សាំយូអែល ទី ២

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24


ជំពូក 7

រួច​មក កាល​ស្តេច​ទ្រង់​គង់​នៅ​ក្នុង​ដំណាក់ ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រោស‌ប្រទាន​ឲ្យ​ទ្រង់​មាន​សេចក្ដី​សម្រាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទិស
2 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ហោរា​ណាថាន់​ថា មើល​ចុះ យើង​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តាត្រៅ តែ​ហឹប​នៃ​ព្រះ​មាន​តែ​សំពត់​បាំង​ប៉ុណ្ណោះ​ទេ
3 ណាថាន់​ទូល​ឆ្លើយ​ថា សូម​ព្រះ‌ករុណា​ទ្រង់​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ប្រាថ្នា​ដែល​នៅ​ក្នុង​ព្រះ‌ហឫទ័យ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ទ្រង់​ហើយ
4 តែ​នៅ​វេលា​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ណាថាន់​ថា
5 ចូរ​ទៅ​ប្រាប់​ដាវីឌ ជា​អ្នក​បម្រើ​អញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ដូច្នេះ តើ​ឯង​នឹង​ស្អាង​វិហារ​ឲ្យ​អញ​នៅ​ឬ
6 អញ​មិន​ដែល​នៅ​ក្នុង​វិហារ​ណា​ទេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​អញ​បាន​នៅ​តែ​ក្នុង​ត្រសាល ហើយ​ក្នុង​រោង​ឧបោសថ​វិញ
7 នៅ​គ្រប់​ទី​កន្លែង ដែល​អញ​បាន​ដើរ​ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន នោះ​តើ​អញ​ដែល​និយាយ​១​ម៉ាត់ ទៅ​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ណា​មួយ ដែល​អញ​បាន​បង្គាប់​ឲ្យ​ឃ្វាល​សាសន៍​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​មិន​បាន​ស្អាង​វិហារ ពី​ឈើ​តាត្រៅ​ឲ្យ​អញ​ឬ​ទេ
8 ដូច្នេះ ចូរ​ឯង​ប្រាប់​ដាវីឌ​អ្នក​បម្រើ​អញ​ឥឡូវ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ អញ​បាន​យក​ឯង​ពី​ក្រោល​ចៀម គឺ​ពី​ការ​ឃ្វាល​ហ្វូង​សត្វ​មក ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​អ្នក​នាំ​មុខ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ
9 អញ​បាន​នៅ​ជា​មួយ​នឹង​ឯង គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​បាន​ទៅ ក៏​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​ប៉ុន្មាន វិនាស​ពី​មុខ​ឯង​ចេញ អញ​បាន​លើក​ឈ្មោះ​ឯង​ឲ្យ​ជា​ធំ ស្មើ​នឹង​ឈ្មោះ​នៃ​អស់​អ្នក​ធំ​ដែល​នៅ​ផែនដី
10 អញ​បាន​តម្រូវ​ទី​កន្លែង​១ ឲ្យ​ពួក​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ ហើយ​បាន​ដាំ​គេ​ឲ្យ​បាន​នៅ​ជាប់​ក្នុង​ស្រុក​របស់​គេ ឥត​រលើង​ទៅ​ឯ​ណា​ទៀត​ឡើយ ឯ​ពួក​មនុស្ស​អាក្រក់​នឹង​មិន​ធ្វើ​ទុក្ខ​គេ​ដូច​កាល​ពី​ដើម​ទៀត
11 ឬ​ដូច​នៅ​គ្រា​ដែល​អញ​បាន​តាំង​ពួក​ចៅ‌ហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​នោះ​ឡើយ អញ​បាន​ប្រោស​ឲ្យ​ឯង​បាន​សម្រាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​អស់​ហើយ (យ៉ាង​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឲ្យ​ព្រះ‌រាជា​ជ្រាប​ថា ទ្រង់​នឹង​តាំង​ព្រះ‌វង្សា​ព្រះ‌ករុណា​ឡើង)
12 កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ រួច​បាន​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ឯង នោះ​អញ​នឹង​តាំង​ពូជ‌ពង្ស​ដែល​កើត​ពី​ឯង​មក ឲ្យ​សោយ‌រាជ្យ​ឡើង​ជំនួស​ឯង ហើយ​អញ​នឹង​តាំង​រាជ្យ​វា​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង
13 គឺ​វា​ដែល​នឹង​ស្អាង​វិហារ​១​សម្រាប់​ឈ្មោះ​អញ ហើយ​អញ​នឹង​តាំង​បល្ល័ង្ក​នៃ​រាជ្យ​វា ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​ទៅ
14 អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​វា ហើយ​វា​នឹង​បាន​ជា​កូន​ដល់​អញ បើ​កាល​ណា​វា​ប្រព្រឹត្ត​ការ​ទុច្ចរិត នោះ​អញ​នឹង​ផ្ចាញ់‌ផ្ចាល​វា​ដោយ​ដំបង​របស់​មនុស្ស ហើយ​និង​ស្នាម​រំពាត់​នៃ​ពួក​មនុស្ស​ជាតិ
15 ប៉ុន្តែ សេចក្ដី​សប្បុរស​របស់​អញ​មិន​ដែល​ឃ្លាត​ចេញ​ពី​វា ដូច​ជា​អញ​បាន​ដក​ចេញ​ពី​សូល ដែល​អញ​បាន​ចោល​ពី​មុខ​ឯង​ចេញ​នោះ​ឡើយ ។
16 នោះ​វង្សា និង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់‌ខ្ជួន​នៅ ជា​រៀង‌រាប​ដរាប​ទៅ
17 ណាថាន់​ក៏​ទូល​នឹង​ដាវីឌ​តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល ហើយ​តាម​ការ​ជាក់​ស្តែង​ទាំង​នោះ​គ្រប់​ជំពូក។
