ការផ្គត់ផ្គង់របស់ព្រះ
-
ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ
ទំនុកដំកើង 23:1 -
ឯអស់ទាំងសិង្ហស្ទាវ វាតែងតែខ្វះ ហើយក៏ឃ្លាន តែអស់អ្នកណាដែលស្វែងរកព្រះយេហូវ៉ា នោះនឹងមិនខ្វះអ្វី ដែលល្អឡើយ
ទំនុកដំកើង 34:10 -
យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ
ទំនុកដំកើង 37:25 -
សូមឲ្យព្រះអម្ចាស់បានប្រកបដោយព្រះពរ ដែលទ្រង់ទទួលយកបន្ទុកយើងខ្ញុំរាល់ៗថ្ងៃ គឺជាព្រះដ៏ជាទីសង្គ្រោះដល់យើងខ្ញុំ។ –បង្អង់ -
ទំនុកដំកើង 68:19 -
អញនេះ គឺព្រះយេហូវ៉ាជាព្រះនៃឯង ដែលបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ចូរឯងហាមាត់ឲ្យធំចុះ នោះអញនឹងបំពេញឲ្យ
ទំនុកដំកើង 81:10 -
ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់ជាព្រះអាទិត្យ ហើយជាខែល ព្រះយេហូវ៉ាទ្រង់នឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ទ្រង់នឹងមិនសំចៃទុករបស់ល្អអ្វី ដល់ពួកអ្នកដែលដើរដោយទៀងត្រង់ឡើយ -
ទំនុកដំកើង 84:11 -
ភ្នែករបស់មនុស្សទាំងអស់រង់ចាំតែទ្រង់ ហើយទ្រង់ក៏ប្រទានអាហារដល់គេតាមត្រូវពេល ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ
ទំនុកដំកើង 145:15b,16 -
មនុស្សសុចរិតគេបរិភោគទាល់តែស្កប់ស្កល់ តែពោះរបស់មនុស្សអាក្រក់នឹងត្រូវអត់ឃ្លានវិញ។
សុភាសិត 13:25 -
បើសិនជាឯងរាល់គ្នាស្ម័គ្រចិត្តតាម ហើយស្តាប់បង្គាប់ នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ តែបើឯងមិនព្រមវិញ ហើយបះបោរផង នោះឯងនឹងត្រូវលេបបាត់ដោយមុខដាវ ពីព្រោះព្រះឱស្ឋនៃព្រះយេហូវ៉ា បានមានព្រះបន្ទូលស្រេចហើយ។
អេសាយ 1:19, 20 -
អញនឹងធ្វើឲ្យគេ ព្រមទាំងទីកន្លែងនៅជុំវិញភ្នំតូចរបស់អញ ជាទីឲ្យពរ អញនឹងបង្អុរឲ្យភ្លៀងធ្លាក់មកតាមរដូវកាល នោះនឹងមានព្រះពរធ្លាក់មកមួយមេៗ
អេសេគាល 34:26 -
ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ ប៉ុន្តែ ឯងរាល់គ្នាបានកោងយករបស់អញហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ទ្រង់ឯណា គឺក្នុងតង្វាយ១ភាគក្នុង១០ ហើយក្នុងតង្វាយលើកចុះឡើងនោះឯង ឯងរាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្តាសាហើយ ដោយព្រោះតែងតែកោងយករបស់អញយ៉ាងដូច្នេះ ចូរនាំយកតង្វាយ១ភាគក្នុង១០ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញ ហើយល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
ម៉ាឡាគី 3:8-10 -
ដូច្នេះ កុំឲ្យអ្នករាល់គ្នាធ្វើដូចគេឡើយ ដ្បិតព្រះវរបិតានៃអ្នកទ្រង់ជ្រាបនូវរបស់អ្វីដែលអ្នកត្រូវការ មុនដែលអ្នកសូមផង
ម៉ាថាយ 6:8 -
ចូរស្វែងរកនគរ និងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង
ម៉ាថាយ 6:33 -
ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនិងបើកឲ្យអ្នកណាដែលគោះដែរ
ម៉ាថាយ 7:7,8 -
ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត។
ម៉ាថាយ 7:11 -
ហើយគ្រប់ទាំងសេចក្ដីអ្វីដែលអ្នករាល់គ្នានឹងអធិស្ឋានសូម ដោយមានចិត្តជឿ នោះនឹងបានសម្រេចទាំងអស់។ អំណាចរបស់ព្រះយេស៊ូវ
ម៉ាថាយ 21:22 -
រួចមក ទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់ថា កាលខ្ញុំចាត់អ្នករាល់គ្នា ឲ្យទៅឥតកាបូប ឥតយាម ហើយឥតស្បែកជើង នោះតើមានខ្វះអ្វីឬទេ គេទូលឆ្លើយថា គ្មានខ្វះអ្វីទេ
លូកា 22:35 -
ព្រះអម្ចាស់ទ្រង់ក៏បង្គាប់ ឲ្យពួកអ្នកដែលផ្សាយដំណឹងល្អ បានរស់ដោយសារដំណឹងល្អដូច្នោះដែរ
កូរិនថូសទី ១ 9:14 -
ព្រះនៃខ្ញុំ ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ
ភីលីព 4:19 -
ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្ដីជំនឿ ទាំងចាក់ទម្លុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន។
ធីម៉ូថេទី១ 6:10 -
ហើយទោះបើយើងសូមអ្វីពីទ្រង់ក៏ដោយ គង់តែនឹងបានសម្រេច ពីព្រោះយើងកាន់តាមបញ្ញត្តទ្រង់ ហើយក៏ប្រព្រឹត្តការដែលគាប់ព្រះហឫទ័យដល់ទ្រង់ដែរ
យ៉ូហានទី១ 3:22 -
យើងក៏មានសេចក្ដីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម បើយើងដឹងថា ទ្រង់ទទួលព្រមតាមយើង ក្នុងការអ្វីដែលយើងសូមដូច្នេះ នោះយើងក៏ដឹងថា យើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរ។
យ៉ូហានទី១ 5:14,15