ​សំដី និង​វោហា​អធិប្បាយ​របស់​ខ្ញុំ ក៏​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ‌ឧត្តម ដែល​ពូកែ​បញ្ចុះ‌បញ្ចូល​នោះ​ដែរ គឺ​ដោយ​ការ​សម្ដែង​ចេញ​ជា​ព្រះ‌វិញ្ញាណ និង​ព្រះ‌ចេស្តា​វិញ​ទេ​តើ ដើម្បី​កុំ​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​តាំង​នៅ ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ​វិញ។
    កូរិនថូសទី ១ 2:4, 5
  • ចូរ​ចាំ​យាម ចូរ​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​សេចក្ដី​ជំនឿ ចូរ​ប្រព្រឹត្ត​ឲ្យ​ពេញ​ជា​ភាព​បុរស ចូរ​ឲ្យ​មាន​កម្លាំង​ចុះ
    កូរិនថូសទី ១ 16:13
  • មិន​មែន​ថា យើង​ខ្ញុំ​ពូកែ​ល្មម​ដោយ​ខ្លួន​ឯង និង​គិត​ស្មាន​ថា មាន​អ្វី​កើត​ពី​ខ្លួន​យើង​ខ្ញុំ​នោះ​ឡើយ តែ​ដែល​យើង​ខ្ញុំ​ពូកែ នោះ​មក​តែ​ពី​ព្រះ​ទេ
    កូរិនថូសទី ២ 3:5
  • ព្រោះ​គ្រឿង​សស្ត្រា‌វុធ​ពិជ័យ​សង្គ្រាម​របស់​យើង​ខ្ញុំ មិន​មែន​ជា​របស់​ខាង​សាច់​ឈាម​ទេ គឺ​ជា​ឥទ្ធិ‌ឫទ្ធិ​ដែល​មក​ពី​ព្រះ សម្រាប់​នឹង​រំលំ​ទី​មាំ‌មួន​វិញ
    កូរិនថូសទី ២ 10:4
  • តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កម្លាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្ដី​កំសោយ ដូច្នេះ ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ‌ចេស្តា​នៃ​ព្រះ‌គ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ ហេតុ​នោះ​បាន​ជា​ខ្ញុំ​អរ​សប្បាយ​ក្នុង​កាល​ដែល​មាន​សេចក្ដី​កំសោយ ក្នុង​កាល​ដែល​គេ​ត្មះ‌តិះដៀល ក្នុង​សេចក្ដី​លំបាក កាល​គេ​ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​ចង្អៀត‌ចង្អល់ ដោយ​យល់​ដល់​ព្រះ‌គ្រីស្ទ ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កម្លាំង​យ៉ាង​ចំណាន​វិញ។
    កូរិនថូសទី ២ 12:9, 10
  • ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ‌ចេស្តា ចម្រើន​កម្លាំង​នៃ​មនុស្ស​ខាង​ក្នុង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ តាម​សិរី‌ល្អ​នៃ​ទ្រង់​ដ៏​ប្រសើរ​ក្រៃ‌លែង
    អេភេសូ 3:16
  • ឯ​សេចក្ដី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​ឲ្យ​មាន​កម្លាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌ចេស្តា​ទ្រង់
    អេភេសូ 6:10
  • ព្រះ‌ទ្រង់​ជា​ស្មរ‌បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដោយ​ព្រះ‌ហឫទ័យ​សន្តោស​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ
    ភីលីព 1:6
  • ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ
    ភីលីព 4:13
  • ដ្បិត​ព្រះ‌ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្ដី​ស្រឡាញ់ និង​ប្រាជ្ញា​នឹង‌ធឹង​វិញ
    ធីម៉ូថេ​ទី​២ 1:7
  • បើ​យើង​ទ្រាំ​ទ្រ នោះ​យើង​នឹង​សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់ តែ​បើ​យើង​មិន​ព្រម​ទទួល​ស្គាល់​ទ្រង់​ទេ នោះ​ទ្រង់​ក៏​មិន​ព្រម​ទទួល​ស្គាល់​យើង​ដែរ
    ធីម៉ូថេ​ទី​២ 2:12
  • ពួក​កូន​តូចៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ពី​ព្រោះ​ព្រះ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ៍​ផង
    យ៉ូហាន​ទី​១ 4:4