18 នោះ​ស្តេច​ដាវីឌ​ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទូល‌បង្គំ​ជា​អ្វី ហើយ​ពូជ‌ពង្ស​ទូល‌បង្គំ​ជា​អ្វី បាន​ជា​ទ្រង់​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ដល់​ត្រឹម​នេះ
19 ប៉ុន្តែ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ នេះ​ជា​ការ​យ៉ាង​តូច​នៅ​ព្រះ‌នេត្រ​ទ្រង់​ទេ បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ពូជ‌ពង្ស​នៃ​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់ រហូត​ដល់​យូរ‌អង្វែង​ទៅ​មុខ​ទៀត ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ យ៉ាង​នោះ តើ​ត្រូវ​តាម​របៀប​របស់​មនុស្ស​ឬ
20 តើ​ដាវីឌ​ទូល‌បង្គំ​នេះ និង​ទូល​ទ្រង់​បាន​ដូច​ម្តេច​ទៅ​ទៀត ដ្បិត​ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​ស្គាល់​ទូល‌បង្គំ​ជា​អ្នក​បម្រើ​ទ្រង់​ហើយ
21 ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​ធំ​ទាំង​នេះ ឲ្យ​ទូល‌បង្គំ​ជា​បាវ​បម្រើ​ទ្រង់​បាន​ដឹង ដោយ​យល់​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់​ទេ ហើយ​ក៏​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ផង
22 ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ ទ្រង់​ធំ​ណាស់ គ្មាន​ណា​ឲ្យ​ស្មើ​ទ្រង់​ឡើយ ហើយ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ត្រចៀក​ទូល‌បង្គំ​រាល់​គ្នា​បាន​ឮ នោះ​ក៏​គ្មាន​ព្រះ​ឯ​ណា​ក្រៅ​ពី​ទ្រង់​ដែរ
23 តើ​មាន​សាសន៍​ឯ​ណា​មួយ​នៅ​ផែនដី ឲ្យ​ដូច​អ៊ីស្រា‌អែល​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ព្រះ​បាន​យាង​ទៅ​លោះ​ចេញ ទុក​ជា​រាស្ត្រ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ល្បី​ព្រះ‌នាម ហើយ​និង​ប្រោស​ការ​យ៉ាង​ធំ​ដល់​គេ ហើយ​ការ​គួរ​ស្ញែង​ខ្លាច​សម្រាប់​ស្រុក​គេ នៅ​មុខ​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​លោះ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ឲ្យ​រួច​ពី​សាសន៍​ដទៃ ហើយ​និង​ព្រះ​របស់​គេ​ផង
24 ទ្រង់​ក៏​បាន​តាំង​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់ ឲ្យ​បាន​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ជា​រៀង‌រាប​ដរាប​ទៅ ហើយ​ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ត្រឡប់​ជា​ព្រះ​ដល់​គេ​ដែរ
25 ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​បញ្ជាប់​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក ពី​ដំណើរ​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់ ហើយ​ពី​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ឲ្យ​បាន​ជាប់​ជានិច្ច​ត​ទៅ​មុខ សូម​ទ្រង់​ធ្វើ​សម្រេច​ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​នោះ​ចុះ
26 សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង​ជានិច្ច ដោយ​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​សូម​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​បាវ​បម្រើ​ទ្រង់ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់
27 ពី​ព្រោះ ឱ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ទ្រង់​បាន​សម្ដែង​ឲ្យ​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់​បាន​ដឹង​ហើយ ដោយ​ព្រះ‌បន្ទូល​ថា អញ​នឹង​តាំង​វង្សា​ឯង​ឡើង ហេតុ​ដូច្នេះ​បាន​ជា​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់ មាន​ចិត្ត​ក្លាហាន និង​ហ៊ាន​អធិស្ឋាន​ពាក្យ​ទាំង​នេះ ទូល​ដល់​ទ្រង់
28 ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​ពិត ហើយ​ព្រះ‌បន្ទូល​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌គុណ​នេះ​មក​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់
29 ដូច្នេះ សូម​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ និង​ប្រទាន​ពរ​ដល់​ពូជ‌ពង្ស​របស់​ទូល‌បង្គំ​ជា​បាវ​បម្រើ​ទ្រង់ ដើម្បី​ឲ្យ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់​ជា​ដរាប ដ្បិត​ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​បាន​សន្យា​ហើយ ដូច្នេះ ដោយ‌សារ​ព្រះ‌ពរ​ទ្រង់ នោះ​ពូជ‌ពង្ស​របស់​ទូល‌បង្គំ​ជា​បាវ​បម្រើ​ទ្រង់ នឹង​បាន​ពរ​នៅ​អស់‌កល្ប‌ជានិច្ច។