ស្នេហា
-
ដូច្នេះ អស់ទាំងការអ្វីដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ ដ្បិតនេះឯងជាក្រឹត្យវិន័យ ហើយជាសេចក្ដីទំនាយរបស់ពួកហោរា។
ម៉ាថាយ 7:12 -
នោះព្រះយេស៊ូវឆ្លើយថា «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» បណ្តាក្រឹត្យវិន័យ និងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សម្រេចនៅបទបញ្ញត្តទាំង២ប្រការនេះឯង។
ម៉ាថាយ 22:37-40 -
នោះស្តេចនឹងឆ្លើយទៅគេថា យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ
ម៉ាថាយ 25:40 -
ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
យ៉ូហាន 3:16 -
ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក។.
យ៉ូហាន 13:34, 35 -
បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ
យ៉ូហាន 14:15 -
អ្នកណាដែលមានបញ្ញត្តរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹងសម្ដែងខ្លួនឲ្យអ្នកនោះស្គាល់ផង យូដាស (មិនមែនអ៊ីស្ការីយ៉ុត) គាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ តើកើតមានហេតុដូចម្តេច បានជាទ្រង់នឹងសម្ដែងមកឲ្យយើងខ្ញុំស្គាល់ទ្រង់ តែមិនឲ្យលោកីយ៍ស្គាល់ផង ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅ នៅជាមួយដែរ អ្នកណាដែលមិនស្រឡាញ់ខ្ញុំ នោះមិនកាន់តាមពាក្យខ្ញុំទេ ឯពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យខ្ញុំ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលទ្រង់ចាត់ឲ្យខ្ញុំមកទេតើ។
យ៉ូហាន 14:21-24 -
គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ
យ៉ូហាន 15:13 -
ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជម្រៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ។
រ៉ូម 8:38,39 -
ចូរឲ្យមានសេចក្ដីស្រឡាញ់ឥតពុតមាយា ទាំងខ្ពើមសេចក្ដីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្ដីល្អវិញ
រ៉ូម 12:9 -
ឥឡូវនេះ នៅមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្ដីដែលវិសេសជាងគេ គឺជាសេចក្ដីស្រឡាញ់។
កូរិនថូសទី ១ 13:13 -
ត្រូវឲ្យអ្នករាល់គ្នាធ្វើការទាំងអស់ ដោយសេចក្ដីស្រឡាញ់។
កូរិនថូសទី ១ 16:14 -
ដ្បិតក្រឹត្យវិន័យទាំងមូល បានសម្រេចមកក្នុងពាក្យតែ១ម៉ាត់នេះថា «ចូរឯងស្រឡាញ់អ្នកជិតខាង ដូចខ្លួនឯង»
កាឡាទី 5:14 -
ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ ចូរបន្ថែមទាំងសេចក្ដីស្រឡាញ់ថែមទៀត ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍
កូឡូស 3:13,14 -
តែមុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្ដីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត
ពេត្រុសទី១ 4:8 -
ដោយសារសេចក្ដីនេះ យើងរាល់គ្នាបានស្គាល់សេចក្ដីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្តូរព្រះជន្មទ្រង់ជំនួសយើង ដូច្នេះ គួរឲ្យយើងប្តូរជីវិតយើងជំនួសបងប្អូនដែរ បើអ្នកណាមានភោគសម្បត្តិរបស់លោកីយ៍នេះ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតមេត្តាសោះ នោះធ្វើដូចម្តេច ឲ្យសេចក្ដីស្រឡាញ់នៃព្រះ បានស្ថិតនៅក្នុងអ្នកនោះបាន។ ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ ដោយពាក្យសំដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ
យ៉ូហានទី១ 3:16-18 -
ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ តែអ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង
យ៉ូហានទី១ 4:7,8 -
ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ
យ៉ូហានទី១ 4:11 -
ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។
យ៉ូហានទី១ 4:19 -
មួយទៀត យើងបានទទួលបញ្ញត្តនេះពីព្រះមកថា អ្នកណាដែលស្រឡាញ់ដល់ព្រះ នោះត្រូវតែស្រឡាញ់ដល់បងប្អូនដែរ។
យ៉ូហានទី១ 4:21